ភ្នំពេញៈ ប្រធាន​មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា​ CMAC លោក​ ហេង រតនា កាលពី​ថ្ងៃទី​ ៣ ខែ​​ មីនា ឆ្នាំ​ ២០២១ បាន​អំពាវនាវ​ជាថ្មី​ម្ដងទៀត​ដល់​ពលរដ្ឋ​ឱ្យ​បញ្ឈប់​ការរុករាន និង​ឈូសឆាយដី​ទាំង​ប្រថុយប្រថាន​នៅក្នុង​តំបន់​ដែលមាន​សំណល់​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​សល់​ពី​សង្គ្រាម បើទោះ​ជា​ធ្លាប់​ធ្វើ​ទាហាន ហើយ​មាន​បទពិសោធ​ខ្លះ​ក្នុង​ការដោះ និង​ដាក់​មីន​ក៏ដោយ​។

លោក​បាន​ថ្លែងថា​៖ «​ការឈូសឆាយ និង​រុករាន​ដី​តំបន់​មាន​សំណល់​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ដោយ​ភាពប្រថុយប្រថាន​នឹង​បង្ក​គ្រោះថ្នាក់​ស្លាប់​ ឬ​រងរបួស​ដល់​ខ្លួនឯង និង​អ្នកដទៃ​ព្រមទាំង​ខាតបង់​ទ្រព្យសម្បតិ្ត​ផងដែរ​»​។

បើតាម​លោក រតនា កាលពី​ថ្ងៃទី​ ១ ខែ មីនា ឆ្នាំ​ ២០២១ ក្រុម​មន្ត្រី​ជំនាញ​នៃ​កងឯកភាព​កំចាត់មីន​ទី​៦ បាន​ប្រទះឃើញ​គ្រាប់មីនតោន​ចំនួន​ ១ ​គ្រាប់ ត្រូវបាន​គេ​យក​មក​ចង​ព្យួរ​លើ​មែកឈើ​ក្បែរ​ផ្លូវលំ​មួយ​នៅក្នុង​តំបន់​ប្រាសាទក្រហម​សែនជ័យ ឃុំ​ព្រះប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ហើយ​នៅ​ក្បែរ​គល់ឈើ​នោះ​មាន​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដែលជា​សំណល់​នៃ​សង្គ្រាម​មួយចំនួន​ទៀត​។

លោក​បាន​បន្តថា បន្ទាប់មក​ក្រុមមន្ត្រី​ជំនាញ​ក៏បាន​សាកសួរ​ប្រមូល​ព័ត៌មាន​ពី​គ្រាប់​ទាំងនោះ ស្រាប់តែ​មាន​អ្នកភូមិ​ ៤-៥ ​នាក់ ​បាន​អួត​ប្រាប់​មន្ត្រី​ជំនាញ​ថា​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​ទាំងនោះ​គឺ​ពួកគាត់​ប្រមូល​មកពី​ក្នុង​ដីចម្ការ​ដែល​ទើប​រុករាន​ថ្មី ព្រោះ​កន្លងមក​ពួកគាត់​ធ្លាប់​ធ្វើ​ទាហាន និង​ចេះ​ដាក់ និង​ដោះមីន​នេះ​ផងដែរ​។

លោក រតនា បាន​បញ្ជាក់​ថា មិនតែប៉ុណ្ណោះ ក្រុម​អ្នកភូមិ​ទាំងនោះ​ថែមទាំង​បាន​និយាយ​ចំអក​ដាក់​ក្រុមមន្ត្រី​ជំនាញ​នៃ​កងឯកភាព​កំចាត់មីន​ទី​៦ ​ថា ពួកគាត់​យក​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​មក​ព្យួរ និង​ដាក់​ក្បែរ​គល់ឈើ​ជាប់​ផ្លូវ​បែប​នេះ គឺ​ដើម្បី​ «​កុំឱ្យ​ក្រុមមន្ត្រី​ជំនាញ CMAC ពិបាក​រាវរក​...​គ្រាន់តែ​ជួយ​យក​ទៅ​កម្ទេចចោល​បាន​ហើយ​»​។

លោក​បាន​បន្តថា ទន្ទឹម​នឹង​នេះ​​ក្រុម​អ្នកភូមិ​ទាំងនោះ​នៅបាន​អះអាង​ទៀតថា ដីចម្ការ​រុករាន​ថ្មី​របស់​ពួកគាត់​គ្មាន​បញ្ហា​គ្រាប់មីន​កប់​ក្នុង​ដី​ទៀត​ទេ​។ ​ក៏ប៉ុន្តែ​ក្រុមមន្ត្រី​ជំនាញ​មិន​ពឹងផ្អែក​តែ​លើ​ព័ត៌មាន​ផ្ទាល់មាត់​របស់​អ្នកភូមិ​ប៉ុន្មាន​នាក់​នេះ​ទេ​។ ផ្អែកលើ​គ្រាប់​ដែល​អ្នកភូមិ​រុករក​ឃើញ​ និង​យកមក​ចង​ព្យួរ​ទាំងនោះ​គឺជា​ភ័ស្ដុតាង​មួយ​ដែល​បង្ហាញថា​ «​តំបន់​នោះ​ជា​តំបន់​ចម្ការមីន​យ៉ាងពិត​ប្រាកដ​»​។

ដោយ​មិន​បង្អង់​យូរ​ក្រុមមន្ត្រី​នៃ​កងឯកភាព​កំចាត់មីន​ទី​៦ ​របស់​មជ្ឈមណ្ឌល​កំចាត់​មីន CMAC ​ដែល​មាន​ជំនាញ និង​ឧបករណ៍​បច្ចេកទេស​ទំនើប​ច្បាស់លាស់​​ក៏បាន​ចាប់ផ្តើម​បើកផ្លូវ​សុវត្ថិភាព​រាវ​ចូលក្នុង​តំបន់​ដី​ខាងលើ​​ក៏បាន​ប្រទះឃើញ​គ្រាប់​មីនតោន​កប់​ក្នុង​ដី​ចំនួន​ ២, ​គ្រាប់​កាំភ្លើង​ប្រភេទ​ ៦០ ​ម.ម ​ចំនួន​ ៥,​ គ្រាប់ឡង់​ (AT67) ​ចំនួន​ ៤ និង​គ្រាប់មីន​ប្រឆាំង​មនុស្ស​ (Mine type 69) ​ចំនួន​ ១ ​ថែមទៀត​។ ​នេះ​បើតាម​លោក ម៉ិញ ស្រ៊ន ប្រធាន​កងឯកភាព​កំចាត់មីន​ទី​ ៦ កាលពី​ថ្ងៃទី​ ៣ មីនា​។

លោក ស្រ៊ន បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា នៅពេល​ពួកគាត់​ឃើញ​ដូច្នោះ​ក៏បាន​លើកដៃ​អេះ​ក្បាល និង​បន្ទោស​គ្នា​ទៅវិញ​ទៅមក​ថា​ «​ប្រាប់​ហើយ​កុំឱ្យ​អួតអាង​ពេក ប្រយ័ត្ន​សល់​ផ្ទុះ​ងាប់ ឥឡូវ​សល់​មែន​» រួច​ពួកគាត់​ក៏បាន​នាំគ្នា​ដើរគេច​ចេញទៅ​បាត់​។

លោក​បាន​បន្តថា​៖ «​តំបន់​នោះ​ពិតជា​តំបន់​ចម្ការមីន​ដែល​នៅ​មិនទាន់​បាន​បោសសម្អាត​បាន​ ១០០ ​ភាគរយ​នោះទេ​»​។

ជាមួយ​គ្នា​នេះ​លោក ហេង រតនា បាន​រំឭកថា ផ្ទៃដី​ចម្ការមីន​ និង​គ្រាប់​មិនទាន់​ផ្ទុះ​សំណល់​ពី​​សង្គ្រាម​អាចមាន​សុវត្ថិ​ភាពល្អ​បាន​លុះត្រាតែ​មាន​ការបោសសម្អាត​ដោយ​ប្រើ​សម្ភារ​បច្ចេកទេស​សមស្រប​មាន​នីតិវិធី​ត្រឹមត្រូវ​ និង​មាន​ការត្រួតពិនិត្យ​ច្បាស់លាស់​ទើប​ធានា​សុវត្ថិភាព​បាន​ ១០០ ​ភាគរយ​៕