ភ្នំពេញៈ លោក សាយ ឈុំ ប្រមុខរដ្ឋស្ដីទីពីម្សិលមិញបានទូលព្រះមហាក្សត្រពីការបញ្ចប់គោរមងារឧកញ៉ាពីលោក ឌួង ឆាយ ដែលជាអ្នកជំនួញវ័យក្មេងក្រោយពីបានបង្កអំពើហិង្សាក្នុងគ្រួសារ។ ការទូលថ្វាយនេះបានធ្វើឡើងនៅថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២១ តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
យោងតាមលិខិតប្រមុខរដ្ឋស្តីទីបានឱ្យដឹងថា៖ «ទូលព្រះបង្គំជាខ្ញុំ សូមព្រះរាជានុញ្ញាតទូលថ្វាយព្រះករុណាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ទ្រង់ព្រះរាជមេត្តាជ្រាបថា សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើសំណើ...មកទូលព្រះបង្គំជាខ្ញុំ ដើម្បីស្នើសុំបញ្ចប់គោរមងារ ឧកញ៉ាពីឧកញ៉ា ឌួង ឆាយ»។
ប្រតិកម្មនេះបានកើតឡើងក្រោយយប់ថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២១ អ្នកស្រី ដេត ម៉ាលីណា ជាអតីតភរិយាលោក ឌួង ឆាយ បានបង្ហោះសារ និងឃ្លីបវីដេអូ ដែលមានរយៈពេលជាង ១ ម៉ោងបង្ហាញអំពីសកម្មភាពប្រើអំពើហិង្សាក្នុងគ្រួសារ ដែលបង្កឡើងដោយលោក ឌួង ឆាយ មកលើរូបគាត់នៅចំពោះមុខកូនៗតាមរយៈការទះតប់ និងយកជើងធាក់ក្បាលស្ត្រីជាប្រពន្ធដែលបង្កឱ្យមានការភ្ញាក់ផ្អើល និងរិះគន់យ៉ាងធ្ងន់ធ្ងរពីមហាជន ដែលធ្លាប់គាំទ្រលោកកាលពីមុន។
តាមរយៈសារ និងឃ្លីបវីដេអូនោះលោក ហ៊ុន សែន បានបញ្ចេញមតិដោយបង្កប់នូវចម្ងល់ចំពោះទង្វើរបស់លោក ឌួង ឆាយ ដែលប្រើហិង្សាទៅលើស្ត្រីជាភរិយានោះដោយបានលើកជាសំណួរថា៖ «ហេតុអ្វីបានជា ឌួង ឆាយ ឃោរឃៅដល់កម្រិតនេះ?»។
ទន្ទឹមគ្នានេះ ក្រសួងកិច្ចការនារីនៅថ្ងៃម្សិលមិញក៏បានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយ ដោយបានថ្កោលទោស ចំពោះអំពើហិង្សាក្នុងគ្រួសារដែលបានកើតឡើងលើអ្នកស្រី ដេត ម៉ាលីណា តាមរយៈឃ្លីបវីដេអូ ដែលបានបង្ហោះតាមបណ្ដាញហ្វេសប៊ុកកាលពីយប់ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១ នោះផងដែរ ដោយបានបញ្ជាក់ថា អំពើហិង្សាគ្រប់ទម្រង់ និងគ្រប់រូបភាពណាក៏ដោយ ជាអំពើដែលមិនអាចទទួលយកបាន និងមិនអាចអត់ឱនឱ្យបានទេ ហើយជនរងគ្រោះ កូន និងអ្នកពាក់ព័ន្ធត្រូវទទួលបានកិច្ចការពារដោយច្បាប់ និងសេវាសង្គម ហើយជនប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
អំពើហិង្សាក្នុងគ្រួសារដែលបានកើតឡើង ចំពោះមុខកូនស្រី ប្រុសជាកុមារ ដោយផ្ទាល់ និង ឬ ដោយប្រយោលក្តីនឹងបង្កផលប៉ះពាល់ជាអវិជ្ជមានយ៉ាងខ្លាំងលើសតិអារម្មណ៍ បញ្ញាស្មារតី ព្រមទាំងការលូតលាស់ទាំងសុខភាព រូបរាងកាយ និងផ្លូវចិត្តរបស់កុមារ ជាពិសេសការដិតដាមនូវអំពើហិង្សាធ្ងន់ធ្ងរជាកត្តាជំរុញឱ្យកុមារនឹងអាចក្លាយទៅជាអ្នកប្រើប្រាស់អំពើហិង្សានៅពេលដែលពួកគេធំដឹងក្តី។
ឪពុក ម្តាយ មានកាតព្វកិច្ចជួយសង្គ្រោះគ្នា ឧបត្ថម្ភគ្នាទៅវិញទៅមក និងធ្វើជាគំរូដល់កូនៗក្នុងការដោះស្រាយបញ្ហាតាមបែបអហិង្សា ព្រមទាំងមានកាតព្វកិច្ចចិញ្ចឹមបីបាច់ ថែរក្សា និងអប់រំកូនៗឱ្យក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិដោយគោរពតាមស្មារតីនៃច្បាប់ ប្រពៃណី និងទំនៀមទម្លាប់ ជាពិសេសត្រូវចូលរួមលើកកម្ពស់ និងការពារសិទ្ធិស្ត្រី និងកុមារ។
ក្រសួងកិច្ចការនារីក៏បានអំពាវនាវដល់ជនរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ អំពើរំលោភសេពសន្ថវៈ អំពើជួញដូរមនុស្ស និងអំពើរំលោភបំពាន និងបៀតបៀនផ្លូវភេទគ្រប់ទម្រង់ និងគ្រប់រូបភាពផ្សេងៗ និងអ្នកបានដឹងអំពីបទល្មើសអស់ទាំងនេះ ជាពិសេសស្ត្រី និងកុមាររងគ្រោះសូមកុំនៅស្ងៀមស្ងាត់ និងលាក់ទុកបញ្ហាទាំងអស់នេះ។ ត្រូវបំបែកភាពស្ងៀមស្ងាត់ ត្រូវស្វែងរកជំនួយ ការគាំទ្រ និងកិច្ចអន្តរាគមន៍ផ្សេងៗ តាមរយៈការរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋានដែលនៅជិតបំផុត ឬមន្ទីរកិច្ចការនារីរាជធានី ខេត្តទាំង ២៥។ លោក ឌួងឆាយ បានសរសេរសារសូមទោសនូវរាល់កំហុសឆ្គងរបស់ខ្លួនដល់មហាជន និងទទួលស្គាល់កំហុសគ្រប់យ៉ាង៕
វីដេអូ៖