ភ្នំពេញៈ ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានឱ្យ​ដឹងថា ទិន្នផល​ត្រី​ដែល​ទទួលបាន​នៅក្នុង​ត្រីមាស​ទី​១ ដើមឆ្នាំ​ ២០២១ ​នេះ​ទាំង​ផល​ត្រី​ទឹកសាប និង​សមុទ្រ​គឺមាន​ចំនួន​ជាង​ ៩៦ ​ម៉ឺន​តោន ដែល​មាន​ការថយចុះ​ជាង​ឆ្នាំមុន​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ ខណៈ​ការបង្ក្រាប​បទល្មើស​ជលផល​នៅ​ទូទាំងប្រទេស​មាន​ជាង​ ៦០០ ​ករណី ដែលមាន​ការកើនឡើង​។

តាម​របាយការណ៍​ស្តីពី​សភាពការណ៍​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​ប្រចាំត្រីមាស​ទី​១ ​ឆ្នាំ​ ២០២១ និង​ទិសដៅ​អនុវត្ត​បន្ត​ដែល​ចុះហត្ថលេខា​ដោយ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួង​នេះ​កាលពី​ថ្ងៃទី​ ៥ មេសា បាន​បញ្ជាក់ថា​៖ «​សំណុំរឿង​បង្ក្រាប​បទល្មើស​ជលផល​គឺមាន​ចំនួន​ ៦៤៨ ​ករណី ប្រៀបធៀប​ត្រីមាស​ទី​១ ​ឆ្នាំ​ ២០២០ កើនឡើង​​ចំនួន​ ៤៩ ​ករណី​។ ក្នុងនោះ​បទល្មើស​​ទឹកសាប​មាន​ចំនួន​ ៦៣២ ​ករណី ​និង​បទល្មើស​សមុទ្រ​ចំនួន​ ១៦ ​ករណី​»​។

ដោយឡែក​ចំពោះ​ការនេសាទ​​ទឹកសាប​ដោយ​ដាយ​ត្រី​គឺ​ទទួលបាន​ទិន្នផល​ ១ ៣១០ ​តោន បើ​ប្រៀបធៀប​នឹង​ត្រីមាស​ទី​១ ឆ្នាំមុន​បាន​ថយចុះ​ចំនួន​ ១៩០ ​តោន​។ ចំណែក​ការនេសាទ​បែប​គ្រួសារ​នៅក្នុង​ទឹកសាប​ទទួលបាន​ទិន្នផល​ចំនួន ៥៦ ៨០០ ​តោន បើ​ប្រៀបធៀប​ត្រីមាស​ទី​ ១ ឆ្នាំមុន​បាន​ថយចុះ​ ១២ ៦០០ ​តោន រីឯ​ការនេសាទ​​លក្ខណៈ​គ្រួសារ​តាម​វាលស្រែ​​ទទួលបាន​ទិន្នផល​ ១២ ៨០០ ​តោន​ស្មើនឹង​ ៨,៨៣ ​ភាគរយ​នៃ​ផែនការ​ចំនួន​ ១៤៥ ០០០ ​តោន ប្រៀបធៀប​នឹង​ត្រីមាស​ទី​ ១ ឆ្នាំមុន​មាន​ថយចុះ​ចំនួន​ ៤ ៧០០ តោន​។ នេះ​បើតាម​របាយការណ៍​ដដែល​។

របាយការណ៍​នេះ​បានបញ្ជាក់​​ថា «​អាជីវកម្ម​នេសាទ​ត្រី​សមុទ្រ​​អនុវត្តបាន ២៥ ៧៨០ ​តោន ​ដែល​ស្មើនឹង​ ១៩,៨៣ ​ភាគរយ​នៃ​ផែនការ ១៣០ ០០០ ​តោន បើ​ប្រៀបធៀប​នឹង​ត្រីមាស​ទី​១ ​ឆ្នាំ​ ២០២០ បាន​ថយចុះ​ចំនួន​ ៨០ ​តោន​»​។

ក្រៅពី​នេះ​របាយការណ៍​របស់​​ក្រសួងកសិកម្ម​ក៏បាន​ឱ្យដឹង​ដែរ​ថា ចំពោះ​ផ្នែក​វារីវប្បកម្ម​នៃ​ការចិញ្ចឹម​ត្រី និង​បង្គា​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​នេះ គឺ​ទទួលបាន​ទិន្នផល​ ៤៤ ៨០០ ​តោន បើ​ធៀប​​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​​មុន​គឺ​ថយចុះ ៧ ០០០ ​តោន​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ បានលើកឡើង​ក្នុង​របាយការណ៍​នេះ​ថា ក្នុង​រយៈពេល​ ៣ ​ខែ​នេះ ការចូលរួម​ទប់ស្កាត់​បទល្មើស​ជលផល​ និង​បទល្មើស​ខុសច្បាប់​ដទៃទៀត​ត្រូវបាន​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្រោម​កិច្ចសហការ​ជាមួយ​គណៈកម្មការ​អន្តរក្រសួង​។

ជាមួយ​គ្នា​នេះ​លោក​ក៏បាន​ដាក់ចេញ​វិធានការ​ចាំបាច់​នានា​ដើម្បី​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ជលផល​ឱ្យបាន​តឹងរ៉ឹង បំផុត​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​ពង្រឹង​កិច្ចសហការ​ជាប់​ជាប្រចាំ​ជាមួយ​អាជ្ញាធរ​ដែនដី គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ដើម្បី​ទប់ស្កាត់​បទល្មើស​ជលផល​ជាពិសេស​ការយកចិត្តទុកដាក់​អនុវត្ត​ឱ្យបាន​ហ្មត់ចត់​នូវ​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការបង្កើត​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប​»​។

លោក ចក់ ជឿន ប្រធាន​សហគមន៍​នេសាទ​ដូន​ស្តើង​នៅ​​ឃុំ​ពាមបាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​បាន​ថ្លែងថា ការធ្លាក់ចុះ​ទិន្នផល​ត្រី ក៏​ព្រោះតែ​កត្តា​ធម្មជាតិ​ប្រែប្រួល ហើយ​ឆ្នាំនេះ​ក៏​រង​នូវ​គ្រោះរាំងស្ងួត​ដែល​ធ្វើ​​ឱ្យ​ត្រី​មិនសូវ​សម្បូរ​។

លោក​ថា​៖ «​នៅពេល​ដែល​ប្រជា​នេសាទ​មិនអាច​រកត្រី​បាន​​ដូច​មុន គឺ​នៅក្នុង​សហគមន៍​ខ្ញុំ​ផ្ទាល់​គឺមាន​ការលំបាក​ណាស់ ព្រោះ​យើង​មិន​សម្បូរ​អាហារ​ហូបចុក​រាល់ថ្ងៃ​។ ​ពីមុន​យើង​ធ្លាប់​​នេសាទ​បាន​ច្រើន​ ៨ ​ទៅ ៨ ​គីឡូ​​ក្នុង​ ១ ​ថ្ងៃ តែ​ពេលនេះ​ចង់​រកត្រី​ហូប​មិនបាន​ផង​»​។

ចំពោះ​បទល្មើស​នេសាទ​​វិញ​លោក ចក់ ជឿន ថ្លែង​ថា ​សមត្ថកិច្ច​មានការ​ចូល​រួម​ទប់ស្កាត់​បាន​យ៉ាង​តឹងរ៉ឹង ប៉ុន្តែ​លោក​នៅតែ​ស្នើ​ឱ្យមាន​វិធានការ​ម៉ឺងម៉ាត់​បន្ថែមទៀត ជាពិសេស​គឺ​បទល្មើស​នេសាទ​ខុសច្បាប់​ដើម្បី​រក្សា​ធនធាន​​ត្រី​ឱ្យ​សម្បូរ​ឡើងវិញ​៕