កណ្តាលៈ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាលនៅថ្ងៃម្សិលមិញ បានសម្រេចបិទការធ្វើចរាចរណ៍តាមផ្លូវទឹកឆ្លងកាត់ក្រោមស្ពានព្រែកតាមាក់ជាបណ្ដោះអាសន្ន បន្ទាប់ពីមានឧបទ្ទវហេតុ សាឡង់ដឹកខ្សាច់ជាង ៤០០ តោន ១ គ្រឿង បើកទៅកឿងលើខឿនសសរស្ពាននេះកាលពីល្ងាចថ្ងៃអាទិត្យ។
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាលបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃចន្ទថា សាឡង់ដឹកខ្សាច់ ១ គ្រឿង របស់លោក ចាន់ ណា បានជួបឧបទ្ទវហេតុរលត់ម៉ាស៊ីន ខណៈកំពុងធ្វើដំណើរស្របតាមបណ្ដោយខ្សែទឹក [ទឹកទន្លេមេគង្គ] មកប្រកៀកនឹងស្ពានព្រែកតាមាក់កាលពីល្ងាចថ្ងៃអាទិត្យ ហើយត្រូវបានទឹកហូរកួចទៅប៉ះទង្គិចសសរស្ពានបណ្ដាលឲ្យកឿងជាប់លើខឿនសសរស្ពានតែម្ដង។ ប៉ុន្តែក្នុងហេតុការណ៍នោះ ពុំបានបង្កឲ្យនាវិកណាម្នាក់នៅក្នុងសាឡង់នោះរងរបួស ឬគ្រោះថ្នាក់ដល់ជីវិតនោះឡើយ។
លោកបានបញ្ជាក់ថា៖ «នៅពេលនេះ ក្រុមជំនាញការផ្នែកស្ពានថ្នល់កម្ពុជា និងចិននៅមិនទាន់អាចវាយតម្លៃអំពីកម្រិតនៃផលប៉ះពាល់ស្ពានពីការប៉ះទង្គិចដោយសាឡង់ដឹកខ្សាច់នេះនៅឡើយទេ ខណៈទឹកកំពុងបន្តជន់ឡើង និងហូរកួចខ្លាំង ប៉ុន្តែដើម្បីសុវត្ថិភាព យើងបានសម្រេចបិទការធ្វើនាវាចរណ៍សាឡង់ដឹកខ្សាច់ឆ្លងកាត់ក្រោមស្ពាននេះជាបណ្ដោះអាសន្ន»។
គិតត្រឹមល្ងាចថ្ងៃម្សិលមិញ ការអូសទាញសាឡង់ដឹកខ្សាច់បើកទៅកឿងលើសសរស្ពានព្រែកតាមាក់នោះ មិនទាន់ទទួលបានជោគជ័យនៅឡើយទេ។ នេះបើតាមការបញ្ជាក់ពីលោក ម៉ឹង យូឡេង ពីល្ងាចម្សិលមិញ។
ទោះជាបែបណាក្ដី ការធ្វើចរាចរណ៍នៅលើស្ពាននៅតែបើកដំណើរការដូចធម្មតា។ នេះបើតាមការប្រាប់ឲ្យដឹងពីលោក អ៊ុង ស៊ីថា នាយផ្នែកនគរបាលចរាចរណ៍ជើងគោក ស្រុកមុខកំពូលកាលពីព្រឹកម្សិលមិញ។
លោក ស៊ីថា បាននិយាយថា៖ «នៅពេលនេះរថយន្តតូចធំនៅតែអាចធ្វើចរាចរណ៍ឆ្លងកាត់លើស្ពាននេះដូចធម្មតា»។
គួរបញ្ជាក់ថា ស្ពានព្រែកតាមាក់មានប្រវែងសរុប ១០៦០ ម៉ែត្រ និងទទឹងប្រវែង ១៣,៥ ម៉ែត្រជាមួយនឹងល្បឿនអតិបរមា ៦០ គីឡូម៉ែត្រក្នុង ១ ម៉ោង។ ការសាងសង់ស្ពាននេះ ចំណាយថវិកាប្រមាណ ៤៣,៥ លានដុល្លារក្រោមជំនួយប្រាក់កម្ចីរបស់ប្រទេសចិន និងបានដាក់ឲ្យប្រើប្រាស់នៅឆ្នាំ ២០១០។
កាលពីព្រឹកថ្ងៃចន្ទ ក្រុមមន្ត្រីជំនាញ និងម្ចាស់សាឡង់ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានពិភាក្សាគ្នារិះរកវិធីទាញយកសាឡង់ដឹកខ្សាច់ទម្ងន់ជាង ៤០០ តោននោះចេញពីខឿននៃសសរស្ពានដែលស្ថិតនៅកណ្ដាលទន្លេ។
មន្ត្រីជំនាញខ្លះ បានលើកឡើងថា ដើម្បីរំកិលសាឡង់នោះចេញពីខឿននៃសសរស្ពាននោះបានចាំបាច់ត្រូវបូមខ្សាច់យ៉ាងតិចពាក់កណ្ដាលចេញពីសាឡង់។ ប៉ុន្តែមន្ត្រីខ្លះ លើកឡើងថាត្រូវប្រើសាឡង់ ១ ឬ ២ គ្រឿងផ្សេងទៀត មកជួយអូសសណ្ដោងសាឡង់ដែលជាប់កឿងនោះ ទើបអាចទៅរួច។
លោក ស៊ីថា បានប្រាប់ឲ្យដឹងទៀតថា ក្រោយកិច្ចពិភាក្សា ក្រុមមន្ត្រីជំនាញ និងម្ចាស់សាឡង់បានឯកភាពគ្នាលើមធ្យោបាយទាំង ២ យ៉ាងខាងលើនេះ ដើម្បីអូសទាញសាឡង់ដឹកខ្សាច់នោះចេញពីខឿននៃសសរស្ពាន។ ប៉ុន្តែការសាកល្បងជំហានដំបូងត្រូវបានបរាជ័យ បន្ទាប់ពីការប្រើប្រាស់កប៉ាល់អូសទាញសាឡង់ចំនួន ៣ គ្រឿងផ្សេងទៀតមកជួយអន្តរាគមន៍អូសទាញ ដោយមិនបូមខ្សាច់ចេញពីសាឡង់ដែលជាប់កឿងនោះ។
លោក អ៊ុង ស៊ីថា បានបញ្ជាក់ទៀតថា៖ «គេយកខ្សែពួរប៉ុនៗកដៃមកចងជាប់នឹងក្បាលសាឡង់ដឹកខ្សាច់ និងកន្ទុយកប៉ាល់សណ្ដោងចំនួន ៣ ដើម្បីអូសទាញ ប៉ុន្តែសាឡង់ដឹកខ្សាច់នោះមិនកម្រើកអ្វីបន្តិចឡើយ។ មិនតែប៉ុណ្ណោះខ្សែពួរត្រូវបានដាច់»។
កាលពីម្សិលមិញលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានដឹកនាំមន្ត្រីជំនាញចុះទៅពិនិត្យស្ថានភាពស្ពានព្រែកតាមាក់ និងជួយផ្ដល់វិធីសាស្ត្រ បច្ចេកទេសក្នុងការអូសទាញសាឡង់ដឹកខ្សាច់នោះផងដែរ។
ម្ចាស់សាឡង់ដឹកខ្សាច់ខាងលើនេះគឺលោក ចាន់ ណា ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ខ្សាច់ដែលមាននៅក្នុងសាឡង់របស់គាត់នោះមានជាង ៤០០ ម៉ែត្រគុប។
លោកបន្តថា៖ «ខ្ញុំមិននៅក្នុងហេតុការណ៍នោះទេហើយតៃកុងបើកសាឡង់របស់ខ្ញុំបានរត់បាត់ហើយ ប៉ុន្តែមានគេនិយាយថាមុនពេលមានហេតុការណ៍កើតឡើងគេបានឃើញសាឡង់របស់ខ្ញុំបានគេចទូកទេសចរណ៍មួយទើបធ្វើឱ្យទឹកកួចទៅប៉ះនឹងសសរស្ពាន។ ខ្ញុំនឹងទទួលខុសត្រូវចំពោះការខូចខាតដោយឧបទ្ទវហេតុនេះ»៕