ក្រចេះ: មន្ទីរទេសចរណ៍ខេត្ដក្រចេះបានឲ្យដឹងកាលពីថ្ងៃអង្គារថា មានសត្វផ្សោតញី ១ ក្បាល ទម្ងន់ ១១០ គីឡូក្រាម ត្រូវបានមន្ត្រីប្រទះឃើញងាប់ដោយសារជាប់មងរបស់ប្រជានេសាទខុសច្បាប់ ខណៈមូលនិធិអភិរក្ស និងសង្គ្រោះសត្វព្រៃកម្ពុជាបង្ហាញក្ដីក្រៀមក្រំ បន្ទាប់ពីទទួលដំណឹងពីការបាត់បង់សត្វផ្សោតថ្មីនេះ។
តាមការផ្សព្វផ្សាយតាមទំព័រហ្វេសប៊ុករបស់មន្ទីរទេសចរណ៍ខេត្តក្រចេះថា កាលពីថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំនេះ ឆ្មាំទន្លេប្រចាំប៉ុស្តិ៍កាំពីបានប្រទះឃើញសត្វផ្សោតញី ១ ក្បាល មានប្រវែង ២,២៧ សង់ទីម៉ែត្រ និងទម្ងន់ ១១០ គីឡូក្រាម បានងាប់នៅចំណុចអន្លង់ព្រះសង្ឃ ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
មន្ទីរទេសចរណ៍បានបញ្ជាក់ថា៖ «យើងខ្ញុំទាំងអស់គ្នាចូលរួមសោកស្តាយបំផុតចំពោះការបាត់បង់សត្វផ្សោតញីនេះ។ ក្រោយធ្វើកោសល្យវិច័យស្ថានភាពផ្សោតដែលងាប់នេះមានសភាពហើម ធ្លាយពោះ ព្រោះជាប់មងប្រជានេសាទនៅត្រង់គល់កន្ទុយ ខណៈក្រឡាមងមានទំហំ ១៤ សង់ទីម៉ែត្រ និងប្រវែង ៣០ ម៉ែត្រ»។
ទន្ទឹមនឹងនេះមន្ទីរទេសចរណ៍បានអំពាវនាវដល់ពលរដ្ឋសូមឲ្យបញ្ឈប់រាល់ការនេសាទខុសច្បាប់គ្រប់ប្រភេទនៅតំបន់ដែលមានសត្វផ្សោតរស់នៅ និងចូលរួមអភិរក្សឲ្យបានគង់វង្ស ដើម្បីឲ្យមានកំណើនទេសចរ និងកាត់បន្ថយភាពក្រីក្រក្នុងប្រទេសកម្ពុជា។
លោក ម៉ុក ពន្លក នាយករងខណ្ឌជលផលខេត្តក្រចេះ និងជាប្រធានក្រុមការងារអភិរក្សសត្វផ្សោតមិនអាចសុំការបកស្រាយជុំវិញករណីងាប់ផ្សោតញីនេះបានទេកាលពីម្សិលមិញដោយសារទូរស័ព្ទរបស់លោកមិនមានអ្នកទទួល។
លោក សេង ទៀក នាយកប្រចាំប្រទេសនៃមូលនិធិអភិរក្ស និងសង្គ្រោះសត្វព្រៃកម្ពុជា (WWF-Cambodia) បានថ្លែងថា នេះជាដំណឹងដ៏ក្រៀមក្រំបំផុតចំពោះការបាត់បង់សត្វផ្សោតទន្លេមេគង្គ ១ ក្បាលទៀតក្នុងខេត្តក្រចេះ។
លោកបានបញ្ជាក់ថា៖ «តាមរយៈការធ្វើកោសល្យវិច័យក្រុមការងារស្រាវជ្រាវសត្វផ្សោតរបស់យើងបានពិនិត្យឃើញថាសត្វផ្សោតដែលងាប់នោះមានទម្ងន់ ១១០ គីឡូក្រាម និងមានប្រវែង ២,២៧ សង់ទីម៉ែត្រ ហើយមូលហេតុនៃការងាប់នេះគឺបណ្តាលមកពីកន្ទុយរបស់វាបានជាប់មងអ្នកនេសាទខុសច្បាប់នៅតំបន់អភិរក្សសត្វផ្សោតរស់នៅ។ សត្វផ្សោតញីនេះជាផ្សោតពេញវ័យ និងកំពុងស្ថិតនៅក្នុងវ័យបន្តពូជ»។
លោក សេង ទៀក បានបន្ថែមថា ការនេសាទខុសច្បាប់ក្នុងតំបន់ការពារសត្វផ្សោតតាមទន្លេមេគង្គក្នុងខេត្តក្រចេះ និងស្ទឹងត្រែងនៅតែជាកត្តាចម្បងមួយដែលបណ្ដាលឲ្យងាប់សត្វផ្សោតនេះ។
លោកបានបញ្ជាក់ថា៖ «ដើម្បីការពារថែរក្សាសត្វផ្សោតទន្លេមេគង្គ សូមចូលរួមបញ្ឈប់រាល់ការនេសាទខុសច្បាប់ទាំងឡាយ ជាពិសេសការនេសាទខុសច្បាប់នៅក្នុងតំបន់អភិរក្សសត្វផ្សោតទន្លេមេគង្គ»។
លោក សេង ទៀក បានឲ្យដឹងថាក្រោយរាប់សត្វផ្សោតកាលពីដើមឆ្នាំ ២០១៨ រហូតមកទល់ពេលនេះ ឃើញមានការកើនឡើងប្រមាណ ១៥ ភាគរយគឺកើនពីចំនួន ៨០ ក្បាលរហូតដល់ ៩២ ក្បាល។
លោកបញ្ជាក់ថា៖ «ក្នុងឆ្នាំ ២០១៨ យើងកត់ត្រាឃើញមានកូនផ្សោតចំនួន ១០ ក្បាល ហើយចាប់ពីឆ្នាំ ២០១៩ រហូតដល់បច្ចុប្បន្ននេះ គឺយើងកត់ត្រាឃើញ ១១ ក្បាល។ ដូច្នេះបើយើងសរុប ២ ឆ្នាំកូនផ្សោតដែលបានកើតទាំងអស់មានចំនួន ២១ ក្បាល ប៉ុន្ដែចំនួនសត្វផ្សោតដែលបានងាប់តាំងពីឆ្នាំ ២០១៨ រហូតមកដល់បច្ចុប្បន្ននេះ គឺមានចំនួន ១០ ក្បាលហើយ»។
លោក សេង ទៀក បានឲ្យដឹងថានៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ WWF-Cambodia និងសមត្ថកិច្ចពាក់ព័ន្ធនឹងរួមគ្នាធ្វើបច្ចុប្បន្នភាពឡើងវិញអំពីចំនួនសត្វផ្សោតនេះ និងបន្តរៀបចំយុទ្ធសាស្ដ្រដើម្បីអភិរក្សសត្វផ្សោតឲ្យបានគង់វង្សថែមទៀត៕