ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​ក្រើន​រំឭក​ជាថ្មី​ឱ្យ​ពលរដ្ឋ​បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការឆ្លង​កូវីដ ​១៩ ខណៈ​ក្រសួង​សុខាភិបាល​ព្រមាន​ថា កម្ពុជា​អាច​មាន​ករណី​ចម្លង​លើ​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​ដោយ​មិន​អនុវត្ត​វិធី​ការពារ​ខ្លួន​។

នៅ​ថ្ងៃទី​ ៦ មិថុនា ក្រសួង​សុខាភិបាល​បានប្រកាស​ពី​ការរកឃើញ​បុរស​ខ្មែរ-បារាំង​ថ្មី​ម្នាក់​ទៀត ​បាន​កើត​ជំងឺ​កូវីដ​ ១៩ ​ដែល​បាន​ធ្វើ​ដំណើរ​ពី​អង់គ្លេស​ឆ្លងកាត់​អាល្លឺម៉ង់ បារាំង និង​កូរ៉េ​ខាងត្បូង​មុន​មកដល់​កម្ពុជា​ពី​ថ្ងៃ​ទី​ ២៤ ខែឧសភា ដែល​ធ្វើឱ្យ​អ្នក​ឈឺ​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា​កើន​ដល់​ ១២៦ ​នាក់ ។

ក្រសួង​នេះ​បាន​បន្តថា ការរកឃើញ​ករណី​ឆ្លង​រប៉េះរប៉ោះ​នេះ​ធ្វើឱ្យ​ពិបាក​ស្មាន​ទុក​ពី​ការចម្លង និង​នៅតែ​ជា​ហានិភ័យ​សម្រាប់​សុខភាព​សាធារណៈ​ ខណៈ​ក្រសួង​សង្កេតឃើញ​ពលរដ្ឋ​មួយ​ចំនួន​ធ្វើដំណើរ​ពី​កន្លែង​ ១ ​ទៅ​កន្លែង​ ១ និង​ជួបជុំ​គ្នា​ច្រើន​ដោយ​ភ្លេច​ការពារ​ខ្លួន​ដែល​អាច​នាំឱ្យ​មាន​រលក​ទី​ ២​។

តាម​ក្រសួង​ថា​៖ «​ឥរិយាបថ​ធ្វេសប្រហែស និង​សន្ដិភាព​និយម​ជាមួយ​វីរុស​កូវីដ​ ១៩ បែប​នេះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​ជា​ហានិភ័យ​សុខភាព​សាធារណៈ​...»​។

ក្រសួង​សុខាភិបាល​បាន​ស្នើឱ្យ​ពលរដ្ឋ​គ្រប់រូប​ត្រូវ​បន្ត​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ អាល់កុល និង​ជែល​ឱ្យ​​បាន​ញឹកញាប់ ពាក់​ម៉ាស់ ឬ​ប្រើ​ក្រមា​ និង​កន្សែង​នៅពេល​កណ្ដាស់​ ឬ​ក្អក និង​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​បន្តទៀត​ដែល​ត្រូវ​រក្សា​ចម្ងាយ​ពីគ្នា​យ៉ាងតិច​ ១,៥ ​ម៉ែត្រ​ឡើងទៅ និង​ថា​អ្នក​ដែលមាន​ហានិភ័យ​ឆ្លង​ខ្ពស់​មាន​ចាស់ជរា អ្នកមាន​ជំងឺ​ប្រចាំកាយ ស្ដ្រី​មាន​ផ្ទៃពោះ និង​កុមារ​តូច ដែល​មិន​ត្រូវ​ឱ្យ​ចូលរួម​ធ្វើដំណើរ ឬ​ជួបជុំគ្នា​ឡើយ​។

ជាមួយ​នេះ​ដែរ​កាលពី​ម្សិលមិញ​លោក ហ៊ុន សែន ក៏បាន​សរសេរ​លើ​ហ្វេសប៊ុក ក្រើន​រំឭក​ពលរដ្ឋ​ឱ្យចូលរួម​ទប់ស្កាត់​ជំងឺ​កូវីដ ​១៩ ផង​ដែរ ជាពិសេស​អ្នកធ្វើ​ដំណើរ​កម្សាន្ត​ទៅ​តាម​តំបន់​រមណីយដ្ឋាន​នានា​។

លោក​បញ្ជាក់ថា​៖ «​កុំ​ធ្វេសប្រហែស​ឲ្យ​សោះ​ ឬ​គិត​លេងៗ​ថា មិន​អី​ទេ ប្រទេស​យើង​មិន​ឆ្លង​ទេ នោះ​គឺ​កំពុង​ប្រថុយ​នឹង​គ្រោះថ្នាក់​ធំ​ហើយ​។ ជំងឺ​កូវីដ​១៩​ដ៏កាចសាហាវ​នេះ​កំពុង​ឆ្លង​រាតត្បាត​នៅ​ពាសពេញ​ពិភពលោក ដែល​មិនទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ​។ ដូច្នេះ​គ្រប់គ្នា​ត្រូវ​ប្រុងប្រយ័ត្ន​ការពារ​សុខភាព​»​។

កាលពី​ថ្ងៃទី​ ២០ ឧសភា រដ្ឋាភិបាល​បាន​ប្រកាស​ថា រាល់​អ្នកដំណើរ​ដែល​ចូល​កម្ពុជា​ដល់​ព្រលានយន្តហោះ​ភ្លាម​ត្រូវ​បញ្ជូន​ទៅ​កន្លែង​រង់ចាំ​ដើម្បី​យក​សំណាក​ធ្វើតេស្ត​នៅ​ប៉ាស្ទ័រ មុន​សម្រេច​ឱ្យធ្វើ​ចត្តាឡីស័ក​តាម​ផ្ទះ ឬ​នៅ​កន្លែង​ដែល​រៀបចំ​ដោយ​អាជ្ញាធរ​។

ការអនុវត្ត​វិធានការ​នេះ ខណៈ​ច្រើន​លើសលប់​នៃ​អ្នកជំងឺ​ទាំង​ ១២៦ គឺជា​ករណី​នាំចូល​ពី​ក្រៅ​ស្របពេល​រដ្ឋាភិបាល​កំពុង​ព្យាយាម​កុំឱ្យ​មាន​ការចម្លង​មកពី​អ្នក​នៅក្រៅ​ប្រទេស​។

កាលពី​ថ្ងៃទី​ ៥ មិថុនា ក្រសួង​សុខាភិបាល​បានរៀបចំ​កន្លែង​រង់ចាំ​យក​សំណាក​ ១០ ​កន្លែង​ក្នុង​ព្រលានយន្តហោះ ភ្នំពេញ​ដើម្បី​កាត់បន្ថយ​ការលំបាក​ដោយសារ​កន្លង​មក​អ្នកដំណើរ​ត្រូវ​បាន​បញ្ជូន​ទៅ​នៅ​កន្លែង​រង់ចាំ​ខាងក្រៅ​ព្រលាន​ដូចជា នៅ​ទ័ពអាកាស​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែក្រោម​និង​នៅ​វិទ្យាល័យ​ហ៊ុនសែន​ជម្ពូវ័ន​។

រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​លោកស្រី ឱ វណ្ណឌីន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ក្នុង​ចំណោម​ព្រលានយន្តហោះ​អន្តរជាតិ​ទាំង​ ៣ គឺ​មានតែ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ទេ ដែល​រៀបចំ​កន្លែង​រង់ចាំ យក​សំណាក​ទៅធ្វើ​តេស្ដ​។

លោកស្រី​ថា​៖ «​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ក្រុងព្រះសីហនុ​នឹង​ត្រៀម​រៀបចំ​នៅពេល​ខាងមុខ​នេះ ហើយ​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប មិនទាន់​មាន​ជើងហោះហើរ​ចុះ​នៅ​ឡើយ​ទេ ប៉ុន្តែ​បើ​មាន​យើង​គ្រោង​នឹង​រៀបចំ​ឱ្យមាន​ដូចគ្នា​»​។

លោក​ ខែក នរិន្ទដា ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណៈ​នៅ​ក្រុមហ៊ុន Cambodia Airport បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ដែរ​ថា រយៈពេល​​ ១ ​ខែ​ឧសភា​ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ទាំង​ ៣ ​គឺ​មាន​អ្នកដំណើរ​ចេញ-ចូល​ជា​មធ្យម​ ៥៨៥ ​នាក់​ក្នុង​ ១ ​ថ្ងៃ​ដែល​ធ្លាក់​​ចុះ​ ៩៨ ​ភាគរយ បើ​ធៀប​រយៈពេល​​ដូចគ្នា​កាលពី​ឆ្នាំមុន​។

លោក​បន្តថា អ្នកដំណើរ​ទាំងនោះ​គឺ​មកពី​ទីក្រុង​មួយចំនួន​របស់​ចិន ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង និង​អ្នក​ក្នុងស្រុក​ដែល​ធ្វើដំណើរ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ទៅ​មកពី​ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប​។

លោក​ថា​៖ «​ជិត​ ១ ​សប្ដាហ៍​នៃ​ខែ​មិថុនា​នេះ មិន​មាន​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ចំពោះ​ការចរាចរ​របស់​អ្នកដំណើរ​នៅ​អាកាសយានដ្ឋាន​ទាំង​ ៣ ​នោះ​ទេ ពោលគឺ​ចាប់ពី​ថ្ងៃទី​ ១ ​ដល់​ថ្ងៃទី​ ២ ខែ​មិថុនា ចំនួន​អ្នកដំណើរ​ថយចុះ​ ៩៧ ​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៩»៕