ភ្នំពេញៈ ស្ត្រីដែលចោទលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ត្រូវបានតុលាការកាត់ ទោសដាក់ពន្ធនាគារមួយឆ្នាំ និងពិន័យប្រាក់ ១ លានរៀល។
លោក អ៊ី ឋាវរៈ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានធ្វើការប្រកាសសាលក្រមចំពោះមុខជនជាប់ចោទ និងផ្តន្ទាទោសស្រ្តីឈ្មោះ ហ៊ីន វ៉ាន់ស្រីពៅ អាយុ៣ ៧ ឆ្នាំ ដោយដាក់ពន្ធនាគារ ១ ឆ្នាំ និងពិន័យប្រាក់ ១ លានរៀលចូលថវិការដ្ឋ។
ជនជាប់ចោទ ហ៊ីន វ៉ាន់ស្រីពៅ បានប្រើឈ្មោះក្នុងហ្វេសប៊ុកថា ហេង លក្ខិណា។
លោក អ៊ី ឋាវរៈ ថ្លែងថា៖ «ផ្តន្ទាទោសជនជាប់ចោទ ហ៊ិន វ៉ាន់ស្រីពៅ អាយុ ៣៧ ឆ្នាំ ដាក់ពន្ធនាគារ១ឆ្នាំនិងពិន័យជាប្រាក់ ១ លានរៀលចូលថវិការដ្ឋពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍តាមមាត្រា» តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តិនៅរាជធានីភ្នំពេញកាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០១៨ បើកផ្លូវប្តឹងទាសនិងប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់»។
ហ៊ិន វ៉ាន់ស្រីពៅ ត្រូវបានចាប់ខ្លួនដោយកងកម្លាំងប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែនរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៧ បន្ទាប់ពីបានចោទប្រកាន់ តាមបណ្តាញហ្វេសប៊ុកថា លោក សែន និងសមាជិកគ្រួសារ បានសម្លាប់លោកបណ្ឌិត កែម ឡី៕