សៀមរាប៖ ចាប់ពីព្រឹកថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែឧសភា ពលទាហានថ្មីនៃសាលាពលទាហានទី ៤ នឹងចាប់ផ្ដើមហ្វឹកហ្វឺនលំហាត់បាញ់គ្រាប់ពិត នៅលើទីលានអូរកូនតឹង ដែលស្ថិតនៅព្រំប្រទល់រវាងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។
យោងតាមសេចក្ដីជូនដំណឹងស្ដីពី«លំហាត់បាញ់គ្រាប់ពិត ហ្វឹកហ្វឺនកងទ័ពថ្មី បំពេញក្របខ័ណ្ឌកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ» របស់រដ្ឋបាលខេត្តសៀមរាប ចុះថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២០ ដែលភ្នំពេញប៉ុស្តិ៍ទទួលបាននៅថ្ងៃទី ១៩ ខែសីហា លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលនៃការហ្វឹកហ្វឺននេះ នឹងមានការចល័តពលទាហាន ពីសាលាពលទាហានទី៤ (តាកុះ) ដោយចេញដំណើរតាមផ្លូវជាតិលេខ៦៧ ឆ្លងកាត់ស្រុកបន្ទាយស្រី និងស្រុកវ៉ារិន ឆ្ពោះទៅគោលដៅទីលានបាញ់គ្រាប់ពិតអូរកូនតឹង ដែលមានទីតាំងស្ថិតនៅ ភូមិត្រពាំងក្រសាំង ឃុំស្រែណូយ។
ទន្ទឹមនឹងនេះលោក បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានទីលំនៅតាមបណ្ដោយផ្លូវនេះ និងក្បែរទីលានបាញ់គ្រាប់ពិត «កុំមានការភ្ញាក់ផ្អើល និងចៀសវាងការធ្វើដំណើរឆ្លងកាត់ ឬចូលក្នុងភូមិសាស្ត្រនៃទីលានហ្វឹកហ្វឺនដែលបានបញ្ជាក់ជូនខាងលើនេះ»។
ជុំវិញលំហាត់បាញ់គ្រាប់ពិតនេះ លោក ពៅ ហេង មេបញ្ជាការរងកងយោធភូមិភាគ ៤ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅព្រឹកថ្ងៃទី១៩ខែឧសភាថា នៅក្នុងលំហាត់បាញ់គ្រាប់ពិតនេះ តម្រូវឲ្យពលទាហានថ្មី យកចំណេះដឹងផ្នែកទ្រឹស្ដី ដែលពួកគេបានរៀនសូត្រ កាលពីកន្លងទៅនេះ មកអនុវត្តន៍នៅលើទីលានបាញ់គ្រាប់ពិត ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ ក្នុងការប្រយុទ្ធ ដើម្បីការពារដែនអធិបតេយ្យភាព នៃប្រទេស កម្ពុជា ក៏ដូចជាការពារពលរដ្ឋនិងរាជរដ្ឋាភិបាលស្របច្បាប់ផងដែរ។
លោកហេងបញ្ជាក់ថា៖«លំហាត់បាញ់គ្រាប់ពិត របស់ពលទាហានថ្មី ដែលនឹងចាប់ផ្ដើមពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២០ នេះ មិនមានការប្រើប្រាស់កាំភ្លើងធំ រថក្រោះ ឬរថពាសដែក ដូចជាលំហាត់សមយុទ្ធយោធានាគមាស ឬ ហនុមាននោះទេ។ ពួកគេត្រូវចាប់ផ្ដើមរៀនបាញ់ទៅលើផ្ទាំងស៊ីបជាមុន ដោយប្រើកាំភ្លើងដៃ ដូចជាប្រភេទកាំភ្លើង AK»។
ទោះជាបែបណា លោក ហេង មិនបានប្រាប់ឲ្យដឹង អំពីចំនួនពលទាហានថ្មី ដែលនឹងត្រូវមកបំពេញការហ្វឹកហ្វឺនលំហាត់បាញ់គ្រាប់ពិតនៅលើទីលានអូរកូនតឹង ដែលមានទីតាំងស្ថិតនៅព្រំប្រទល់រវាងភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប និងភូមិអូរផ្អាវ ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នោះទេ។
លោកថ្លែងថា៖ «ខ្ញុំមិនបានដឹងអំពីចំនួនជាក់លាក់ទេ ប៉ុន្តែពលទាហានថ្មីទាំងអស់ ក្នុងសាលាពលទាហានទី ៤ នឹងត្រូវមកបំពេញលំហាត់បាញ់គ្រាប់ពិត នៅលើទីលានបាញ់គ្រាប់ពិត ដែលបានកំណត់នេះ ក្នុងករណីអវត្តមានដោយគ្មានមូលហេតុច្បាស់លាស់ នឹងត្រូវទម្លាក់ចេញពីក្របខ័ណ្ឌកងទ័ពជើងគោកដោយស្វ័យប្រវត្តិ»។
លោក ហេង បានអំពាវនាវដល់ពលទាហានថ្មីទាំងអស់ ដែលនឹងត្រូវមកបំពេញកាតព្វកិច្ច ហ្វឹកហ្វឺនបាញ់គ្រាប់ពិត ត្រូវបង្ហាញវត្តមាននៅលើទីលានតាមកាលកំណត់ និង ខិតខំបញ្ចេញសមត្ថភាពនិង ទេពកោសល្យដែលខ្លួនមាន៕