ភ្នំពេញៈ ក្រុម​អ្នកស្រាវជ្រាវ​ប្រវត្តិ​សាស្ត្រ​កម្ពុជា ​បាន​រកឃើញ​ប្រាសាទ​បុរាណ​ថ្មី​មួយទៀត ​ដែលមាន​ឈ្មោះថា​ «ប្រា​សា​ទ​កំពង់​ដំរី» ​នៅក្នុង​តំបន់​ទីក្រុង​បុរាណ​ស​ម្ភុបុ​រៈដែល មាន​ទីតាំងនៅ​ភូមិ​កំពង់​ដំរី​ ឃុំ​បឹង​ចារ ​ស្រុក​សំបូរ​ខេត្ត​ក្រចេះ ​ដោ​យ​ប្រើ​ពេលវេលា​ចាប់តាំង​ពី​ឆ្នាំ ២០១៥ ​ខណៈ​រូប​បដិមា​ធំ​មួយ​ប្រវែង​បណ្តោយ ១១៤​ សង់​ទីម៉ែត្រ ​ក៏ត្រូវបាន​រកឃើញ​នៅ​ខេត្ត​សៀមរាប​ផងដែរ។

ការបង្ហាញ​នេះ ​ត្រូវបាន​ធ្វើឡើង ​ក្នុង​កម្មវិធី​ស​ន្និសីទ​កាសែត​មួយ​ស្ដីពី ​«ប្រាសាទ​កំពង់​ដំរី ​ប្រាសាទ​ថ្មី​មួយ​ទៀត ​ទើប​រកឃើញ​នៅ​ក្រុង​សម្ភុបុរៈ ​(ខេត្ត​ក្រចេះ)» ​ដើម្បី​បង្ហាញ​ពី​ការ​ខិត​ខំ​ស្រាវជ្រាវ​រកឃើញ​ប្រាសាទ​នេះ ​ព្រម​ទាំង​រកឃើញ​របក​គំហើញ​វត្ថុ​បុ​រាណ​ថ្មីៗ​ជាច្រើន​ប្រភេទ​ទៀត​ផ្សព្វផ្សាយ​ជា​សាធារណៈ។ ​កម្មវិធី​នេះ​ មានការចូលរួម​ពី​ព្រះសង្ឃ ​មន្ត្រី​រាជការ ​និង​សិស្សា​នុសិស្ស ​ប្រមាណ​ជិត ​៥០ អង្គ ​និង​នាក់​ ដែលរៀបចំ​ឡើងនៅ​ពុទ្ធសាសន​​បណ្ឌិត្យ ​រាជធានី​ភ្នំពេញ។

លោក​បណ្ឌិត ធុ​យ ចាន់​ធួន​ អនុប្រធាន​វិទ្យាស្ថាន​វប្បធម៌ និង​វិចិត្រ​សិល្បៈ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ​និង​ជា​អនុប្រធាន​សមាគម​អ្នក​ប្រ​វត្តិសាស្ត្រ​កម្ពុជា ​ដែលជា​អ្នកដឹកនាំ​កិច្ចការ​ស្រាវជ្រាវ​រក​ប្រាសាទ​នេះ​​ថ្លែងថា ​ប្រាសាទ​កំពង់​ដំរី​ ត្រូវ​បាន​រកឃើញ​នៅភូមិ​កំពង់​ដំរី ​ឃុំ​បឹង​ចារ ​ស្រុក​សំបូរ​ខេត្ត​ក្រចេះ ​និង​ជា​តំបន់​ទីក្រុង​បុរាណ​ឈ្មោះ ​សម្ភុបុរៈ ​ក្នុង​រជ្ជកាល​ចេនឡា។

លោក​បន្តថា ​ក្រុមការងារ​បានធ្វើកា​រ​ងារ​យ៉ាងសកម្ម​ទៅលើ​ទីក្រុង​បុរាណ ​ប្រាសាទ​បុរាណ​ រមណីយ​ដ្ឋាន​ប្រវត្តិ​សាស្ត្រ​ និង​ទីតាំង​បុរាណ​ស្ថាន​ដែល​មាន​ទំនាក់ទំនង​នឹង​អរិយធម៌​ចេនឡា​ ដោយ​ចាប់ផ្ដើម​ពី​ឆ្នាំ ២០១៥ មក​ម្ល៉េះ។

ក្រុម​ការងារ​បាន​រក​ឃើញ​គ្រឹះ​ប្រាសាទ​ឥដ្ឋ​ដុត នៅជាប់​មាត់ច្រាំង​ទន្លេ​មេគង្គ​ត្រើយ​ខាងលិច​របស់​កោះ​រងាវ ​ចម្ងាយ​ប្រហែល​ ២០០​ ម៉ែ​ត្រ ពី​ច្រាំង​ទន្លេ ​លើ​ខឿន​មាន​ទំហំ​ដី​ប្រមាណ​ ៥០ ម៉ែត្រ​ ៤​ ជ្រុង។ វា​ជា​ប្រាសាទ​មាន​គ្រឹះ​ត្រឹម​តែមួយ​ ទំហំ​ប្រមាណ ​១០ ​ម៉ែ​ត្រ​ ៤ ​ជ្រុង ​តែ​នៅ​ខាងកើត​គ្រឹះ​ប្រាសាទ​នេះ​ប្រហែល​ ៤០ ម៉ែត្រ ​ក៏មាន​កូន​គ្រឹះ​ប្រាសាទ​ឥដ្ឋ​មួយ​ទៀត​នៅ​គែម​ខឿន។

លោក​បណ្ឌិត ​ធុយ ចាន់​ធួន ​បញ្ជាក់​ថា​៖ «ក្រៅពី​ប្រាសាទ​ដែល​ទើប​រកឃើញ​​នេះ ​ក្រុមការងារ​យើង​បាន​រកឃើញ​សម្ភារ​នៅក្នុង​តំបន់​ប្រាសាទ​មួយចំនួន​ទៀត​ ដូចជា ​ទម្រ​បដិមា ​ឬ​ទម្រ​លិង្គ ​ពុម្ព​ថ្ម ​មេ​ទ្វារ​ដួលរលំ ​ប្រដាប់​ដុស​ឱសថ​បុរាណ​ និង​វត្ថុ​ប្រើប្រាស់​ប្រចាំថ្ងៃ​មនុស្ស​ជំនាន់​នោះ​មួយចំនួន​ទៀត​នៅ​ប្រាសាទ​កំពង់ដំរី»។

ទន្ទឹម​នឹងនេះ​ លោក​បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ចាត់​វិធានការ​ និង​ទប់ស្កាត់​ជនខិលខូច​ដែល​បាន​លួច​វត្ថុ​បុរាណ​ពី​តំបន់​កោះ​គ្រី​ង កោះ​ច្បារ ​កោះ​រងាវ ​និង​តំបន់​ផ្សេងៗ​ទៀត​នៅ​កម្ពុជា។ ប្រសិនបើ​មានការ​បាត់បង់​វត្ថុ​បុរាណ​ទាំង​នេះ ​គឺ​ដូចជា​បាត់បង់​អត្តសញ្ញាណ​ជាតិ​ វប្បធម៌​ ហើយ​វា​ក៏​ជា​កំណត់ហេតុ​របស់​ដូនតា​កាលពី​ជំនាន់​បុរាណ​ដែរ។

ជាមួយ​គ្នានេះ​ រូប​បដិមា​ធំ​មួយ​ប្រវែង​បណ្តោយ​ ១១៤​ សង់ទីម៉ែត្រ​ ទំហំ​ស្មា ៥៤ ​សង់ទីម៉ែត្រ​ និង​ចង្កេះ​ទំហំ ៤៤ ​សង់​ទីម៉ែ​ត្រ​ ត្រូវបាន​ក្រុម​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ​ប្រទះឃើញ​នៅ​ជ្រុង​ឦសាន​នៃ​ប្រាសាទ​ព្រះ​គោ នៅ​ថ្ងៃទី ៨​ ខែកក្កដា​នេះ ​នៅ​ភូមិ​ឪឡោក ឃុំ​បាគង​ ស្រុក​ប្រាសាទ​បាគង។

លោក​ អួន យ៉ង់ ​មន្ត្រី​នគរបាល​បេតិកភណ្ឌ​ប្រចាំ​ឧទ្យាន​រលួស​បាន​ឲ្យ​ដឹងថា ​ក្រោយពី​ទទួលបាន​ដំណឹង​ពីពលរដ្ឋ​ភ្លាម​ លោក​បានស្នើ​សុំ​ឲ្យ​ផ្អាក​សកម្មភាព​ រង់ចាំ​លោក​ចុះមក​ពិនិត្យ​ដល់ទី​តាំង​ផ្ទាល់ ​និង​រាយការណ៍​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ។ លោក​ថា​ កន្លងមក​ប្រជាជន​បាន​ជួបប្រទះ​បដិមា​ផ្សេងៗ​ដូច​ករណីនេះ​ជាច្រើន​ដង​មកហើយ ​និង​បាន​រាយការណ៍​ដល់​សមត្ថកិច្ច​ជា​ប្រចាំ​ផងដែរ។

លោក ​ឈូក សុ​ម៉ា​ឡា ​បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​លើកឡើងថា​ ការសន្និ​ដ្ឋាន​ភ្លាមៗ​មិនអាច​ដឹងថា​ ជា​ទ្វា​របាល ឬ​ព្រះ​វិស្ណុ ឬអ្វី​ផ្សេង​នោះទេ ​ដោយហេតុ​នៃ​ការ​បាត់បង់​ផ្នែក​សំខាន់ៗ​នៃ​តួខ្លួន​ច្រើន។

លោក​បន្តថា​៖ «កិច្ច​ការបន្ត ​ដើម្បី​អភិ​រក្ស​រូប​បដិមា​នេះ​ ខ្ញុំនឹង​ឲ្យ​ក្រុម​ការ​ងារ​វាស់​វែង ​ចងក្រង​ឯកសារ ​បន្ទាប់មក​យកទៅ​រក្សាទុក​នៅ​រោង​ជាង​ ដើម្បី​ឲ្យ​អ្នកជំនាញ​ផ្នែក​ជួសជុល​ថ្ម​សម្អាត​ និង​ត​ភ្ជាប់​នូវ​បំណែក​បដិមា​នេះ​ឡើងវិញ​មុន​នឹង​តាំង​បង្ហាញ​ជា​សាធារណៈ»៕