ភ្នំពេញៈ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករសម្រាប់ឆ្នាំ ២០២០ ត្រូវឡើងដល់ ១៩០ ដុល្លារ ខណៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រកាសថា ប្រាក់ឈ្នួលនេះបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗនឹងទទួលបានចន្លោះពី ២០៧ ទៅដល់ ២១៨ ដុល្លារ។
យ៉ាងណាចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរមាថ្មីនេះ សហជីពមួយចំនួនស្វាគមន៍ ខណៈមួយចំនួនថា នៅមិនទាន់អាចជួយធ្វើឲ្យជីវភាពបាន ល្អប្រសើរហើយបានទាមទារឲ្យទប់ស្កាត់ការឡើងថ្លៃទំនិញ និងផ្ទះជួលរបស់កម្មករ។
កាលថ្ងៃទី ១៨ កញ្ញា ឆ្នាំនេះក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានជួបពិភាក្សាគ្នាដើម្បីរកចំណុចរួមមួយក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនៅឆ្នាំ ២០២០ ដោយក្នុងនោះសហជីពស្នើ ១៩៥ ដុល្លារ ភាគីនិយោជកស្នើ ១៨៦ ដុល្លារ រីឯរដ្ឋាភិបាលបានស្នើ ១៨៧ ដុល្លារ។
ក្រោយពីពុំមានចំណុចរួមការដោះស្រាយត្រូវបានធ្វើឡើងតាមរយៈការបោះឆ្នោតកាលពីថ្ងៃសប្តាហ៍មុនដោយ ៤៣ សំឡេងលើ ៥១ គាំទ្រ តួលេខ ១៨៧ ដុល្លារ និង ៨ សំឡេងលើ ៥១ គាំទ្រតួលេខ ១៩៥ ដុល្លារ ខណៈតួលេខ ១៨៦ ដុល្លាររបស់និយោជកគ្មានសំឡេងឆ្នោត។
ក្រោយទទួលលទ្ធផលឆ្នោតលើតួលេខ ១៨៧ ដុល្លារ ដែលមានសំឡេងគាំទ្រច្រើនជាងគេក៏ត្រូវបានបញ្ជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយលោកក៏សម្រេចបន្ថែម ៣ ដុល្លារទៀតរហូតឡើងដល់ ១៩០ ដុល្លារ សម្រាប់ឆ្នាំក្រោយ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារកាលពីថ្ងៃសុក្របានលើកឡើងថា ចាប់ពីថ្ងៃទី ១ មករា ឆ្នាំ ២០២០ កម្មករពេញសិទ្ធិនឹងមានប្រាក់ឈ្នួលអប្បបរមា ១៩០ ដុល្លារក្នុង ១ ខែ។ ចំណែកអ្នកសាកល្បងក្នុងវិស័យនេះនឹងទទួលប្រាប់ឈ្នួលចំនួន ១៨៥ ដុល្លារ។
ក្រសួងការងារបានបញ្ជាក់ថា ចំពោះប្រាក់អត្ថប្រយោជន៍ដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមកត្រូវបានរក្សាទុកដដែលមានដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ ដុល្លារ និងប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ ដុល្លារក្នុង ១ ខែរួមទាំងប្រាក់ថ្លៃបាយសម្រាប់ការធ្វើការបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន ២ ០០០ រៀល ក្នុង ១ ថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ និងប្រាក់រង្វាន់អតីតភាពការងារចន្លោះពី ២ ដុល្លារដល់ ១១ ដុល្លារក្នុង ១ ខែសម្រាប់កម្មករដែលធ្វើការចាប់ពីឆ្នាំទី ២ ដល់ឆ្នាំទី ១១។
ក្រសួងបញ្ជាក់ក្នុងលិខិតបន្តថា៖ «ដូចនេះជាមធ្យមកម្មករនិយោជិតម្នាក់ៗនឹងទទួលបានប្រាក់បៀវត្សរ៍យ៉ាងតិចចំនួនពី ២០៧ ដុល្លារ ដល់ ២១៨ ដុល្លារ ក្នុង ១ ខែ»។
លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជាបានថ្លែងពីម្សិលមិញថា ប្រាក់ឈ្នួលប៉ុណ្ណេះ មិនទាន់អាចឲ្យកម្មករមានជីវភាពល្អទេ ហើយបើប្រៀបធៀបជាមួយប្រទេសជិតខាងខ្លះដែលមានប្រាក់ឈ្នួលប្រហែលនឹងកម្ពុជា ប៉ុន្តែតម្លៃទំនិញលើទីផ្សារនៅកម្ពុជាខ្ពស់ជាងប្រទេសទាំងនោះ។
លោកស្រីបញ្ជាក់ថា៖ «ឲ្យខ្ញុំសប្បាយចិត្តនឹងការដំឡើងប្រាក់ឈ្នួលសម្រាប់កម្មករប៉ុណ្ណឹង ខ្ញុំមិនទាន់សប្បាយចិត្តនៅក្នុងការទទួលទេ។ ព្រោះយើងដឹងថា រោងចក្រអាចមានលទ្ធភាពដំឡើងលើសហ្នឹងទៀត...»។
ចំណែកលោក ជួន មុំថុល ប្រធានសហព័ន្ធសហជីពខ្មែរដែលសាទរចំពោះប្រាក់ឈ្នួលឆ្នាំក្រោយនេះ បានថ្លែងថាលោកនៅតែចង់ឲ្យរដ្ឋាភិបាលទប់ស្កាត់រឿងទំនិញឡើងថ្លៃ និងបន្តរក្សាតម្លៃទឹកភ្លើង ជាពិសេសតម្លៃផ្ទះជួលរបស់កម្មករដោយលោកចាត់ទុកថានឹងធ្វើឲ្យជីវភាពកម្មករបានហើយបានស្នើឲ្យគិតគូរពីសុវត្ថិភាពដឹកជញ្ជូនផងដែរ។
លោកបញ្ជាក់ថា៖ «សំណើហ្នឹង សំណើរបស់យើងទាំងអស់គ្នា យើងចង់ឲ្យរដ្ឋាភិបាលហ្នឹងជួយជំរុញ និងគិតគូរឡានឲ្យមានសុវត្ថិភាពសម្រាប់បងប្អូនកម្មករ ហើយឲ្យមានអាហារថ្ងៃត្រង់ជូនបងប្អូនញ៉ាំតែម្ដងទៅ»។
យ៉ាងណា លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ក្រៅពីការសម្រេចនេះក្រសួងនឹងសម្របសម្រួលពិនិត្យលើសំណើនានាដែលបានស្នើឡើងបន្តទៀត៕