ភ្នំពេញៈ ក្នុង​គម្រប់​ខួប​លើក​ទី​៥៣ ថ្ងៃទី​ ៨ សីហា ដែល​ជា​ថ្ងៃ​បង្កើត​អាស៊ាន ប្រមុខ​ការទូត​កម្ពុជា លោក​ ប្រាក់ សុខុន បាន​ផ្ញើ​សារ​អបអរសាទរ​ថ្ងៃ​បង្កើត​សមាគម​អាស៊ាន ដោយ​បាន​លើកឡើង​ពី​កាលានុវត្តភាព​នៃ​ការអភិវឌ្ឍ និង​ភាពរីកចម្រើន​របស់​ប្រទេស​កម្ពុជា និង​ការវិវឌ្ឍ​ឈាន​ទៅ​មុខ​របស់​អាស៊ាន​ប្រកប​ដោយ​ជោគជ័យ​។

សារអបអរសាទរ​អាស៊ាន​ចេញ​កាលពី​ថ្ងៃទី​ ៨ សីហា របស់​ឧបនាយករដ្ឋមន្ត្រី និង ជា​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​លោក​ ប្រាក់ សុខុន សរសេរ​ថា​ថ្ងៃទី​ ៨ សីហា​ ជា​ការប្រារព្ធ​ខួប​លើក​ទី​​៥៣ ​ឆ្នាំ ​នៃ​ការបង្កើត​អាស៊ាន​ក្រោម​ស្រមោល​នៃ​វិបត្តិ​សកល​ផ្ទួនៗ​ដែល​បណ្តាល​មកពី​ជំងឺ​រាតត្បាត​កូវីដ ​១៩ និង​ការប្រឈមមុខ​ដាក់គ្នា​ដ៏តានតឹង​រវាង​ប្រទេស​មហាអំណាច​។

សារលិខិត​បន្តថា​៖ «​នៅពេល​ដែល​អាស៊ាន​ត្រូវ​បាន​បង្កើតឡើង​នៅ​ឆ្នាំ​ ១៩៦៧ សង្គ្រាម​ត្រជាក់​បាន​ជះឥទ្ធិពល​ពាសពេញ​ពិភពលោក ហើយ​តំបន់​របស់​យើង​ក៏​ញាំញី​ទៅដោយ​សភាពការណ៍​តានតឹង​។ ចាប់តាំងពី​ការបង្កើត​នោះមក អាស៊ាន​បាន​វិវឌ្ឍ​ឈាន​ទៅមុខ​ប្រកប​ដោយ​ជោគជ័យ ត្រចះត្រចង់ ហើយ​បាន​ពង្រីក​ទាំង​ទំហំ និង​វិសាលភាព​គ្រប​ដណ្តប់​របស់ខ្លួន​»​។

ផ្តើម​ចេញពី​បំណង​ប្រាថ្នា​ការពារ និង​លើកកម្ពស់​ការអភិវឌ្ឍ​ប្រកប​ដោយ​សន្តិភាព​ក្នុង​តំបន់​អាស៊ាន​បានទទួល​ជោគជ័យ​ក្នុង​ការបង្ការ​ទប់ស្កាត់​ការឡើង​កម្តៅ​ពី​ការប្រឈមមុខ​ដាក់គ្នា​ និង​ការបង្ការ​ជម្លោះ​នានា​មិន​ឲ្យ​រីករាលដាល​ក្លាយ​ទៅ​ជា​សង្គ្រាម​តាមរយៈ​មធ្យោបាយ​សន្តិភាព និង​ការទូត​។

សារលិខិត​ក៏បញ្ជាក់​ដែរ​ថា​៖ «​ក្រោម​ការដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន កម្ពុជា​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​របស់ខ្លួន​ទាំងស្រុង​ក្នុង​ឆ្នាំ​ ១៩៩៨ និង​បាន​ក្លាយ​ជា​សមាជិក​ចុងក្រោយ​របស់​គ្រួសារ​អាស៊ាន​ក្នុង​ឆ្នាំ​ ១៩៩៩»​។

លោក​ ប្រាក់ សុខុន ​លើកឡើង​ក្នុង​លិខិត​ថា ធម្មនុញ្ញ​អាស៊ាន​ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​ ១៥ ធ្នូ ឆ្នាំ​ ២០០៨ បានផ្តល់​ឲ្យ​អាស៊ាន​នូវ​មូលដ្ឋានគ្រឹះ​ថ្មី​មួយ​ទៀត​សម្រាប់​ការបោះ​ជំហាន​ប្រកបដោយ​ស្ថិរភាព​ឆ្ពោះ​ទៅ​កាន់​ការបង្កើត​សហគមន៍​អាស៊ាន​នៅ​ឆ្នាំ​ ២០១៥​។ ជាមួយ​នឹង​ការដាក់បញ្ចូល​កម្ពុជា​ជា​សមាជិក​របស់ខ្លួន អាស៊ាន​មាន​វិសាលភាព​គ្របដណ្តប់​លើ​ប្រទេស​ទាំង​ ១០ ​ដែលមាន​ចរិតលក្ខណ​ពិសេស​ដោយឡែក​របស់ខ្លួន និង​ពោរពេញ​ដោយ​ភាពចម្រុះ​ទាំង​ផ្នែក​រចនាសម្ព័ន្ធ​សង្គម សេដ្ឋកិច្ច និង​នយោបាយ​។

លោក​បន្តថា​៖ «​ហើយ​នេះ​ជា​អ្វីដែល​យើង​គ្រប់គ្នា​លើកឡើង​ថា​ជា​ «​ឯកភាព​ក្នុង​ភាព​ចម្រុះ​» ​ដែល​នេះ​ជា​កត្តារួម​ចំណែក​ដ៏សំខាន់​ដល់​ភាពធន់​របស់​អាស៊ាន និង​ស្មារតី​រួបរួមគ្នា​ដ៏ជ្រាលជ្រៅ​»​។

លក្ខណសម្បត្តិ​ដ៏ពិសេស​មួយ​របស់​អាស៊ាន គឺ​អភិក្រម​ផ្អែកលើ​គោលការណ៍​កុងសង់ស៊ីស​ដែល​ធានា​បាន​ថា ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​មាន​សំឡេង​មួយ​ស្មើៗ​គ្នា មិន​ថា​ប្រទេស​នោះ​ធំ​ ឬ​តូច​ ឬ​មាន​សេដ្ឋកិច្ច​ខ្លាំង ឬ​ខ្សោយ​នោះទេ​។

អ្នកវិភាគ​បញ្ហា​នយោបាយ និង​សង្គម លោក​ ឯម សុវណ្ណារ៉ា ថ្លែង​ពី​ម្សិលមិញ​ថា អាស៊ាន​ជា​អង្គការ​ក្នុង​តំបន់​មួយ​ដែល​មាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​ប្រទេស​តំបន់​អឺរ៉ុប និង​ប្រទេស​មួយចំនួន​លើ​សកលលោក​។ ក្នុងនោះ​អាស៊ាន​បាន​ដាក់ចេញ​នូវ​គោលការណ៍​គ្រឹះ ឬ​ហៅថា សសរស្ដម្ភ​ចំនួន​ ៣ ​ចំណុច​រួមមាន នយោបាយ សន្ដិសុខ និង​វប្បធម៌ សេដ្ឋកិច្ច​។

លោក​ថា សសរស្ដម្ភ​ទាំង​ ៣ ត្រូវ​បាន​គេ​មើលឃើញ​ថា គោលដៅ​ទាំង​ ៣ ​នេះ​ក្រុម​សមាជិក​អាស៊ាន​នៅ​មិនទាន់​បាន​អនុវត្ត​ជោគជ័យ​ទាំងស្រុង​នៅឡើយ​ទេ​។ មានន័យថា គំនិត​ផ្ដួច​ផ្ដើម​ធ្វើ​សមាហរណកម្ម​ឲ្យ​ក្លាយជា​សហគមន៍​អាស៊ាន​កាលពី​ឆ្នាំ​ ២០១៥ គឺ​ត្រូវបាន​ពន្យារពេល​រហូតដល់​ឆ្នាំ​ ២០២០ ​ទៅហើយ ទើបតែ​ទទួល​បាន​ជោគជ័យ​សមាហរណកម្ម​សេដ្ឋកិច្ច​មួយ​ប៉ុណ្ណោះ​។ ប៉ុន្ដែ​បញ្ហានយោបាយ និង​សន្ដិសុខ​មិនទាន់​អាចធ្វើ​បាន​នៅឡើយ ដោយសារ​អង្គការ​តំបន់​មួយ​នេះ​នៅមាន​ភាពមិន​សូវ​ស៊ីចង្វាក់​គ្នា ឬ​មិនមាន​ចិត្ត​រួមគ្នា​តែមួយ​។

លោក​ថា​៖ «​ជាក់ស្ដែង​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​មាន​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​ប្រ៊ុយណេ កំពុង​តតាំង​ជាមួយ​ចិន​រឿង​ទំនាស់​ដែនសមុទ្រ​នេះ​។ រីឯ​កម្ពុជា និង​ឡាវ​ហាក់​មាន​ជំហរ​ទោរ​ទៅខាង​ចិន ចំពោះ​ ៤ ​ប្រទេស​ផ្សេងទៀត​កំពុង​ឈរ​មើល​ចាំ​ទទួល​យក​ផលប្រយោជន៍​ពី​ចិន និង​ភាគី​ទំនាស់​»​។

លោក​បន្តថា​៖ «​កម្ពុជា​ហាក់​មាន​ភាពឯកា ក្រោយពី​កើតរឿង​កាលពី​ថ្ងៃទី​ ៥ ​ឬ​៦ ខែ​កក្កដា ឆ្នាំ​ ១៩៩៧ ដោយសារ​កម្ពុជា​ចូល​អាស៊ាន​ក្រោយ​គេ ហើយ​នៅមាន​បញ្ហា​បែបនេះ​ទៀត​។ ក្រោយមក​កម្ពុជា​ចាប់ផ្ដើម​អនុវត្ត​គោលនយោបាយ​ទាក់ទង​ការបរទេស​ដែល​ធ្វើឲ្យ​ស្ដារ​មុខមាត់​បាន​ឡើងវិញ​ខ្លះ ប៉ុន្ដែ​អ្វី​ដែល​កម្ពុជា​ទទួលបាន​ពី​អាស៊ាន គឺ​ហាក់​ដូចជា ទទួល​បាន​ផលតិចតួច​ណាស់ មិន​ដូច​នូវ​អ្វីដែល​យើង​ចង់​បានទេ​»​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា និង​ជា​អ្នកវិភាគ​បញ្ហានយោបាយ​ថ្លែង​ថា ការឯកភាព និង​ការអនុវត្ត​គោលនយោបាយ​សសរស្ដម្ភ​ទាំង​ ៣ ​របស់​អាស៊ាន​ហាក់​ដូចជា​មាន​ការលំបាក​ខ្លះ ដោយសារ​ការចូល​ពាក់ព័ន្ធ​ខ្លាំង​ពី​ប្រទេស​មហាអំណាច​ចិន និង​សហរដ្ឋអាមេរិក​ជុំវិញ​សមុទ្រ​ចិន​ខាងត្បូង និង​ការប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​។

លោក​ថា ប្រទេស​ក្នុង​អាស៊ាន​មួយចំនួន​កំពុង​ជាប់​ពាក់ព័ន្ធ​ទំនាស់​ដែនសមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ប្រទេស​ចិន រីឯ​សហរដ្ឋ​អាមេរិក​ដែល​ជា​មហាអំណាច​ក្រៅ​តំបន់​ក៏​ព្យាយាម​ភ្ជាប់​ខ្លួន​មក​ដែរ ដោយ​លើក​ទឹកចិត្ត​រដ្ឋ​ដែល​មាន​ទំនាស់​ដែនសមុទ្រ​ជាមួយ​ចិន ព្រមទាំង​បញ្ជូន​នាវាមុជទឹក ឬ​កងទ័ពជើងទឹក​មក​ក្បែរ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ជា​ការគំរាមកំហែង​ចិន​។

លោក​ថា​៖ «​ខ្ញុំ​គិតថា​កម្ពុជា​បាន​ជួយ​អាស៊ាន​ច្រើន និង​ក៏​ទទួល​បាន​ផលប្រយោជន៍ ច្រើន​ពី​អាស៊ាន​ដែរ​។ កម្ពុជា​ជួយ​អាស៊ាន​គឺ​ព្យាយាម​សម្របសម្រួល​បណ្ដា​ប្រទេស​មួយ​ចំនួន​ដែលមាន​ទំនាស់​ជាមួយ​ចិន និង​សម្របសម្រួល​ទំនាស់​ក្នុង​តំបន់​ដែរ ហើយ​ចំពោះ​ផលប្រយោជន៍​កម្ពុជា​បាន​ទទួល​ទំហំ​សេដ្ឋកិច្ច​ច្រើន និង​ធ្វើឲ្យ​មាន​ការទាក់ទាញ​ប្រទេស​នៅ​តំបន់​អឺរ៉ុប​»៕