ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនបានដោះស្រាយផលប៉ះពាល់ក្នុងគម្រោងធ្វើឲ្យប្រសើរឡើងវិញផ្លូវជាតិលេខ ២ សម្រេចស្ទើរតែទាំងស្រុងហើយនិងផ្លូវជាតិលេខ ២២ សម្រេចបាន ១០០ ភាគរយហើយ។ មន្ត្រីជាន់ខ្ពស់ក្រសួងក៏បានជំរុញឲ្យភាគីពាក់ព័ន្ធប្រញាប់ដោះស្រាយបញ្ចប់ ដើម្បីបង្កភាពងាយស្រួលដល់ក្រុមហ៊ុនសាងសង់អនុវត្តគម្រោងឲ្យមានប្រសិទ្ធភាពខ្ពស់។
លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងក្នុងកិច្ចប្រជុំស្ដីពី «ការពិនិត្យ និងតាមដានអំពីដំណើរការដោះស្រាយផលប៉ះពាល់ផ្លូវជាតិលេខ ២ និងផ្លូវជាតិលេខ ២២» កាលពីថ្ងៃទី ២៣ មិថុនា ថាផលប៉ះពាល់ក្នុងគម្រោងធ្វើឲ្យប្រសើរឡើងវិញផ្លូវជាតិលេខ ២២ ត្រូវបានដោះស្រាយ ១០០ ភាគរយ។ រីឯផលប៉ះពាល់ក្នុងគម្រោងធ្វើឲ្យប្រសើរឡើងវិញផ្លូវជាតិលេខ ២ ដោះស្រាយបាន ៩៨,៥ ភាគរយហើយ។
លោកថា ក្រុមហ៊ុនសាងសង់ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់រៀបចំប្រឡាយបង្ហូរទឹកនៅសងខាងផ្លូវដែលកំពុងសាងសង់ឲ្យបានត្រឹមត្រូវ និងសមស្របតាមគម្រោង ដើម្បីចៀសវាងការជន់លិចលង់ភូមិ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ ព្រោះថា រដូវភ្លៀងបានមកដល់ ហើយភ្លៀងបានបន្តធ្លាក់ជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃនៅតាមតំបន់មួយចំនួនផងដែរ។
លោកបញ្ជាក់ថា៖ «ក្រុមការងារពាក់ព័ន្ធទាំងអស់បាននិងកំពុងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនឯកជន សហគ្រាស និងអាជីវករនានាដែលប្រកបរបរលើបណ្ដាញទឹកស្អាត បង្គោលអគ្គិសនី ខ្សែកាបិ៍្ល អុបទិក ដើម្បីរុះរើ និងប្ដូរទៅទីតាំងថ្មីក្នុងគោលបំណងបង្កភាពងាយស្រួលដល់ក្រុមហ៊ុនសាងសង់អនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាពបំផុត និងអាចបញ្ចប់គម្រោងតាមការគ្រោងទុក»។
លោកស្នើឲ្យក្រុមការងារពាក់ព័ន្ធទាំងអស់ និងអនុគណៈកម្មការទាំង ២ គឺអនុគណៈកម្មការខេត្តតាកែវ និងខេត្តកណ្ដាល សហការជាមួយភាគីពាក់ព័ន្ធចុះពិនិត្យទីតាំងរងផលប៉ះពាល់តាមបណ្ដោយផ្លូវជាតិទាំង ២ ដែលពិបាកក្នុងការដោះស្រាយ ដើម្បីស្វែងរកយន្តការដោះស្រាយឲ្យបានលឿនបំផុត សំដៅចៀសវាងការរាំងស្ទះក្នុងការសាងសង់។ ជាពិសេសអ្នកដែលទទួលបានសំណងលើផលប៉ះពាល់រួចហើយ សូមអនុវត្តតាមកិច្ចព្រមព្រៀងឲ្យមានប្រសិទ្ធភាពបំផុត ដើម្បីកុំឲ្យមានការរាំងស្ទះដល់ការសាងសង់ ក៏ដូចជាការធ្វើដំណើរ និងការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋដទៃទៀត។
អ្នកស្រី វ៉ាន់ សុខរ៉ាត់ អាយុ ៤១ ឆ្នាំ ប្រជាពលរដ្ឋរស់នៅឃុំព្រែកកំពឹស ខណ្ឌដង្កោ និយាយពីម្សិលមិញថា អ្នកស្រីមិនបានទទួលសំណងពីផលប៉ះពាល់គម្រោងផ្លូវជាតិលេខ ២ នេះទេ។ ព្រោះអ្នកស្រីបានរុះរើផ្ទះដកថយចេញឆ្ងាយពីគម្រោងផ្លូវជាតិលេខ ២ មុនពេលអាជ្ញាធរចុះស្រង់ស្ថិតិអ្នករងផលប៉ះពាល់។
អ្នកស្រីប្រាប់ថា៖ «ខ្ញុំគ្រាន់តែទទួលដំណឹងថា គេធ្វើផ្លូវជាតិលេខ ២ ហ្នឹង ខ្ញុំបានរំកិលផ្ទះខ្ញុំថយទៅកន្ទុយដីក្រោយឯណោះ។ បន្ទាប់មកទើបមានអាជ្ញាធរចុះស្រង់ស្ថិតិអ្នកដែលមានផលប៉ះពាល់ផ្ទះពីគម្រោងហ្នឹង រីឯអ្នកភូមិខ្ញុំគេបានគ្រប់ៗគ្នា។ អ្នកខ្លះបាន ១ ពាន់ដុល្លារ អ្នកខ្លះបានជិត ២ ពាន់ដុល្លារ ហើយចំណែកខ្ញុំអត់បានសំណងទេ។ ព្រោះផ្ទះខ្ញុំអត់មានប៉ះពាល់ តែប៉ះពាល់ដី ហើយអាជ្ញាធរថា បើប៉ះពាល់តែដី គេអត់ឲ្យសំណងទេ តែបើប៉ះពាល់ផ្ទះបានគេសងយើង»។
ពលរដ្ឋម្នាក់ទៀតឈ្មោះ កឹម សំអឿន អាយុ ៤០ ឆ្នាំរស់នៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវប្រាប់ពីម្សិលមិញថា ផ្ទះរបស់លោកទទួលផលប៉ះពាល់ត្រង់សំយាបខាងមុខផ្ទះដោយលោកយល់ព្រមរុះរើចេញរួចហើយ។ គ្រួសារលោកក៏ទទួលសំណងជិត ១ ពាន់ដុល្លារពីអាជ្ញាធរដែលជាថ្នូរនឹងផលប៉ះពាល់ពីគម្រោងនេះ។
លោកថា៖ «សំយាបដែលតចេញពីផ្ទះទៅខាងមុខនេះ ខ្ញុំបានធ្វើវាជាច្រើនឆ្នាំហើយ សម្រាប់ដាក់អីវ៉ាន់លក់ដូរទំនិញតិចតួច ហើយអាជ្ញាធរមកស្រង់ស្ថិតិអ្នកដែលមានផលប៉ះពាល់ហ្នឹង អាជ្ញាធរមកពន្យល់ពួកខ្ញុំ គាត់ថា បើប៉ះពាល់តែដីគេអត់សងយើងទេតែបើប៉ះពាល់ផ្ទះ ឬសំណង់ រោងលក់ដូរនៅខាងមុខផ្ទះ គេសងតាមស្ថានភាពជាក់ស្ដែង»។
គួររំឭកថា គម្រោងសាងសង់ជួសជុលធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ ២ (ប្រវែង ៦២,៥៦ គីឡូម៉ែត្រ) និងផ្លូវលេខ ២២ (ប្រវែង ៩,៦១ គីឡូម៉ែត្រ) នឹងត្រូវសាងសង់ដោយក្រុមហ៊ុន Hanshin Engineering &Construction Co.,Ltd ក្រោមក្របខ័ណ្ឌឥណទានពីសាធារណរដ្ឋកូរ៉េ។ គម្រោងនេះ គ្រោងចំណាយថវិកាប្រមាណ ៥៦ លានដុល្លារអាមេរិកក្រោមកម្ចីឥណទានពីរដ្ឋាភិបាលកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាប្រមាណ ៨,៥ លានដុល្លារអាមេរិកដែលនឹងប្រើរយៈពេល ៣០ ខែ (ប្រហែល ២ ឆ្នាំកន្លះ)ក្នុងការសាងសង់៕