ភ្នំពេញៈ នៅពេលដែលលោក និត (ឈ្មោះប្រឌិតដើម្បីការពារប្រភព) បានទៅដល់រដ្ឋ Wisconsin គឺគាត់មានអាយុ ៥ ឆ្នាំដោយគាត់បានរត់គេចពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមហើយបានរស់នៅជំរំជនភៀសខ្លួននៅក្នុងប្រទេស ២ ផ្សេងគ្នា។
ក្នុងរយៈពេល ៤០ ឆ្នាំលោក និត បានកសាងជីវិតថ្មីមួយនៅលើទឹកដីសហរដ្ឋអាមេរិកហើយទទួលបានបរិញ្ញាបត្រផ្នែកកិច្ចការសង្គម និងបានបើកអាជីវកម្មជួសជុលម៉ាស៊ីនព្រីន (printer) ជាមួយប្រពន្ធរបស់គាត់ និងចិញ្ចឹមកូនប្រុសអាយុ ១៧ ឆ្នាំម្នាក់ និងកូនស្រីអាយុ ១៥ ឆ្នាំម្នាក់ទៀត។
លោក និត បានរៀបរាប់ថា៖ «ខ្ញុំបានហៅអាមេរិកថាជាផ្ទះរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំគឺជាផ្នែកមួយរបស់អាមេរិក។ ខ្ញុំមិនដែលគិតថាខ្ញុំនឹងមានបញ្ហានោះទេ»។
បន្ទាប់មកនៅក្នុងឆ្នាំ ២០១៤ គាត់ត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសពីបទកាន់កាប់កញ្ឆាហើយកាលពីឆ្នាំមុនមន្ត្រីអន្តោប្រវេសន៍អាមេរិកបានទៅគោះទ្វារផ្ទះរបស់គាត់។
លោក និត ដែលនិយាយមិនបញ្ចេញឈ្មោះពិតពីព្រោះព្រួយបារម្ភអំពីស្ថានភាពរបស់គាត់ក្នុងនាមជាជនដែលត្រូវនិរទេសខ្លួនដែលវាអាចប៉ះពាល់ដល់ទស្សនវិស័យការងាររបស់គាត់ជាមនុស្សម្នាក់ក្នុងចំណោមពលរដ្ឋខ្មែរ ៤៣ នាក់ដែលត្រូវបានបញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ដែលជាការបញ្ជូនពលរដ្ឋខ្មែរមកពីសហរដ្ឋអាមេរិកវិញក្នុងមួយជើងដ៏ច្រើនបំផុតដែលមិនធ្លាប់មានពីមុន។
លោក Bill Herod អ្នកនាំពាក្យអង្គការគាំទ្រការធ្វើសមាហរណកម្មនិរទេសជន បានថ្លែងថាអារម្មណ៍គឺ «វិជ្ជមាន» បើទោះបីជាមិនទាន់ច្បាស់លាស់អំពីអនាគតដែលពួកគេនឹងប្រឈមក្តី។
លោក Herod បានថ្លែងថា៖ «ពួកគេសប្បាយរីករាយណាស់ដែលបានចេញពីច្រវាក់ ហើយចេញពីយន្តហោះ»។
កាលពីលើកមុនក្រុមអ្នកដែលត្រូវបានគេនិរទេសមកវិញច្រើនបំផុតគឺមានចំនួន ១៥ នាក់។ កម្មវិធីបញ្ជូនពលរដ្ឋខ្មែរមកវិញដ៏ចម្រូងចម្រាសនេះបានបង្កឱ្យមានការបែកបាក់រវាងសហរដ្ឋអាមេរិក និងកម្ពុជាកាលពីឆ្នាំមុន បន្ទាប់ពីប្រទេសកម្ពុជាបានបញ្ឈប់ចេញឯកសារធ្វើដំណើរដល់អ្នកដែលត្រូវនិរទេសទាំងនោះ។ ជាលទ្ធផលសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទិដ្ឋាការដល់មន្ត្រីក្រសួងការបរទេសកំពូលៗរបស់កម្ពុជា។
ស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងភ្នំពេញបានបដិសេធមិនធ្វើអត្ថាធិប្បាយថាតើទណ្ឌកម្មអាចនឹងត្រូវដកចេញនៅថ្ងៃព្រហស្បតិ៍នេះឬយ៉ាងណានោះទេ។ ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី បានបង្ហាញក្តីសង្ឃឹមរបស់លោកថាវានឹងមកដល់។
លោក សុន្ទរី ថ្លែងក្នុងសារមួយថា៖ «ឥឡូវនេះជាថ្មីម្តងទៀតយើងគាំទ្រការអះអាងរបស់យើងដោយសកម្មភាពជាក់ស្តែង។ ហើយយើងទន្ទឹងរង់ចាំការឆ្លើយតបជាវិជ្ជមានពីសហរដ្ឋអាមេរិកដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគី»។
ការនិរទេសនេះត្រូវបានរិះគន់ពីក្រុមអ្នកតស៊ូមតិសម្រាប់ជនអន្តោប្រវេសន៍ និងពីរដ្ឋាភិបាលកម្ពុជាដែលបានកត់សម្គាល់ថាភាគច្រើននៃអ្នកដែលត្រូវនិរទេសខ្លួននោះគឺពួកគេបានភៀសខ្លួនក្នុងនាមជាជនភៀសខ្លួនពីរបបខ្មែរក្រហមតាំងពីពួកគេនៅវ័យក្មេងម្ល៉េះ។
កាលពីថ្ងៃអង្គារលោក Anoop Prasad មេធាវីមកពីក្រុមហ៊ុនមេធាវី Asian Law Caucus ដែលតំណាងឱ្យពលរដ្ឋកម្ពុជាដែលត្រូវបាននិរទេសជាច្រើននាក់កាលពីថ្ងៃព្រហស្បតិ៍បានបង្ហោះសារថា គាត់ពិតជា «ខកចិត្ត» ខ្លាំងណាស់។
លោក Prasad បានសរសេរថា៖ «កាលពីប៉ុន្មាននាទីមុនជើងហោះហើរនាំពលរដ្ឋដែលត្រូវនិរទេសខ្លួនច្រើនបំផុតដែលមិនធ្លាប់មានពីមុនចាកចេញទៅប្រទេសកម្ពុជាហើយ។ ពួកគេទាំងអស់នោះសុទ្ធតែជាជនភៀសខ្លួនក្នុងសម័យខ្មែរក្រហម។ ការតស៊ូពីប្រជាពលរដ្ឋខ្មែរអស់រយៈពេលជាច្រើនខែមកនេះត្រូវបានគេឮ... សូមចំណាយពេលវេលាបន្តិចដើម្បីសម្តែងការសោកស្តាយមុននឹងបន្តប្រយុទ្ធទៅមុខទៀត។ យើងមានការងារដែលត្រូវធ្វើ»។
លោក Herod ថ្លែងថា ភាគច្រើននៃពលរដ្ឋដែលត្រូវបញ្ជូនត្រឡប់មកវិញនេះនឹងយកទៅដាក់បណ្តោះអាសន្ននៅអង្គការគាំទ្រការធ្វើសមាហរណកម្មនិរទេសជនរហូតទាល់តែពួកគេអាចរកលំនៅឋានផ្ទាល់ខ្លួនបាន។ អង្គការនេះពីមុនត្រូវបានគេស្គាល់ថា ជាមជ្ឈមណ្ឌល Returnee Integration Support Center ដែលត្រូវបានផ្តល់មូលនិធិដោយទីភ្នាក់ងារ USAID គណៈកម្មាធិការ Mennonite Central Committee និងពីម្ចាស់ជំនួយឯកជនមួយចំនួនទៀត។
ចំពោះលោក និត គាត់បានទាក់ទងជាមួយបងប្អូន និងពូរបស់គាត់ដែលរស់នៅក្នុងរាជធានីភ្នំពេញហើយគាត់សង្ឃឹមថាគាត់នឹងអាចចាប់ផ្តើមអាជីវកម្មជួសជុលម៉ាស៊ីនព្រីនរបស់គាត់ ឬក៏បង្រៀនភាសាអង់គ្លេសនៅក្នុងប្រទេសកម្ពុជាដែលមានប្រពន្ធរបស់គាត់នៅក្បែរ។
លោក និត បានបញ្ជាក់ថា កូនប្រុសរបស់គាត់ដែលត្រូវចូលរៀននៅសាកលវិទ្យាល័យ Wisconsin ក្នុងរដូវស្លឹកឈើជ្រុះខាងមុខ គឺកំពុងទទួលយកវាយ៉ាងលំបាកបំផុត។
លោក និត ថ្លែងថា៖ «វាពិតជាគួរឱ្យខ្លោចចិត្តណាស់។ ប៉ុន្តែខ្ញុំកំពុងព្យាយាមរក្សាភាពវិជ្ជមាន»៕ NS