ភ្នំពេញ៖ ផ្សារ​សាលា​លេខ ៥ ស្ថិត​ក្នុង​ខេត្ត​កំពង់ឆ្នាំង និង​ភូមិ​រកាធំ ស្ថិត​ក្នុង​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​បើក​ដំណើរការ​ចេញ​ចូល​ឡើង​វិញ ចាប់​ពី​ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១ នេះ​តទៅ បន្ទាប់​ពី​ទីតាំង​ទាំង​ពីរ​នេះ​បាន​ធ្វើ​ការ​បិទ​ជា​បណ្តោះអាសន្ន​កាល​ពី​ចុង​ខែ​មេសា កន្លង​មក​នេះ។

លោក ឈួរ ច័ន្ទឌឿន អភិបាល​ខេត្ត​កំពង់ឆ្នាំង​បាន​ប្រកាស​សម្រេច​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ​ផ្សារ​សាលា​លេខ ៥ ដែល​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ភូមិសាលា​លេខ ៥ ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង។

លោក​បាន​ឱ្យ​ដឹង​ថា៖ «ការ​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ​នូវ​ផ្សារ​សាលា​លេខ ៥ នេះ នឹង​ចាប់​ផ្តើម​ពី​ថ្ងៃទី ១០ នេះ​តទៅ ប៉ុន្តែ​ប្រជាពលរដ្ឋ និង​ម្ចាស់​តូប​លក់​ដូរ​ទាំង​អស់ ត្រូវ​បន្ត​ចូលរួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ផ្សព្វផ្សាយ និង​ចូលរួម​អនុវត្ត​វិធាន​ការពារ​របស់​ក្រសួង​សុខាភិបាល​គឺ ៣ ការពារ ៣ កុំ ឱ្យ​បាន​ខ្ជាប់​ខ្ជួន»។

ដោយ​ឡែក លោក ជាម ច័ន្ទសោភ័ណ អភិបាល​ខេត្ត​ត្បូង​ឃ្មុំ​ក៏​បាន​សម្រេច​បញ្ចប់​ការ​បិទ​ខ្ទប់​ភូមិ​រកាធំ ដែល​ស្ថិត​ក្នុង​ឃុំ​ជីរោទិ៍ទី១ ស្រុក​ត្បូងឃ្មុំ ចាប់​ពី​ថ្ងៃទី ១០ ខែ​ឧសភា ត​ទៅ​ដែរ។

លោក​បាន​លើក​ឡើង​ថា៖ «ទន្ទឹម​នឹង​ការ​បញ្ចប់​បិទ​ខ្ទប់​ភូមិ​នេះ​ក៏​ដោយ ក៏​ត្រូវ​អនុវត្ត​ឲ្យ​បាន​ហ្មត់ចត់ តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន គឺ ៣ ការពារ និង ៣ កុំ និង​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​នេះ»។

គួរ​បញ្ជាក់​ផង​ដែរ​ថា ផ្សារ​សាលា​លេខ ៥ នេះ ត្រូវ​បាន​សម្រេច​បិទ​ជា​បណ្តោះអាសន្ន​កាល​ពី​ថ្ងៃទី ២៤ ខែ​មេសា និង​ការ​បិទ​ខ្ទប់​ភូមិ​រកាធំ កាល​ពី​ថ្ងៃទី ២៧ ខែ មសា ឆ្នាំ ២០២១ កន្លង​មក​នេះ ដោយសារ​មាន​ករណី​អ្នក​វិជ្ជមាន​វីរុស​កូវីដ ១៩៕