ភ្នំពេញៈ ពលករ​ខ្មែរ​ ៤ ​នាក់​ក្នុង​ចំណោម​ ៧ ​នាក់​ ដែល​រងរបួស​ដោយសារ​ការបាក់​ស្រុត​ស្ពាន​អាកាស​មួយ​ដែល​កំពុង​សាងសង់​នៅ​ថៃ​កាលពី​រសៀល​ថ្ងៃទី​ ២៣ ខែមករា នៅ​កំពុង​បន្ត​សម្រាក​ព្យាបាល​មុខរបួស​នៅ​មន្ទីរពេទ្យ​នៅឡើយ​។

ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​ឱ្យដឹង​កាលពី​ម្សិលមិញ​ថា បច្ចុប្បន្ន​ពលករ​ខ្មែរ​ចំនួន​ ៣ ​នាក់​ បាន​ចេញពី​មន្ទីរពេទ្យ​ហើយ ចំណែក​ពលករ​ ៤ ​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅឡើយ ក្នុងនោះ​មាន​ម្នាក់​ជា​ស្ត្រី​រងរបួស​បាក់ជើង​ស្តាំ​ម្នាក់ទៀត​នឹង​ចេញពី​មន្ទីរពេទ្យ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ និង​ពលករ​ ២ ​នាក់​ទៀត​ចេញ​ពី​មន្ទីរពេទ្យ​នា​ល្ងាច​ថ្ងៃទី​ ២៥ ​មករា​។

ស្ថានទូត​កម្ពុជា​បញ្ជាក់​ថា​៖ «​ការចំណាយ​លើ​ការព្យាបាល​នៅ​មន្ទីរពេទ្យ​របស់​ពលករ​ខ្មែរ​ទាំងអស់ គឺ​ខាង​និយោជក និង​ធានា​រ៉ាប់រង​សង្គម ជា​អ្នក​ទទួលខុស​ត្រូវ ចំណែក​ពលករ​ដែល​កំពុង​សម្រាក​ព្យាបាល និង​មិនអាច​ទាន់​ចូល​ធ្វើការ​វិញ​បាន​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ទៅតាម​ច្បាប់​»​។

លោក​ កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ថ្លែង​ពី​ម្សិលមិញ​ថា ស្ពាន​អាកាស​ដែល​បាក់ស្រុត​នោះ​ស្ថិត​នៅ​បរិវេណ​ផ្លូវ​ស៊ុរៈណារី ឃុំ​ឃោកស៊ូង ស្រុក​មឿងនគររាជសីមា ខេត្ត​នគររាជ ដោយមាន​ពលករ​ខ្មែរ​រងរបួស​ធ្ងន់ស្រាល​ចំនួន​ ៧ ​នាក់​ក្នុង​នោះ​មាន​ស្រី​ចំនួន​ ៣ ​នាក់​។

លោក​ថ្លែងថា​៖ «​តាម​ការប្រាប់​របស់​អាជ្ញាធរ ពលករ​ខ្មែរ​ទាំងអស់​មាន​ធានារ៉ាប់រង​សង្គម ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មហារ៉ាតនគររាជសីមា ក្នុងនោះ​មាន​ពលករ​ចំនួន​ ២ ​នាក់​រងរបួស​ធ្ងន់​នៅត្រង់​ជើង​។ ជា​បឋម​ពុំមាន​អ្នកស្លាប់​នោះទេ ហើយ​អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ​កំពុង​ស្វែង​រុករក​ក្រែង​មាន​អ្នក​ជាប់​នៅក្នុង​គំនរ​សំណង់​បាក់​»​។

បើតាម​លោក​​ កុយ គួង មន្ត្រី​ស្ថានទូត​កម្ពុជា​បាន​ទៅ​ចុះ​សួរសុខទុក្ខ និង​បាន​នាំយក​អំណោយ​មួយចំនួន​ដូចជា​អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ម៉ាស់ អាល់កុល និង​ថវិកា​ខ្លះ​ទៅ​ជូន​ពលករ​ខ្មែរ​រងគ្រោះ​ទាំងនោះ​ផងដែរ​។ ស្ថានទូត​ក៏​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ថៃ​ក្នុង​ការរក​ដំណោះស្រាយ​ជូន​ពួកគាត់ ដូចជា​សំណង​ផ្សេងៗ​ទៀត​។

យោងតាម​កាសែត​បាងកកប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៤ ខែមករា ឱ្យដឹងថា សមត្ថកិច្ច​បាន​រកឃើញ​មូលហេតុ​នាំឱ្យ​ស្ពាន​អាកាស​នេះ​ស្រុត​ដោយសារ​កំហុស​បច្ចេកទេស​ដែល​បាន​ចាក់​ស៊ីម៉ងត៍​ច្រើន​ហួស​កម្រិត​ធ្វើឱ្យ​ជើង​ទម្រ​ស្ពាន​មិនអាច​ទ្រ​ទម្ងន់​បាន​។ សមត្ថកិច្ច​បាន​បញ្ជា​ឱ្យ​អ្នក​សាងសង់​រុះរើ​រន្ទា និង​កម្ទេចកម្ទី​ចេញ ហើយ​ត្រូវ​ទទួល​ខុសត្រូវ​ព្យាបាល​ដល់​អ្នករងរបួស​។

លោក​ ឃុន ថារ៉ូ អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​របស់​អង្គការ​សង់ត្រាល់​ថ្លែងថា​វិស័យ​សំណង់​នៅ​ប្រទេស​ថៃ​ភាគច្រើន គឺ​ប្រើប្រាស់​កម្លាំង​ពលកម្ម​បរទេស រួមទាំង​ពលករ​ខ្មែរ​ដែល​ធ្វើ​ការងារ​ដោយ​មិនមាន​ការ​គ្របដណ្តប់​ដោយ​ធានារ៉ាប់រង​សង្គម​ ឬ​ធានារ៉ាប់រង​អាយុជីវិត​ឡើយ​។ លោក​ថ្លែងថា​៖ «​ភាគច្រើន​មិនមាន​ឯកសារ​ស្របច្បាប់ និង​ប្រឈម​នឹង​គ្រោះថ្នាក់​ការងារ មាន​ហានិភ័យ​ខ្ពស់ និង​មិន​ផ្តល់​សម្ភារ​បុគ្គល​គ្រប់គ្រាន់​អំទ្បុង​ពេល​បំពេញការងារ​»​។

បើតាម​លោក​ ឃុន ថារ៉ូ តាម​ទិន្នន័យ​ដែល​អង្គការ​សង់ត្រាល់​អាច​សន្មត​បាន​ទាំង​ពលករ​ខ្មែរ​ស្របច្បាប់​តាម​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MoU) ​និង​អ្នក​មិនមាន​ឯកសារ​ស្របច្បាប់​សរុប​មាន​ចំនួន​ប្រមាណ​ ២ ​លាន​នាក់​ដោយ​ក្នុង​នោះ​ប្រមាណ​ជា​ ៣០ ទៅ ៣៥ ​ភាគរយ​កំពុងធ្វើការ​នៅក្នុង​វិស័យ​សំណង់ ផលិត​សម្ភារ​សំណង់ និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ប្រទេស​ថៃ​៕