ភ្នំពេញៈ ផ្ទាំង​រូបថត​នៃ​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះជាតិ​ចំនួន​ ៨ ​រូប ​ដែល​រង​ការចាប់ខ្លួន​ត្រូវបាន​បិទ​នៅ​ព្រំដែន​ថៃ-ម៉ាឡេស៊ី និង​ព្រំដែន​ថៃ-កម្ពុជា ខណៈ​អ្នក​ច្បាប់​របស់​រដ្ឋាភិបាល​បាន​ថ្លែងថា ចំពោះ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ណា​ដែល​រាយការណ៍​ពី​ផែនការ​ «​អំពើ​ក្បត់​របស់​លោក​ សម រង្ស៊ី​» នឹង​ទទួល​បាន​ការអធ្យាស្រ័យ​ពី​រដ្ឋាភិបាល​។

លោក​ សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​នៅក្នុង​កិច្ចពិភាក្សា​តុមូល​ផ្សាយ​បន្ត​ផ្ទាល់​កាលពី​ម្សិលមិញ​ថា លោក​បាន​ឃើញ​ផ្ទាំង​រូបថត​ដែល​មាន​រូប​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ៨ រូប​រួមមាន​លោក សម រង្ស៊ី លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ម៉ែន សុថាវរិន្ទ្រ លោក ឡុង រី លោក តុ វ៉ាន់ចាន់ លោកស្រី មូរ សុខហួរ និង​លោក អេង ឆៃអ៊ាង ត្រូវ​បាន​ដាក់​នៅ​ព្រំដែន​ឆ្លងកាត់​ប្រទេស​ថៃ-ម៉ាឡេស៊ី និង​នៅ​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​។

លោក​បាន​ថ្លែងថា​នៅពេល​លោក​បាន​ទៅដល់​ច្រកព្រំដែន​ទាំងនោះ​មន្ត្រី​ព្រំដែន​បាន​ត្រួតពិនិត្យ​លោក​ហើយ​ផ្ទៀងផ្ទាត់​រូបលោក​ជាមួយ​នឹង​អ្នក​ដែល​ស្ថិតនៅក្នុង​រូបថត​ទាំងនោះ​។ យោងតាម​រូបថត​ដែល​លោក​ សុខ ទូច ថត​បាន មាន​សរសេរ​ឈ្មោះ​អ្នក​ទាំងនោះ​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​ដោយ​នៅ​ផ្នែក​ខាងក្រោម​មាន​សរសេរ​ថា​ «​ឃើញ​ឃាត់​ខ្លួន​រាយការណ៍​»​។

កាលពី​ខែ​មីនា​លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​នៅ​ក្រៅ​ប្រទេស​ដោយ​អ្នក​ទាំង ៨ ​រូប​ ត្រូវ​បាន​ចោទប្រកាន់​ពីបទ «​រួមគំនិត​ក្បត់​» និង «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» ​។ បទ​ចោទ​ និង​ដីកា​ចាប់ខ្លួន​នោះ​ពាក់ព័ន្ធ​នឹង​ការប្រជុំ​គណៈកម្មការ​អចិន្រៃ្តយ៍​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រៀម​រៀបចំ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក​ សម រង្ស៊ី មក​កម្ពុជា​វិញ​។

កាលពី​សប្ដាហ៍​មុន​ក្រសួង​ការបរទេស​បាន​បញ្ជាក់ថា ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត​ត្រូវ​បាន​បញ្ជូនទៅ​ប្រទេស​សមាជិក​អាស៊ាន​រួចហើយ​។

លោក សុខ ទូច បាន​ថ្លែង​ថា​លោក សម រង្ស៊ី មិនអាច​វិល​ត្រឡប់​មកវិញ​បានទេ ដោយសារ​លោក​បាន​បង្ក​សត្រូវ​ចំនួន ៤ គឺ​សត្រូវ​ទី ១ ជាមួយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សត្រូវ​ទី ២ គឺជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទី​ ៣ គឺ​ព្រះមហាក្សត្រ ហើយ​ទី ៤ គឺ​រដ្ឋធម្មនុញ្ញ និង​កងទ័ព​។

លោក​ក៏បាន​លើកឡើង​ថា​ការ​ចូលមក​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី ស្ថិតក្នុង​រូបភាព​ ៤​។

លោក​ថ្លែងថា​៖ «​បើ​អ្នកឯង​មក​របៀប​នេះ​មាន​ទិដ្ឋភាព ៤ គឺ​ ទី​១ រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ ទី​២ បដិវត្តន៍ ទី​៣ បដិវត្តន៍​ពណ៌​ដែល​ប្រើប្រាស់​កម្លាំង​មក​ដោះដូរ​អំណាច ​ទី​​៤ គឺជា​ភេរវកម្ម បើសិន​ជា​បដិវត្ត​មិនបាន​សម្រេច​វា​ទៅជា​ភេរវកម្ម​»​។

លោក​លើកឡើង​ថា ​គ្មាន​ប្រទេស​អាស៊ាន​ណា​ផ្ដល់​ទឹកដី​សម្រាប់​ការ​វាយប្រហារ​លើ​កម្ពុជា​ទេ​។ លោក សុខ ទូច ស្នើ​ឲ្យ​អ្នកគាំទ្រ​លោក សម រង្ស៊ី និង​អតីត​គណបក្ស​សង្គ្រោះជាតិ​យល់​ពី​ទិដ្ឋភាព​ច្បាប់ និង​នយោបាយ ពាក់ព័ន្ធ​នឹង​លោក​ សម រង្ស៊ី ដើម្បី​ចៀសវាង​ការអនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​។

ក៏​ប៉ុន្តែ​លោកស្រី មូរ សុខហួរ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ផែនការ​វិលត្រឡប់​នៅ​ថ្ងៃទី​ ៩ ខែ​វិច្ឆិកា​មិនមាន​ការប្រែប្រួល​ទេ​។

លោក ស៊ា ម៉ៅ ​អនុប្រធាន​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​និយាយ​ថា អ្នក​ដែល​សហការ​ជាមួយ​រាជរដ្ឋាភិបាល​ដោយ​រាយការណ៍​ពី​ផែនការ​របស់​លោក សម រង្ស៊ី នឹង​ទទួល​បានការ​អធ្យាស្រ័យ​។

លោក​ថ្លែងថា​៖ «​សម្រាប់​ប្រជាជន សកម្មជន​ ឬ​គណបក្ស​ណាក៏ដោយ ដែល​មាន​សមានចិត្ត​សហការ​ជាមួយ​នឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​ការ​បកអាក្រាត​អំពើ​ក្បត់​របស់​ទណ្ឌិត សម រង្ស៊ី និង​ក្រុម​គូកន​របស់​ខ្លួន នោះ​រាជរដ្ឋាភិបាល​លើកលែង​ទោស​ឲ្យ​រួចខ្លួន ដោយ​អនុលោម​តាម​មាត្រា​ ៤៥៤ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

លោក​បន្តថា​៖ «​ដើម្បី​រំលាយ​អង្គការ​ចាត់តាំង​ខុសច្បាប់​ដើម្បី​រំលាយ​ផែនការ​ធ្វើ​រដ្ឋប្រហារ​បាន​ជោគជ័យ វា​ទាល់​តែ​មាន​អ្នកចូលរួម​ធ្វើការ​សហការ​ដែរ​។ បើ​ប្រជាជន​ដែល​ចូលរួម​ក្នុង​អំពើ​ក្បត់​គាត់​សហការ គាត់​បកអាក្រាត​គ្នា​គាត់​អ៊ីចឹង​អាជ្ញាធរ​ស្របច្បាប់​របស់​យើង​ក៏​គាត់​អាច​ស្រួល​ធ្វើការ​ដែរ​»​។

លោក ឆាយ គឹមខឿន អ្នក​នាំពាក្យ​អគ្គស្នងការ​នគរបាលជាតិ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​មិន​ច្បាស់​ទេ ពី​រឿង​ដាក់​បដា​មាន​រូបថត​អ្នក​ដែល​ស្ថិតក្រោម​ការចាប់ខ្លួន​ទាំងនោះ​។ ប៉ុន្តែ​លោក​ថា​បើ​មាន​បែបនេះ​មែន វា​ជា​ការល្អ​។

ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន លោក​ថ្លែង​ថា ប្រទេស​ដែល​យល់ព្រម​សហការ​ជា​ផ្លូវការ​ជាមួយ​កម្ពុជា​គឺ​ វៀតណាម ឡាវ និង​ថៃ​។ ចំណែក​ប្រទេស​ផ្សេង​ក៏​យល់ព្រម​សហការ​ដែរ ប៉ុន្តែ​ក្នុង​កម្រិត​ណាមួយ​នោះ វា​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ប្រទេស​មហាអំណាច «​ពីព្រោះ​មហាអំណាច​ខ្លះ ក៏​ស្ថិត​នៅ​លើ​ប្រទេស​ខ្លះ​ដែរ ហើយ​គេ​ក៏​គិតពី​ផលប្រយោជន៍​របស់​គេ​ដែរ​»៕