កោះកុង/កំពង់ស្ពឺៈ យ៉ាងហោចណាស់មានផ្ទះប្រជាពលរដ្ឋប្រមាណជា ៥០០ ខ្នង និងស្រូវស្រែរាប់ពាន់ហិកតានៅក្នុងខេត្តកោះកុង កំពង់ស្ពឺ និងបាត់ដំបងត្រូវបានទឹកជំនន់ជន់លិចហើយប្រជាពលរដ្ឋជាច្រើនរយគ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ខណៈដែលអាជ្ញាធរនៅតែបន្តផ្អាកចរាចរណ៍ឆ្លងកាត់កំណាត់ផ្លូវជាតិលេខ ៤ ដោយសារតែកម្ពស់ទឹកនៅតែបន្តកើនឡើង។
គណៈកម្មការគ្រប់គ្រងគ្រោះមហន្ដរាយ ខេត្តកំពង់ស្ពឺកាលពីរសៀលថ្ងៃម្សិលមិញបានជូនដំណឹងប្រកាសអាសន្នដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ខណៈដែលភ្លៀងនៅតែបន្តធ្លាក់យ៉ាងខ្លាំង។
សេចក្ដីជូនដំណឹងសរសេរថាដោយសារតែភ្លៀងបន្ដធ្លាក់ជាប់ៗគ្នាបណ្ដាលឲ្យកម្រិតទឹកនៅស្ថានីយវាស់ទឹកពាមឃ្លៃឡើងដល់កម្រិតខ្ពស់ ៧.៣០ ម៉ែត្រ ដែលជាកម្រិតអាចនឹងបង្កឲ្យមានទឹកជំនន់នៅតាមដងស្ទឹងព្រែកត្នោត និងតំបន់មួយចំនួនទៀត។
ស្ថានភាពទឹកកាន់តែឡើងខ្ពស់នេះអាចបង្កផលប៉ះពាល់ដល់ផ្ទៃដីបង្កបង្កើនផល លំនៅឋាន ទ្រព្យសម្បត្តិ អាយុជីវិត និងអាចបង្កផលប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋពីជំងឺរាតត្បាតផ្សេងៗ។
បន្ថែមពីនេះរដ្ឋបាលខេត្តកំពង់ស្ពឺក៏បានអំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ជាប្រចាំ ដើម្បីចៀសវាងគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ និងសូមអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ខ្ពស់ ចំពោះជនងាយរងគ្រោះ និងកុមារតូចៗ និងពិនិត្យតាមដានសភាពការណ៍កម្រិតទឹកនៅតាមភូមិសាស្ដ្ររបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន។
គិតមកដល់ថ្ងៃម្សិលមិញទឹកជំនន់ដែលជន់លិចកំណាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុបានបន្តកើនឡើងហើយចរាចរណ៍ឆ្លងកាត់កំណាត់ផ្លូវនេះនៅតែត្រូវបានបិទ។
ក្នុងខេត្តកំពង់ស្ពឺទឹកជំនន់បានបន្តឡើងខ្លាំងនៅក្នុងស្រុកភ្នំស្រួចក្នុងនោះនៅឃុំត្រែងត្រយឹងទឹកបានជន់លិចផ្ទះពលរដ្ឋអស់ ៣២ ខ្នង និងឃុំតាំងសំរោងលិចអស់ ៦ ភូមិ និងផ្ទះ ២៥ ខ្នង។ នេះបើតាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។
លោក សំណាង បានថ្លែងខណៈចុះទៅពិនិត្យស្ថានភាពទឹកជំនន់ផ្ទាល់ កាលពីម្សិលមិញនៅឃុំតាំងសំរោងថា៖ «ខ្ញុំកំពុងដើររាប់ខ្នងផ្ទះប្រជាពលរដ្ឋ នៅឃុំតាំងសំរោង ទឹកក្រៅពីលិចបឹង និងអូរក៏បានជន់លិចផ្ទះពលរដ្ឋនៅទីនេះ ២៥ ផ្ទះហើយខ្ញុំកំពុងប្រមូលទិន្នន័យបន្ថែម»។
បើតាមលោក សំណាង ក្រៅពីជន់លិចផ្ទះ ទឹកក៏បានជន់លិចផ្លូវលំមួយខ្សែ ឆ្លងកាត់ឃុំតាំងសំរោង ឃុំត្រែងត្រយឹង និងឃុំត្របូងរូងផងដែរ ដែលបានបង្កការលំបាកដល់ពលរដ្ឋក្នុងការធ្វើដំណើរ ជាពិសេសកម្មករដែលត្រូវទៅធ្វើការនៅរោងចក្រ ស៊ីជេ (CJ) ហើយពលរដ្ឋជាច្រើនដែលទឹកជន់លិចផ្ទះខ្លាំងត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
នៅឯខេត្តកោះកុងវិញគិតមកដល់វេលាថ្ងៃត្រង់ម្សិលមិញ ផ្ទៃមេឃនៅតែបន្ដអួអាប់ និងភ្លៀងនៅតែបន្តធ្លាក់គ្របដណ្តប់នៅទូទាំងខេត្តជាប់មាត់សមុទ្រនេះ។
លោកស្រី មិថុនា ភូថង អភិបាលខេត្ដកោះកុងឲ្យដឹងថាស្ថានភាពទឹកជំនន់ នៅតាមបណ្តាព្រែកនានាក្នុងស្រុកមណ្ឌលសីមា ក្រុងខេមរភូមិន្ទ និងស្រុកថ្មបាំង ទឹកបានស្រកចុះវិញជាបណ្តើរៗហើយ លើកលែងតែព្រែកស្រែអំបិល ស្ថិតក្នុងស្រុកស្រែអំបិលដែលទឹកបានបន្តកើនឡើងមួយកម្រិតបន្ថែមទៀត។
បើតាមលោកស្រីអភិបាលខេត្ដ គ្រោះមហន្ដរាយពីជំនន់ទឹកភ្លៀងបណ្ដាលឲ្យមានផលប៉ះពាល់រហូតដល់ ៤ ស្រុក និងលិចផ្ទះប្រជាពលរដ្ឋជាង ៣៥០ ខ្នងក្នុងនោះស្រុកស្រែអំបិលទទួលរងឥទ្ធិពលទឹកជំនន់ពីព្រែកស្រែអំបិល ជន់លិចខ្លាំងជាងគេនឹងបន្ដកើនឡើងរហូតដល់ល្ងាចថ្ងៃពុធ។
លោកស្រីបញ្ជាក់ថា៖ «យើងបានជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះឡើងមកទីទួល និងបានត្រៀមសម្ភារមួយចំនួនដូចជា តង់ និងស្បៀង ដើម្បីទុកផ្គត់ផ្គង់ដល់ពួកគាត់»។
នៅឯខេត្តកំពតលោក ជាវ តាយ អភិបាលខេត្ដនេះបានឲ្យដឹងដែរថា ខេត្តនេះមានភ្លៀងជារៀងរាល់ថ្ងៃជាង ១ ខែហើយ «តែប្រហែលមួយសប្តាហ៍នេះភ្លៀងមិនដាច់សោះមានកន្លែងខ្លះទឹកហូរមិនទាន់ដូច្នេះអាជ្ញាធរខេត្ដអាជ្ញាធរស្រុកនឹងបញ្ចៀសទឹកដែលលិចនោះទៅកន្លែងណាដែលអាចបញ្ចៀសបាន»។
លោកបញ្ជាក់ថាខេត្ដកំពតជាខេត្ដដែលនៅជាប់សមុទ្រកន្លងមកតែងតែមានបញ្ហាទឹកជំនន់ហើយនៅពេលនេះអាជ្ញាធរអាចគ្រប់គ្រងបាន។ ជាមួយគ្នានេះអាជ្ញាធរក៏បានប្រាប់ទៅក្រុមហ៊ុនទំនប់វារីអគ្គិសនីកំចាយផងដែរថាមុននឹងបើកទ្វារទឹកត្រូវតែជូនដំណឹងមកអាជ្ញាធរដើម្បីទប់ស្កាត់។
លោកសង្កត់ធ្ងន់ថា៖ «រាល់ករណីទាំងអស់ដែលពាក់ព័ន្ធជាមួយគ្រោះទឹកជំនន់នេះ យើងបានទាក់ទងជាមួយក្រុមការងារវារីអគ្គិសនីដើម្បីគ្រប់គ្រងចំពោះគ្រោះមហន្ដរាយ ហើយមកដល់ពេលនេះដូចជាមិនទាន់មានអ្វីកើតឡើងទេ»។
នៅខេត្តភាគឦសានឯណោះវិញមេឃក៏បានភ្លៀងជារៀងរាល់ថ្ងៃអស់រយៈពេល ១០ ថ្ងៃមកហើយផងដែរ ដែលធ្វើឲ្យទឹកជន់លិចផ្លូវមួយចំនួនបង្កឲ្យមានការលំបាកក្នុងការធ្វើដំណើរ។
លោក ថង សាវុន អភិបាលខេត្ដរតនគិរីបានថ្លែងថា៖ «នេះជាគ្រោះធម្មជាតិ យើងមិនអាចទប់ស្កាត់អ្វីបានទេ រហូតដល់ស្ងប់ភ្លៀងទើបយើងអាចចុះទៅរៀបចំធ្វើផ្លូវកន្លែងលិចនោះឡើងវិញបាន តែមិនមានពលរដ្ឋរងគ្រោះអំពីគ្រោះធម្មជាតិនេះទេ»។
ចំណែកនៅខេត្តបាត់ដំបងលោក ឈឹម សេរីវិចរ៉ា ប្រធានមន្ទីរកសិកម្មខេត្តឲ្យដឹងថា ដំណាំស្រូវ ១១០០ ហិកតារបស់ប្រជាកសិករនៅក្នុងឃុំព្រែកនរិន្ទ និងឃុំព្រែកហ្លួងនៃស្រុកឯកភ្នំកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់។ «នៅពេលនេះយើងនៅពុំទាន់ដឹងច្បាស់ថា ការជន់លិចនេះមានរយៈពេលយូរប៉ុនណានោះទេ។ ជាទូទៅដំណាំស្រូវ វាអាចទ្រាំទ្រចំពោះការលិចលង់បានក្នុងរយៈពេល ១ សប្ដាហ៍លើសពីនេះវានឹងត្រូវរលួយខូចខាតជាមិនខាន»។
ជាមួយគ្នានេះលោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំឲ្យដឹងថា៖ «ក្រៅពីដំណាំស្រូវ ផ្ទះប្រជាពលរដ្ឋចំនួន ១០៥ ខ្នងនៅក្នុងឃុំព្រែកនរិន្ទ និងឃុំព្រែកហ្លួងក៏ត្រូវបានជន់លិច ខណៈការិយាល័យបោះឆ្នោត ២ កន្លែងស្ថិតនៅក្នុងឃុំព្រែកនរិន្ទក៏ត្រូវបានទឹកជន់លិចដែរ»។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានថ្លែងពីស្រុកភ្នំស្រួចខេត្ដកំពង់ស្ពឺថា យោងតាមការព្យាករអាកាសធាតុភ្លៀងនឹងបន្ដធ្លាក់រហូតដល់ថ្ងៃទី ២១ ខែកក្កដាទើបស្ងប់វិញ។
លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយបានឲ្យដឹងថាលោក និងក្រសួងមន្ទីរពាក់ព័ន្ធបានត្រៀមលក្ខណៈនឹងបានពិភាក្សាទៅគណៈគ្រប់គ្រងតាមបណ្ដាខេត្ដដើម្បីប្រុងប្រៀបគ្រប់គ្រងស្ថានភាពចំពោះការចុះជួយដល់ពលរដ្ឋនៅតាមតំបន់ដែលរងគ្រោះដោយទឹកជំនន់រួចរាល់ហើយ។ «គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និងកម្លាំងតាមក្រសួងផ្សេងៗបានត្រៀមលក្ខណៈរួចហើយដើម្បីចុះជួយពលរដ្ឋដែលរងគ្រោះ តែមកទល់ពេលនេះទឹកឡើងមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ»៕