ភ្នំពេញ៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ ១ ខ្នង និងឃាំ្លងស្តុកគ្រឿងបន្លាស់ទូរស័ព្ទ ទំហំ ១២ ម៉ែត្រ x ២៥ ម៉ែត្រ ចំនួន ១ ត្រូវបានអគ្គិភ័យឆាបឆេះ អស់ទាំងស្រុងកាលពីព្រឹកថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២១ នេះ។
លោក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យនៃក្រសួងមហាផ្ទៃបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា អគ្គិភ័យបានឆាបឆេះនៅ ២ កន្លែងផ្សេងគ្នាក្នុងទីក្រុងភ្នំពេញ កាលពីព្រឹកមិញនេះ ដោយបានបំផ្លាញផ្ទះពលរដ្ឋ ១ ខ្នងនៅក្នុងខណ្ឌច្បារអំពៅ និងឃ្លាំងស្តុកគ្រឿងបន្លាស់ទូរស័ព្ទដៃ និងអេឡិចត្រូនិកមួយកន្លែងស្ថិតក្នុងភូមិ ៧ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។
លោកថ្លែងថា៖ "ករណីអគ្គិភ័យទាំង ២ កន្លែងនះ បង្កឡើងដោយសារផ្ទុះឆ្លងចរន្តអគ្គិសនី និងខូចខាតគិតជាទឹកប្រាក់ជាង ២០ ម៉ឺនដុល្លារ។ គ្មាននរណាម្នាក់ស្លាប់ ឬរងរបួសនៅក្នុងហេតុការណ៍នេះទេ"។
ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ដោយត្រូវបិទ និងពន្លត់ភ្លើងឱ្យអស់មុនពេលចូលគេង ពិសេសភ្លើងធូប ទាន និងធ្យូង អុស ហ្គាស៕