ភ្នំពេញៈ នៅក្នុង​ឆ្នាំ​ ២០១៨ ​ដោយ​គិត​ត្រឹម​ថ្ងៃទី​ ២០ ខែ​ឧសភា​ចំនួន​មនុស្ស​ដែល​បាន​ស្លាប់ និង​របួស ដោយសារ​ករណី​រន្ទះបាញ់ និង​ខ្យល់​កន្ត្រាក់​មាន​ចំនួន​ជាង​ ១០០ ​នាក់ ខណៈ​លំនៅឋាន​ប្រជាពលរដ្ឋ​ជាង​ ១៦០០ ​ខ្នង​ផ្ទះ​បាន​រង​ផលប៉ះពាល់ និង​ខូចខាត​យ៉ាង​ដំណំ និង​បាន​សម្លាប់​សត្វពាហនៈ​ប្រជាពលរដ្ឋ​ជាង​ ៥០ ​ក្បាល​ផង​ដែរ​។ នេះ​បើ​តាម​ការអះអាង​របស់​លោក កែវ វី អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ​កាលពី​ម្សិលមិញ​។

លោក​ថ្លែង​ថា​ដោយ​រាប់​ចាប់ពី​ដើម​ខែ​មករា​មក​ដល់​ថ្ងៃទី​ ២០ ខែ​ឧសភា បាតុភូត​រន្ទះបាញ់​បាន​សម្លាប់​មនុស្ស​រហូត​ដល់​ ៥១ ​នាក់ និង​បង្ក​របួស ៤០ ​នាក់​ព្រម​ទាំង​បាន​សម្លាប់​សត្វពាហនៈ​របស់​ប្រជាកសិករ​សរុប ៥៣ ​ក្បាល ព្រម​ទាំង​បាន​បំផ្លាញ​លំនៅឋាន​ប្រជាពលរដ្ឋ​អស់​ ១១ ​ខ្នង​ផ្ទះ​។

លោក វី ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ផង​ដែរ​ថា ចំណែក​ករណី​ភ្លៀង​ខ្យល់​វិញ​បាន​បង្ក​ឲ្យ​មនុស្ស​យ៉ាង​តិច​ ២ ​នាក់​ស្លាប់ និង ២៥ ​នាក់​ទៀត​រងរបួស​ព្រម​ទាំង​បាន​បំផ្លិច​បំផ្លាញ​លំនៅឋាន​ពលរដ្ឋ​អស់​ ១៦៤៨ ​ខ្នង​ផ្ទះ​ក្នុង​នោះ​ផ្ទះ​ ៣៩៤ ​ខ្នង​ត្រូវ​បាន​ដួល​រំលំ​បាក់បែក​ខូចខាត​ទាំង​ស្រុង និង​បាន​បង្ក​ឲ្យ​ដំបូល​អគារ​សាលារៀន ១៥ ​អគារ​ត្រូវ​ប៉ើង​របើក​ខូចខាត ប៉ះពាល់​ដល់​ការសិក្សា​របស់​សិស្ស និង​បាន​ធ្វើឲ្យ​អគារ​រដ្ឋបាល​សាធារណៈ​របស់​រដ្ឋ​ចំនួន​ ៧ រួម​មាន​សាលាឃុំ មន្ទីរពេទ្យ និង ប៉ុស្តិ៍នគរបាល​ក៏​រង​ការខូចខាត និង ប៉ះពាល់​ដល់​ការផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ​។

លោក កែវ វី បាន​ថ្លែង​ថា​៖ «​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​គឺ​តែង​មាន​ខ្យល់​បក់បោក​ខ្លាំង និង ផ្គរ​រន្ទះ​កើតឡើង​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត ប៉ុន្តែ​ប្រជាកសិករ​យើង​នៅ​តាម​ទីជនបទ​ដាច់ស្រយាល ពួកគាត់​រីករាយ​ធ្វើ​ស្រែ​ចម្ការ​នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ដែល​ប្រការ​នេះ​នៅ​តែ​ជា​ក្ដីកង្វល់​របស់​យើង​»​។

ដោយ​ឡែក​លោក ចាប ប៉ុន នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ស្រើង ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​​ថ្ងៃ​ម្សិលមិញ​ថា កាលពី​វេលា​ម៉ោង​ ៤:៤០ ​នាទី​ល្ងាច​មាន​ករណី​រន្ទះបាញ់​ដើមដូង និង បាន​បង្ក​ឲ្យ​មនុស្ស​ប្រុស-ស្រី​ ៣ ​នាក់​ដែល​អង្គុយ​ជជែក​គ្នា​លេង​នៅ​ក្រោម​ផ្ទះ​ក្បែរ​ដើម​ដូង​នោះ រងបួស​ដោយ​ដួល​សន្លប់​បាត់​ស្មារតី​អស់​ជាច្រើន​ម៉ោង​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹកបញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ធំ​ដោយ​សង្គ្រោះ​ជីវិត​បាន​ដោយ​សុវត្ថិភាព និង​បាន​វិល​មក​ផ្ទះ​វិញ​ហើយ​៕