ព្រះសីហនុៈ ត្រីផ្សោត​សមុទ្រ​ ១ ​ក្បាល​ ទម្ងន់​ប្រហែល​ ២០០ ​គីឡូក្រាម ​ត្រូវ​បាន​ក្រុម​ប្រជានេសាទ​ប្រទះឃើញ​ងាប់​អណ្ដែត​ទឹក​មក​ទើរលើ​តំបន់ឆ្នេរ​ក្រោម​ស្ពាន​កោះពស់​កាលពី​ព្រឹក​ថ្ងៃ​ពុធ ហើយ​ត្រូវ​បាន​ក្រុមមន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ព្រះសីហនុ សម្រេច​ជីក​កប់​សត្វ​សមុទ្រ​ដ៏ធំ​ ១ ​ក្បាល​នេះ​ ទុក​នៅ​ក្បែរ​ឆ្នេរ​កោះពស់ ។

លោក ឯម ភា ប្រធាន​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ព្រះសីហនុ​ដែល​បាន​ចុះ​ពិនិត្យ​សាកសព​ផ្សោត​សមុទ្រ​នោះ​ដល់​កន្លែង​កើតហេតុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ផ្សោត​នោះ​បាន​ងាប់​រយៈពេល​ ១ ​សប្តាហ៍​មកហើយ និង​មាន​សភាព​ហើម​ស្អុយរលួយ​ដែល​មិន​អាច​យកមក​រក្សាទុក ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​បានទេ​។ ផ្សោត​នោះ​មាន​ទម្ងន់​ប្រហែល​ជាង​ ២០០ ​គីឡូក្រាម និង​មាន​ប្រវែង​ ២,៣០ ​ម៉ែត្រ​។

លោក​បាន​បញ្ជាក់ថា​៖ «​យោងតាម​ការពិនិត្យ​ស្លាកស្នាម​ផ្សោត​នោះបាន​ងាប់​ដោយសារ​ជាប់​មង​។ មន្ត្រី​យើង​បានសម្រេច​កប់​វា​ទុក​នៅ​នៅក្បែរ​ឆ្នេរ​កោះពស់​»​។

បើតាម​លោក​ ភា ផ្សោត​សមុទ្រ​នោះ​ជា​ផ្សោត​ឃ្លៀច (Indo-Pacific humpback dolphin) និង​ជា​ប្រភេទ​សត្វ​កម្រ​។ នៅ​កម្ពុជា​ផ្សោត​ប្រភេទ​នេះ ច្រើន​បង្ហាញ​ខ្លួន​នៅ​តំបន់​កោះព្រីង​, ឆ្នេរ​កោះ​ថ្មី កោះសេះ និង ប្រជុំ​កោះរ៉ុង​។ ដោយឡែក​ប្រជាពលរដ្ឋ​នៅឯ​ខេត្តក្រចេះ​ក៏​បាន​ប្រទះឃើញ​កូនផ្សោត​ ១ ​ក្បាល​ ងាប់​អណ្ដែត​ទឹក​តាម​ដងទន្លេមេគង្គ​ក្នុង​ចម្ងាយ​ប្រមាណ​ ៧ ​គីឡូម៉ែត្រ ​ពី​អន្លង់​ផ្សោត​កាំពី​ផងដែរ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​របស់​អង្គការ WWF-Cambodia កាលពី​ថ្ងៃ​អង្គារ​។

ក្រុមមន្ត្រី​ជំនាញ​នៃ​អង្គការ WWF-Cambodia និង​ក្រុម​ឆ្មាំ​ទន្លេ​បាន​អះអាង​ថា កូន​ផ្សោត​នោះ​ទើប​មាន​អាយុ​ ១១ ​ថ្ងៃ​ប៉ុណ្ណោះ ហើយ​វា​បាន​ងាប់​តាំងពី​ថ្ងៃអាទិត្យ​មក​ម្ល៉េះ ប៉ុន្តែ​មិនទាន់​ដឹង​ច្បាស់​ថា វា​ងាប់​ដោយសារ​មូលហេតុ​អ្វី​ឲ្យ​ពិតប្រាកដ​នៅឡើយ​ទេ បើទោះ​ជា​សភាព​នៃ​ដងខ្លួន​កូន​ផ្សោត​នោះ​មាន​លក្ខណៈ​ដាច់​រលាត់ស្បែក​ជាច្រើន​កន្លែង​ក្ដី​។

ការបាត់បង់​កូន​ផ្សោត​ទន្លេ​មេគង្គ​ដ៏កម្រ​នេះ​បាន​ធ្វើឲ្យ​ក្រុមការងារ​អភិរក្ស​ផ្សោត​ទន្លេមេគង្គ និង​ក្រុមមន្ត្រី​ជំនាញ​នៃ​អង្គការ WWF-Cambodia មានការ​សោកស្ដាយ​ហើយ​ពួកគេ​កំពុង​បន្ត​កិច្ច​សហការ​គ្នា​ស្រាវជ្រាវ ដើម្បី​ស្វែងរក​មូលហេតុ​ជាក់លាក់​នៃ​ការងាប់​របស់​កូន​ផ្សោត​នេះ​។

ផ្សោត​ទន្លេមេគង្គ​ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា បាន​ងាប់​ជា​បន្តបន្ទាប់​ដោយ​ការជាប់​មង​ដែល​បង្ហាញថា បទល្មើស​នេសាទ​នៅតែ​បន្ត​កើតមាន​នៅក្នុង​តំបន់​ដែន​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេគង្គ​នេះ​ដែល​ទាមទារ​ឲ្យ​មាន​ការពង្រឹង​ការចុះ​ល្បាត​ជាប្រចាំ និង​ត្រូវ​ចាត់​វិធានការ​ច្បាប់​ឲ្យ​តឹងរ៉ឹង​បំផុត​ចំពោះ​ជនប្រព្រឹត្ត​បទល្មើស​ដោយ​គ្មាន​ការលើកលែង​។

លោក ​សេង ទៀក នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ WWF-Cambodia បាន​និយាយថា មង​ជា​ឧបករណ៍​នេសាទ​ដែលមាន​ការគំរាមកំហែង​ដ៏ចម្បង​មួយ​ចំពោះ​ការរស់រាន​របស់​សត្វ​ផ្សោត​ទន្លេមេគង្គ​។ លោក​បាន​អំពាវនាវ​ឲ្យ​មាន​ការពង្រឹង​ការអនុវត្ត​ច្បាប់​ជលផល​ឲ្យ​បាន​តឹងរ៉ឹង​បន្ថែមទៀត និង​ពង្រឹង​ការហាមប្រាម​ដាច់ខាត​ចំពោះ​ការប្រើប្រាស់​មង​នេសាទ​៕