សៀមរាបៈ រាជរដ្ឋាភិបាលកំពុងស្វែងរកប្រភពថវិកា ដើម្បីរៀបចំស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ ខ្សែ ក្នុងក្រុងសៀមរាបឡើងវិញឱ្យដូចទៅនឹងក្រុងព្រះសីហនុដែលទើបបានធ្វើផ្លូវរួចដើម្បីលើកស្ទួយមុខមាត់ប្រទេសជាតិនៅលើឆាកអន្តរជាតិ និងទាក់ទាញភ្ញៀវទេសចរ។
នេះបើយោងតាមការលើកឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងពេលដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយលោក ទៀ សីហា អភិបាលខេត្តសៀមរាបលើការងារពាក់ព័ន្ធនឹងការសិក្សា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាប ខេត្តសៀមរាបកាលពីថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២០។
លោក ស៊ុន ចាន់ថុល បានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាបដល់ពេលដែលត្រូវសិក្សារៀបចំផែនការមេ ដើម្បីធ្វើការជួសជុល និងកែលម្អឡើងវិញដូចផ្លូវក្នុងក្រុងព្រះសីហនុឱ្យស័ក្តិសមជាទីក្រុងទេសចរណ៍ ដើម្បីលើកស្ទួយមុខមាត់ប្រទេសជាតិនៅលើឆាកអន្តរជាតិតាមរយៈភ្ញៀវទេសចរអន្តរជាតិ។
លោកបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកំពុងសិក្សាស្វែងរកប្រភពថវិកា ដើម្បីអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែនេះ។ ខេត្តសៀមរាបជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា និងជាតំបន់តភ្ជាប់ផ្លូវសេដ្ឋកិច្ចបាត់ដំបង-សៀមរាប»។
លោកបន្ដថា គម្រោងផ្លូវមេចំនួន ៣៨ ខ្សែ សរុបប្រវែងប្រមាណ ៩៨,៣៤ គីឡូម៉ែត្រក្នុងនោះរួមមានផ្លូវ ២ គន្លងមានប្រវែងប្រមាណ ៤៤ គីឡូម៉ែត្រ និងផ្លូវ ៤ គន្លងមានប្រវែងប្រមាណ ៥៤ គីឡូម៉ែត្រ។ លាតសន្ធឹងក្នុងសង្កាត់ទាំង ១២ របស់ក្រុងសៀមរាប និងមួយផ្នែកស្ថិតនៅស្រុកបាគងក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាប។
រដ្ឋមន្ត្រីរូបនេះលើកឡើងថា បច្ចុប្បន្នគម្រោងដែលក្រសួងកំពុងជួសជុល កែលម្អឡើងវិញក្នុងក្រុងសៀមរាបរួមមាន គម្រោង ផ្លូវវាងក្រុង ផ្លូវខេត្តលេខ 2SR3 ប្រវែង ១៤,៩៥ គីឡូម៉ែត្របំបែកពីផ្លូវជាតិលេខ ៦ ត្រង់គីឡូម៉ែត្រលេខ ៣០៨+៨៣០ ដល់គីឡូម៉ែត្រ ៣១៩+៦០០ ក្រាលកៅស៊ូ DBST និងផ្លូវខ្នារចាស់ (វិថីសម្តេច ជា ស៊ីម) ប្រវែង ៤,៦០ គីឡូម៉ែត្របន្តពីផ្លូវ ៧ មករា ចាប់ពីផ្លូវលេខ 2SR3 ឆ្ពោះទៅកាន់ផ្លូវខេត្តលេខ 265F ជាដើម។
អភិបាលខេត្តសៀមរាបលោក ទៀ សីហា ថ្លែងថាគម្រោងរៀបចំ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ ខ្សែ ជាបណ្តុំបណ្ដាញផ្លូវមេយ៉ាងប្រទាក់ក្រឡាក្នុងក្រុងសៀមរាប។ ផ្លូវទាំងនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋក៏ដូចជាភ្ញៀវទេសចរក្នុងខេត្តសៀមរាប កាត់បន្ថយពេលវេលាក្នុងការដឹកជញ្ជូន និងចរាចរទំនិញគ្រប់ប្រភេទ។ កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងលើកកម្ពស់សោភណភាពទីក្រុងសៀមរាបឱ្យស័ក្តិសមជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្ររបស់កម្ពុជា។
លោកបានថ្លែងថា៖ «ខេត្តសៀមរាបគឺជាខេត្តទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ហើយស្ថានភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជាច្រើនត្រូវធ្វើការជួសជុល និង កែលម្អឡើងវិញ។ គម្រោងខ្សែផ្លូវមេទាំង ៣៨ ខ្សែដែលបានសិក្សានេះ គឺជាសរសៃឈាម និងជាបេះដូងរបស់ខេត្ត ដើម្បីកំណើនសេដ្ឋកិច្ច ទេសចរណ៍ និងសោភណភាពរបស់ខេត្ត»។
លោក ហ៊ាង សុទ្ធាយុត្ដ អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងកាលពីថ្ងៃម្សិលមិញថា បច្ចុប្បន្ននេះក្រសួងសាធារណការ និងរដ្ឋបាលខេត្តសៀមរាបកំពុងពិភាក្សាគ្នាលើផែនការមេនៃការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ ខ្សែឡើងវិញ។ លោកថាជំហានបន្ទាប់នឹងស្នើគោលការណ៍ទៅរដ្ឋាភិបាលដើម្បីគិតគូរលើការផ្ដល់ថវិកាក្នុងការអនុវត្ដគម្រោងតែម្ដង។
លោកថ្លែងថា៖ «ឥឡូវយើងកំពុងសិក្សាលើប្លង់មេ។ ចំពោះការងារបន្ទាប់យើងត្រូវពិភាក្សាលើរឿងថវិកា។ ដូច្នេះក្រោយការប្រជុំពិភាក្សាគ្នា យើងឃើញថា ផ្លូវមាន ៣៨ ខ្សែមានប្រវែងជាង ៨៩ គីឡូម៉ែត្រ ដែលត្រូវស្ថាបនាឡើងវិញ ដើម្បីធ្វើឱ្យផ្លូវក្នុងក្រុងសៀមរាបនេះស្អាត»៕