ភ្នំពេញៈ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឲ្យដឹងថា ពលករទូកនេសាទជិត ១៥០ នាក់ ដែលជាប់គាំងនៅម៉ាឡេស៊ីលែងចង់ត្រឡប់មកកម្ពុជាវិញហើយ ខណៈស្ថានទូតកម្ពុជាប្រចាំប្រទេសនេះកំពុងរៀបចំនីតិវិធីឲ្យពួកគេអាចបន្តរស់នៅស្របច្បាប់។ រីឯអ្នកជាប់ទោសជាង ៧០ នាក់ទៀតកំពុងរៀបចំឯកសារត្រឡប់មកវិញ។
កាលពីចុងខែមេសា រដ្ឋាភិបាលអះអាងពីការចរចាជាមួយរដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីនាំយកពលរដ្ឋកម្ពុជាដែលជាអ្នកជាប់ទោសចំនួន ៧៣ នាក់ និងកម្មករនេសាទចំនួន ១៤៩ នាក់ឲ្យបានមកកម្ពុជាវិញ បន្ទាប់ពីពួកគេត្រូវបានជាប់គាំងក្នុងប្រទេសនេះអំឡុងពេលមានការហាមជើងហោះហើរដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩។
លោក ម៉ម ប៊ុនហេង បានថ្លែងក្នុងសន្និសីទកាសែតកាលពីម្សិលមិញថា៖ «ពលករនេសាទ (១៤៩ នាក់) នេះឈប់ចង់មក (កម្ពុជា) វិញហើយ ព្រោះខ្លាចទៅវិញ អត់មានការធ្វើ ហើយសុខចិត្តនៅទីនោះ ដើម្បីរកស៊ីទទួលទាន ហើយសម្រាប់អ្នកមានទោសគេកំពុងធ្វើការងារនេះ»។
ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា ក្រសួងការបរទេសកម្ពុជាដែលមានស្ថានឯកអគ្គរាជទូតប្រចាំនៅម៉ាឡេស៊ីកំពុងធ្វើការលើករណីនេះ ហើយថា បើមានការវិលត្រឡប់របស់ពលរដ្ឋខ្មែរនៅពេលណានឹងមានការជូនដំណឹងជាសាធារណៈ។
កាលពីម្សិលមិញ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានឲ្យដឹងក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា ដើម្បីសម្រួលដល់ជនបរទេសដែលកំពុងជាប់គាំងនៅប្រទេសម៉ាឡេស៊ីរដ្ឋាភិបាលនៃប្រទេសនេះបានអនុញ្ញាតឲ្យជនបរទេសអាចបន្តស្នាក់នៅប្រទេសគេដោយគ្មានការផាកពិន័យ និងមិនត្រូវជាប់ក្នុងបញ្ជីខ្មៅ។
ស្ថានឯកអគ្គរាជទូតកម្ពុជាបានបញ្ជាក់ថា សម្រាប់ជនបរទេសទាំងអស់ រួមទាំងពលរដ្ឋកម្ពុជាផងដែលទិដ្ឋាការស្នាក់នៅអស់សុពលភាពចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០ មកអាចបន្តស្នាក់នៅរហូតដល់បទបញ្ជាត្រួតពិនិត្យនៃការធ្វើដំណើរនៅក្នុងប្រទេសនេះត្រូវបានបញ្ចប់ ហើយអាចចេញពីម៉ាឡេស៊ីក្នុងរយៈពេល ១៤ ថ្ងៃ។
ស្ថានឯកអគ្គរាជទូតកម្ពុជាបន្ថែមថា សម្រាប់ជនបរទេសដែលបណ្ណពន្យារការស្នាក់នៅអស់សុពលភាពចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២០ គឺអាចមកពន្យារឡើងវិញនៅការិយាល័យអន្តោប្រវេសន៍ដែលនៅជិតបំផុតយ៉ាងយូររយៈពេល ៣០ ថ្ងៃ។
ស្ថានឯកអគ្គរាជទូតកម្ពុជាបន្តថា៖ «សម្រាប់ការទទួលបានសេវាផ្សេងៗត្រូវធ្វើការណាត់ជួបតាមប្រព័ន្ធ WWW.sto.imi.gov.my ដែលនឹងចាប់ដំណើរការពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២០ តទៅលើកលែងតែផ្នែកទិដ្ឋាការបណ្ណពន្យារការស្នាក់នៅ បណ្ណអនុញ្ញាតការងារ និងការស្នើសិទ្ធិស្នាក់នៅអចិន្រៃ្តយ៍។ ការផ្តល់សេវាកម្មអន្តោប្រវេសន៍ទាំងអស់នៅតាមមជ្ឈមណ្ឌលផ្តល់សេវាសាធារណៈតំបន់ប្រជុំជននៅទូទាំងប្រទេសនឹងបើកដំណើរការឡើងវិញ បន្ទាប់ពីបទបញ្ជាត្រួតពិនិត្យការធ្វើដំណើរត្រូវបានបញ្ចប់»។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា មិនអាចសុំការអត្ថាធិប្បាយបន្ថែមតាមប្រព័ន្ធតេឡេក្រាមបានទេកាលពីម្សិលមិញ។
កាលពីចុងខែមុនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាសូមអរគុណកូនក្មួយពលករជាង ២០០ នាក់ក្នុងនោះក៏មានកូនក្មួយអ្នកទោស ៧៣ នាក់ផងដែរ ដែលត្រូវបានផ្អាកការវិលត្រឡប់មកកម្ពុជាពេលកំពុងដាក់បម្រាមតឹងរ៉ឹងក្នុងការធ្វើដំណើរ។
លោក ហ៊ុន សែន បន្តថាដោយសារបម្រាម ដូច្នេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឲ្យកូនក្មួយពលករខ្មែរជាង ២០០ នាក់អាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ ប៉ុន្តែត្រូវទុកពេលឲ្យអាជ្ញាធរម៉ាឡេស៊ី ធ្វើតេស្តសុខភាព ដើម្បីបញ្ជាក់ថា គ្មានសញ្ញាវិជ្ជមាននៃជំងឺកូវីដ១៩។
លោកបានបញ្ជាក់ថា៖ «យើងទាំងអស់គ្នាទាំងអ្នកនៅក្នុងប្រទេស និងក្រៅប្រទេសគឺត្រូវមានការប្រុងប្រយ័ត្នជានិច្ច កុំនាំរោគឆ្លងពីក្រៅចូលក្នុង និងពីម្នាក់ទៅម្នាក់ ព្រោះជំងឺកូវីដ១៩ នេះគឺងាយឆ្លងខ្លាំងណាស់»៕