ភ្នំពេញៈ ពលករ​ខ្មែរ​ប្រមាណ​ ៥ ​ពាន់​នាក់ ​បាន​សម្រុក​ចេញពី​ប្រទេស​ថៃ​ តាម​ច្រក​នានា​នៅតាម​បណ្ដោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២ ​ក្នុង​រយៈពេល​ប្រមាណ​ជាង​ ១០ ​ថ្ងៃ ក្រោយពី​ផ្ទុះ​រីករាលដាល​នូវ​វីរុស​កូវីដ​ ១៩ ក្នុង​ខេត្ត​សាមុតសាខន ដោយហេតុ​ពួកគេ​មាន​ក្ដីកង្វល់​អំពី​ការឆ្លង​មេរោគ​នេះ​។

អាជ្ញាធរ​កម្ពុជា​នៅតាម​ខេត្ត​ជាប់​បណ្តោយ​ព្រំដែន​នៅតែ​បន្ត​ចំណាត់ការ​ និង​វិធានការ​ចម្បងៗ​របស់ខ្លួន​ក្នុង​ការការពារ​ និង​អនុវត្ត​នូវ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ និង​ក្រសួង​សុខាភិបាល​ដោយ​ប្រកាន់ខ្ជាប់​នូវ​ការណែនាំ និង​ដាក់​ពលករ​ដែល​ទើបបាន​ឆ្លង​មកពី​ប្រទេស​ថៃ​ធ្វើ​ចត្តាឡីស័ក​យ៉ាង​ត្រឹមត្រូវ​ចំនួន​ ១៤ ​ថ្ងៃ​។ គិត​ចាប់ពី​ថ្ងៃទី​ ២០ ​ខែ ធ្នូ ឆ្នាំ​ ២០២០ ​រហូត​ដល់​ពេលនេះ​ពលករ​ខ្លះ​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​មណ្ឌល​ចត្តាឡីស័ក​ បន្ទាប់ពី​ការធ្វើ​ចត្តាឡីស័ក​គ្រប់​ ១៤ ​ថ្ងៃ​ និង​ការធ្វើ​តេស្ត​សំណាក​លើក​ទី​ ២ ​របស់​ពួកគេ​មិនមាន​វិជ្ជមាន​កូវីដ ​១៩​។

លោក​ ឌី រ៉ាដូ អភិបាលរង​ខេត្ត​ឧត្តរមានជ័យ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា ពលករ​ខ្មែរ​ប្រមាណ​ជា​ ១ ៩០០ ​នាក់​ បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​មកកាន់​ខេត្ត​ឧត្តរមានជ័យ​ចាប់ពី​ថ្ងៃទី​ ២០ ខែធ្នូ រហូត​មក​ដល់​ថ្ងៃទី​ ៤ ខែ ​មករា ឆ្នាំ ​២០២១ ហើយ​សំណាក​របស់​ពួកគាត់​ត្រូវបាន​យក​ធ្វើតេស្ត​ប៉ុន្តែ​សម្រាប់​ខេត្ត​ឧត្តរមានជ័យ​គឺ​មិនទាន់​មាន​ពលករ​ណា​ម្នាក់​មាន​វិជ្ជមាន​វីរុស​កូវីដ​ ១៩​ ទេ មក​ដល់​ពេល​នេះ​។

លោក​បាន​ថ្លែងថា​៖ «​វិធានការ​ចម្បង​របស់​ខេត្ត​យើង​គឺ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​របស់​យើង​យល់ គោរព និង​អនុវត្តតាម​វិធាន​របស់​ក្រសួង​សុខាភិបាល​ដោយ​យើង​ត្រូវធ្វើ​យ៉ាងណា​នាំ​ពលករ​ដែល​បាន​ចូល​មកដល់​ក្នុង​ខេត្ត​យើង​នេះ បាន​ធ្វើ​ចត្តាឡីស័ក​ឱ្យ​គ្រប់​ ១៤ ​ថ្ងៃ​ តាម​មណ្ឌល​ចត្តាឡីស័ក​ដែល​យើង​បាន​ត្រៀម​រួចស្រេច​»​។

លោក​ ឌី រ៉ាដូ បាន​បន្ថែមថា មណ្ឌល​ធ្វើ​ចត្តាឡីស័ក​ក្នុង​ខេត្ត​ឧត្តរមានជ័យ​មាន​ចំនួន​ ១៤ ​កន្លែង​ សម្រាប់​ទទួល​ពលករ​មកពី​ប្រទេស​ថៃ​ដោយ​ក្នុង​នោះ​អាជ្ញាធរខេត្ត​មាន​ការរៀបចំ​នូវ​ការផ្គត់ផ្គង់​ម្ហូបអាហារ និង​សម្ភារ​ប្រើប្រាស់​ដោយ​មិន​ឱ្យ​ពួកគាត់​មាន​ការខ្វះខាត​ឡើយ​។

លោក​បាន​ថ្លែងថា​៖ «​យើង​បាន​ប្រើប្រាស់​ថវិកា​ដែល​ផ្តល់​ដោយ​សម្តេច​តេជោ ហ៊ុន សែន ​ទៅលើ​ពលករ​ក្នុង​ពេលធ្វើ​ចត្តាឡីស័ក​ដោយ​មិនឱ្យ​ពួកគាត់​មាន​ការបារម្ភ​ពី​ការខ្វះខាត​ឡើយ​ដូចជា​អាហារ​ ៣ ​ពេល មុង ភួយ ខ្នើយ កន្ទេល​រួម​នឹង​សាប៊ូ​ជាដើម​»​។

លោក​ ឌី រ៉ាដូ ​បញ្ជាក់​ថា ករណី​មាន​ពលករ​ម្នាក់​ដែល​បានមកពី​ថៃ​ហើយ​មិន​បានធ្វើ​ចត្តាឡីស័ក​ត្រូវ​បាន​នាំខ្លួន​គាត់​ និង​សមាជិក​គ្រួសារ​ចំនួន​ ៨ ​នាក់​ផ្សេងទៀត​មក​ធ្វើ​ចត្តាឡីស័ក​រួចហើយ​កាលពី​ថ្ងៃ​អាទិត្យ​ទី​ ០៣ ខែ​មករា​។

ចំណែក​លោក​ លី សារី ​អភិបាលរង​ខេត្តបន្ទាយមានជ័យ​ក៏​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ម្សិលមិញ​ដែរ​ថា ជាង​ ២ ​សប្តាហ៍​កន្លងមកនេះ ពលករ​ខ្មែរ​ជាង​ ១ ០០០ ​នាក់​ បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​ចូល​តាម​ខេត្ត​បន្ទាយមានជ័យ​នេះ ដោយ​ក្នុងនោះ​ពួកគាត់​ត្រូវ​បាន​ធ្វើ​ចត្តាឡីស័ក​នៅតាម​ទីតាំង​ចំនួន​ ១២ ​យ៉ាង​ត្រឹមត្រូវ​តាម​វិធាន​របស់​រាជរដ្ឋាភិបាល​ និង​ក្រសួង​សុខាភិបាល​។

លោក​ថា ថ្នាក់ដឹកនាំ​ខេត្ត​បាន​ណែនាំ​ទៅដល់​អាជ្ញាធរ​ភូមិ ឃុំ-សង្កាត់​ទាំងអស់​ត្រូវធ្វើ​ការគ្រប់គ្រង និង​នាំ​ពលករ​ដែល​ចូល​តាម​ច្រក​ខុសច្បាប់​ដែល​មិន​បានធ្វើ​ចត្តាឡីស័ក​ត្រូវ​នាំមក​ពិនិត្យ​ និង​ធ្វើ​ចត្តាឡីស័ក​ឱ្យបាន​ត្រឹមត្រូវ មិន​ឱ្យ​មានការ​ថ្លោះធ្លោយ​ឡើយ​។

លោក​ លី សារី ​បាន​ប្រាប់ថា​៖ «​ទោះបីជា​ខេត្ត​របស់​យើង​មិនមាន​ពលករ​ណា​ម្នាក់​ឆ្លង​វីរុស​កូវីដ ​១៩ ​ក៏ដោយ ប៉ុន្តែ​យើង​មិនទាន់​អាច​ធ្វេសប្រហែស​ ឬ​បន្ធូរបន្ថយ​បាន​ឡើយ​។ យើង​នៅតែ​បន្ត​ការរឹតបន្តឹង​ចំពោះ​ការត្រួតពិនិត្យ និង​ការដាក់​ឱ្យធ្វើ​ចត្តាឡីស័ក​ផងដែរ​។ សមត្ថកិច្ច​ និង​មន្ត្រី​សុខាភិបាល​បាន​ធ្វើការ​ប្រចាំការ​រយៈពេល​ ២៤ ​ម៉ោង​លើ​ ២៤ ​ម៉ោង​នៅតាម​ច្រក​ព្រំដែន​សំខាន់ៗ និង​ច្រករបៀង​ទាំងអស់​នៅក្នុង​ខេត្ត​របស់​យើង​»​។

លោក​អភិបាលរង​ខេត្ត​រូបនេះ​បាន​បន្ថែមថា លើសពីនេះ​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​បាន​សហការ​ជាមួយ​នឹង​អាជ្ញាធរ​ថៃ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ពលករ​ពី​ការការពារ និង​ទប់ស្កាត់​ការឆ្លង​នូវ​ជំងឺ​នេះ​។

បើតាម​អាជ្ញាធរខេត្ត​បាត់ដំបង​ចាប់តាំងពី​មាន​ការផ្ទុះ​វីរុស​កូវីដ​ ១៩​ ចូលក្នុង​សហគមន៍​ក្នុងប្រទេស​ថៃ​ មក​មាន​ពលករ​ខ្មែរ​ដែល​បាន​វិលត្រឡប់​ពី​ថៃ​មកវិញ​ឆ្លងតាម​ខេត្តបាត់ដំបង​គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ​គឺមាន​ចំនួន​ ១ ៨១៥ ​នាក់ ហើយ​ក្នុងចំណោម​នោះ​មាន​ពលករ​ចំនួន​ ៦ ​នាក់​ ​ត្រូវបាន​រកឃើញ​មាន​វីរុស​កូវីដ​ ១៩​។

លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​បាន​ថ្លែងថា​៖ «​វិធាន​អាទិភាព​របស់​ខេត្ត​យើង​គឺ​នៅតែ​គោរព​តាម​ការណែនាំ​របស់​សម្តេច​នាយករដ្ឋមន្ត្រី និង​ពង្រឹង​ការធ្វើ​ចត្តាឡីស័ក​ចំនួន​ ១៤ ​ថ្ងៃ​ ដល់​គ្រប់​ពលករ​ទាំងអស់​ដោយ​មិន​ឱ្យមាន​អ្នក​ណា​ម្នាក់​ទៅ​គេហដ្ឋាន​ដោយ​មិនបាន​ធ្វើ​នោះទេ​»​។

លោក​បាន​បញ្ជាក់ថា​សម្រាប់​ខេត្តបាត់ដំបង​មាន​មណ្ឌល​ចត្តាឡីស័ក​ចំនួន​ ៧ ​កន្លែង​។

លោក​ ងួន រតនៈ បាន​បន្តថា មាន​ពលករ​ខ្លះ​កំពុង​រង់ចាំ​លទ្ធផល​តេស្ត​លើក​ទី​២ ​របស់ខ្លួន​ដោយសារ​ពួកគាត់​គ្រប់​ចំនួន​ ១៤ ​ថ្ងៃ​​ នៃ​ការធ្វើ​ចត្តាឡីស័ក​។

លោក​ថ្លែងថា​៖ «​ប្រសិនបើ​ពួកគាត់​លទ្ធផល​អវិជ្ជមាន​នោះ អាជ្ញាធរ​នឹង​អនុញ្ញាត​បញ្ជូន​ពួកគាត់​ទៅតាម​គេហដ្ឋាន​វិញ​»​។

នៅ​ខាង​ខេត្ត​ព្រះវិហារ​វិញ ពលករ​ដែល​បានធ្វើ​ចត្តាឡីស័ក​គ្រប់​ចំនួន​ ១៤ ​ថ្ងៃ​ ​និង​ធ្វើតេស្ត​សំណាក​លើក​ទី​២ ​មិនមាន​វីរុស​កូវីដ ​១៩ ត្រូវបាន​អាជ្ញាធរ​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅកាន់​គេហដ្ឋាន​វិញ​ជា​បណ្តើរៗ​ហើយ​បើតាម​លោក គង់ ឡូ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បានឱ្យដឹងថា មាន​ពលករ​ប្រមាណ​ ១០ ​នាក់​ទៀត​ប៉ុណ្ណោះ​ ដែល​នៅ​ធ្វើ​ចត្តាឡីស័ក​។

យោងតាម​ក្រសួង​សុខាភិបាល​បានឱ្យដឹងថា នៅ​ថ្ងៃទី​ ៣ ខែមករា ពលការិនី អាយុ​ ២១ ​ឆ្នាំ​ ស្នាក់នៅ​ភូមិ​កូនភ្នំ ឃុំ​អណ្តូង ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន ដែល​បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ​ មកដល់​កម្ពុជា​ថ្ងៃទី​ ១ ខែ​មករា និង​បានធ្វើ​តេស្ត​វិជ្ជមាន​កូវីដ ១៩ ត្រូវ​បានដាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​។

គិត​ត្រឹម​ថ្ងៃទី​ ៤ ខែ​ មករា ឆ្នាំ​ ២០២១ កម្ពុជា​មាន​អ្នកមាន វីរុស​កូវីដ ១៩ ​ចំនួន​ ៣៨២ ​នាក់​ ក្នុង​នោះ​ព្យាបាល​ជា​សះស្បើយ​ចំនួន​ ៣៦២ ​នាក់ និង​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន​ ២០ ​នាក់​៕

វីដេអូ៖