
តំបន់គម្រោងឡាសិត ២ ដែលត្រូវបែងចែកដីជូនអ្នកក្រីក្រ។ សហការី
ភ្នំពេញៈ រាជរដ្ឋាភិបាលគ្រោងនឹងពង្រីក «គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន ២ (LASED III)» ឆ្នាំ ២០២០-២០២៥ ក្នុងទំហំទឹកប្រាក់ពី ៦០ ទៅ ៩០ លានដុល្លារអាមេរិក ក្នុងខេត្ដគោលដៅចំនួន ៥ នៃភាគឦសាន ដើម្បីកាត់បន្ថយភាពក្រីក្រ ដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋគ្មានផ្ទះសំបែងនិងផ្តល់ដីកសិកម្មដល់ប្រជាពលរដ្ឋប្រមាណ ១៨ ០០០ គ្រួសារ។
លោក ដោក ដូម៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋាន លំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជានាយកគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហានទី២ (Land Allocation for Social and Economic Development Project Phase III) (LASED III) បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ កាលពីថ្ងៃអាទិត្យថា គម្រោង ៥ ឆ្នាំខាងមុខទៀតនេះ យ៉ាងហោចណាស់ ប្រជាពលរដ្ឋក្រីក្រចំនួន ១៨០០០ គ្រួសារ នឹងទទួលបានផលពីគម្រោងនេះ។ បើគិតជាការចំណាយលើគ្រួសារនីមួយៗ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិ ឃុំ នៃគម្រោងនេះ ពលរដ្ឋម្នាក់ អាចទទួលបានផលពីគម្រោងនេះប្រមាណ ៥ ០០០ ដុល្លារ។
លោកថ្លែងថា៖ «ដោយសារតែអត្រានៃភាពក្រីក្ររបស់ប្រជាពលរដ្ឋយើងទូទាំងប្រទេស នៅសល់ ១០ ភាគរយ ដូច្នេះយើងមានគោលបំណងទម្លាក់អត្រានៃភាពក្រីក្រនេះ ឲ្យចុះថែមទៀត អ៊ីចឹងគម្រោងនេះ យើងសំដៅចំពោះប្រជាពលរដ្ឋក្រីក្រ ដោយសារតែពួកគាត់ អត់មានដី។ អ៊ីចឹងបើគាត់អត់មានដី យើងចែកដីជូនពួកគាត់ទាំងដីលំនៅឋាន និងដីកសិកម្ម ព្រោះពេលពួកគាត់មានដី ពួកគាត់អាចប្រកបរបរកសិកម្ម ឬសាងសង់ផ្ទះសំបែងបាន»។
បើតាមលោក ដូម៉ា ពលរដ្ឋដែលគម្រោងនេះ ចាត់ទុកថា ជាពលរដ្ឋស័ក្តិសមទទួលបានការជួយគាំទ្រនោះ លុះត្រាតែ ជាប្រជាពលរដ្ឋ ដែលរស់នៅអចិន្រៃ្តយ៍ក្នុងភូមិ ឃុំជាក់ស្ដែង ក្នុងមូលដ្ឋានរបស់ពួកគាត់ និងមានបណ្ណក្រីក្រ ដែលចេញដោយមន្រ្ដីមូលដ្ឋាន ទើបអាចផ្ដល់ដីតាមគម្រោងបែងចែកដី ដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចដល់ពួកគាត់។
បើពួកគាត់ជាពលរដ្ឋដែលចំណាកស្រុកពីខេត្ដមួយ ទៅខេត្ដមួយទៀត នឹងមិនទទួលបានការជួយពីគម្រោងនេះទេ។
លោកបន្ដថា បច្ចុប្បន្ន ក្រុមការងារពាក់ព័ន្ធ កំពុងសិក្សាខេត្តចំនួន ៥ ទៀត ដើម្បីពង្រីកគម្រោងទី៣ នេះ ទៅខេត្តកំពង់ធំ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងខេត្តព្រះវិហារដើម្បីអនុវត្តគម្រោងនេះ ជួយដល់ប្រជាពលរដ្ឋក្រីក្រគ្មានផ្ទះសំបែង និងដីកសិកម្ម។
លោក ដូម៉ា ថ្លែងថា៖ «ខេត្តទាំងអស់នៅភាគឦសាន ភាពក្រីក្រមានកម្រិតខ្ពស់រាជរដ្ឋាភិបាលមានការតាំងចិត្តខ្ពស់ក្នុងការដោះស្រាយភាពក្រីក្រនេះឲ្យនៅក្រោមជាង ១០ ភាគរយ ហើយគម្រោងដែលយើងគ្រោងពង្រីកនៅដំណាក់កាលទី ២ នេះ គឺចាប់ពីឆ្នាំ ២០២០ រហូតដល់ឆ្នាំ ២០២៥»។
លោកបន្ថែមថា គម្រោងនេះ រាជរដ្ឋាភិបាលនឹងផ្តល់ដីសម្រាប់សង់លំនៅឋានផ្តល់ដីធ្វើកសិកម្ម ហើយរៀបចំភូមិលំនៅឋានឲ្យបានត្រឹមត្រូវមានផ្លូវថ្នល់ចេញចូលងាយស្រួល សង់សាលារៀន ផ្សារសហគមន៍ ប៉ុស្តិ៍សុខភាពអណ្តូងទឹកនិងស្រះទឹកស្អាត ផ្ទះសម្រាប់គ្រូបង្រៀននិងគិលានុបដ្ឋាកជាដើម។
បើតាមលោក ដូម៉ា តាមរយៈគម្រោងនេះនឹងជួយបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមសត្វ ដាំដុះ ឬប្រភេទដំណាំដែលត្រូវនឹងសមាសភាពដី ដែលបានចែកជូនពលរដ្ឋ ផ្តល់ពូជដំណាំ ការសាងសង់ប្រព័ន្ធធារាសាស្ត្រនានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋនិងផ្ដល់ភាពងាយស្រួលក្នុងការដាំដុះឲ្យទទួលបានទិន្នផលខ្ពស់ធានាបានសន្តិសុខស្បៀងសម្រាប់សហគមន៍ផង និងការបញ្ចេញលក់ទៅទីផ្សារខាងក្រៅជាដើម។
លោក ប៊ូ សារឿន មន្ត្រីទំនាក់ទនងនៃធនាគារពិភពលោកប្រចាំកម្ពុជាបានថ្លែង ក្នុងពេលចុះទៅកាន់ទីតាំងដីសម្បទានសង្គមកិច្ចរបស់គម្រោង LASED II នៅឃុំទីពោ ស្រុកសន្ទុកខេត្តកំពង់ធំ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា ធនាគារពិភពលោកគាំទ្រចំពោះគម្រោងបែងចែកដីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចនេះ ដើម្បីពង្រីកទៅកាន់ខេត្តចំនួន ៥ ទៀត ប៉ុន្តែមិនទាន់កំណត់ច្បាស់ពីទំហំថវិកាសម្រាប់អនុវត្តគម្រោងនេះនៅឡើយទេ។
លោកថា៖ «គម្រោងនេះបានជួយដល់ប្រជាពលរដ្ឋ ឲ្យមានភាពល្អប្រសើរឡើងដោយមានផ្ទះរស់នៅសមរម្យ មានដីធ្វើស្រែចម្ការសម្រាប់ចិញ្ចឹមជីវិត ហើយបញ្ជូនកូនចៅបានទៅរៀនទៀងទាត់»។
គួរបញ្ជាក់ថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី១ បានអនុវត្តនៅលើទីតាំងចំនួន ១៤ កន្លែង ស្ថិតក្នុងខេត្តចំនួន ៥ មានដូចជាខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ធំ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។
គម្រោងទី១ នេះបានអនុវត្តដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងលេខាធិការដ្ឋានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គជអប) ដែលមានរយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០១៦ ដល់ ឆ្នាំ ២០២១ ដោយត្រូវចំណាយថវិកាប្រមាណ ២៦ លាន ៨ សែនដុល្លារ បានមកពីការផ្តល់ហិរញ្ញប្បទានពីធនាគារពិភពលោក និងបដិភាគរបស់រាជរដ្ឋាភិបាល ដោយមានប្រជាពលរដ្ឋទទួលផលប្រមាណ ៥ ១៤១ គ្រួសាររួចហើយ៕