ភ្នំពេញ៖ ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​ជាង ១ ៦០០ ខ្នង និង​មនុស្ស ៥ នាក់ បាន​ខូចខាត និង​រងគ្រោះ​ ដោយសារ​ខ្យល់​កន្ត្រាក់​ក្នុង​រយៈពេល ១ សប្ដាហ៍ នៃ​ខែ​ឧសភា​នេះ ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​នោះ​ទេ។

លោក សៀក វិចិត្រ អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​​គ្រោះ​មហន្តរាយ​ប្រាប់​ ភ្នំពេញ ប៉ុស្ដិ៍ នៅ​ថ្ងៃទី ៨ ខែ​ មេសា ឆ្នាំ ២០២១ នេះ​ថា បើ​ប្រៀបធៀប​ជាមួយ​នឹង​រយៈពេល​ដូច​គ្នា​នៃ​ដើម​ខែ ឧសភា ឆ្នាំ ២០២០ គឺ​ឆ្នាំ​នេះ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង ដោយ​កម្លាំង​ព្យុះ និង​ខ្យល់​កន្ត្រាក់​មាន​សភាព​ខ្លាំង​ដែល​លក្ខណៈ​បែប​នេះ គឺ​កម្ពុជា​ខាន​ជួប​ប្រទះ​យូរ​មក​ហើយ។

លោក សៀក វិចិត្រ ពន្យល់​ថា ស្ថានភាព​បែប​នេះ ដោយសារ​កម្ពុជា​ទទួល​រង​នូវ​ផល​ប៉ះពាល់​ពី​ព្យុះ ពី​ប្រទេស​របស់​គេ ដែល​ធ្វើ​ឱ្យ​មាន​ខ្យល់​បោក​បក់​ខ្លាំង និង​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ និង​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ។

លោក សៀក វិចិត្រ ថ្លែង​ថា៖ «និយាយ​រួម​ចាប់​តាំង​ពី​ពាក់កណ្តាល​ខែ​មេសា​មក យើង​ឃើញ​ថា គ្រោះ​ធម្មជាតិ​នេះ បាន​ធ្វើ​ប៉ះពាល់​ដល់​អគារ​សាធារណៈ ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ជាច្រើន​ផង​ដែរ ដូចជា​នៅ​ខេត្ត​កំពង់ស្ពឺ កំពង់ចាម ស្វាយរៀង ឧត្តរមានជយ និង​កោះកុង​ជាដើម»។

ប៉ុន្តែ​បើ​តាម លោក សៀក វិចិត្រ សម្រាប់​មួយ​សប្តាហ៍​នៃ​ខែ​នេះ គឺ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ដែល​ធ្វើ​ឱ្យ​ខេត្ត​មួយ​ចំនួន​បាន​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​ពី​ព្យុះ និង​ខ្យល់​កន្ត្រាក់​ដូចជា​ខេត្ត​បាត់ដំបង ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​មួយ​ចំនួន​ទៀត។

លោក សឿម ប៊ុនរិទ្ធិ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​បាត់ដំបង​ថ្លែង​ថា នៅ​ក្នុង​ខេត្ត​បាត់ដំបង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ក៏​ទទួល​រង​នូវ​ផល​ប៉ះពាល់​ពី​ខ្យល់​កន្ត្រាក់ ព្យុះ ភ្លៀង និង​ផ្គរ​រន្ទះ ដែល​ធ្វើ​ឱ្យ​ខូច​ខាត​ដល់​លំនៅឋាន​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា លោក សឿម ប៊ុនរិទ្ធិ មិន​មាន​ទិន្នន័យ​ជាក់លាក់​នោះ​ទេ ព្រោះ​វា​បាន​កើត​ឡើង​ទៅ​តាម​ស្រុក​មួយ​ចំនួន​មាន​ដូចជា​នៅ​ស្រុក​រុក្ខគិរី ស្រុក​ថ្មគោល និង​ស្រុក​គាស់ក្រឡ​ជាដើម។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​ក៏​បាន​ផ្តល់​សម្ភារៈ និង​គ្រឿង​ឧបភោគ​បរិភោគ​ផ្សេងៗ​ពី​កាក​បាទ​ក្រហម និង​ការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ជួយ​ដល់​ពួក​គាត់​ដែល​ទទួល​រង​គ្រោះ​នេះ។

លោក សៀម ប៊ុនរិទ្ធិ ថ្លែង​ថា៖ «យើង​ជួយ​គាត់​ខ្លះ​ដូចជា​ស័ង្កសី មាន​មុង ភួយ ជាដើម អ្នក​ខ្លះ​ទៀត​ក៏​ទទួល​បាន​ជា អង្ករ និង​សម្ភារៈ​ផ្សេងៗ ទៅ​តាម​ស្ថានភាព​ធ្ងន់ ឬ​ស្រាល​អីចឹង​ទៅ»៕