កណ្តាលៈ មាន​ប្រជាពលរដ្ឋ​ចំនួន​ ៣៥ ​នាក់​ ក្នុងភូមិ​ចំនួន​ ២ ​នៃ​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ​បាន​កើត​ជំងឺ​គ្រុនឈីក​ជា​បន្តបន្ទាប់ ស្របពេល​ក្រុមការងារ​កំពុង​បន្ត​ដាក់ចេញ​វិធានការ​ទប់ស្កាត់​ជំងឺ​នេះ កុំឲ្យ​​រីករាលដាល​ទៅ​ភូមិ​ផ្សេងទៀត​ដោយ​ការបាញ់​ថ្នាំ​សម្លាប់​មូស និង​ដាក់​ថ្នាំ​អាបែត​នៅតាម​ផ្ទះ​។

លោក គួយ ប៊ុនធឿន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ចាប់តាំងពី​ដើម​ខែ​កញ្ញា​មក​ទល់​ថ្ងៃទី​ ២១ កញ្ញា​គឺមាន​ពលរដ្ឋ​កើត​ជំងឺ​គ្រុនឈីក​ជា​បន្តបន្ទាប់​។ លោក​បន្តថា អ្នកជំងឺ​ដែល​ឈឺ​ទាំង​ ៣៥ នាក់​នេះ​គឺ​រស់នៅ​ភូមិ​ដីឥដ្ឋ និង​ភូមិ​កោះផុស​ដោយ​កើតមាន​អាការ​ក្តៅខ្លួន និង​កន្ទួល​រមាស់​ជា​បន្តបន្ទាប់ ប៉ុន្តែ​ត្រូវបាន​ជួយសង្គ្រោះ​ទាន់ពេលវេលា​។

លោក​ថា​៖ «​អ្នក​ដែល​សង្ស័យ​ ១០ ​នាក់​នៅ​ភូមិ​ដីឥដ្ឋ និង​នៅ​ភូមិ​កោះផុស​មាន​ ២៥ ​នាក់ ហើយ​មាន​អ្នក​ឈឺ​ជា​បន្តបន្ទាប់​ម្នាក់ ២ ​នាក់​អី​ទៀត​។ មកទល់​ពេល​នេះ​គាត់​ជាសះស្បើយ ២៩ ​នាក់​ ហើយ​ដែល​ព័ត៌មាន​ទទួល​បាន​នៅ​តែ ៦ ​នាក់​ទៀត​ទេ ដែល​កំពុង​ព្យាបាល​យ៉ាង​យកចិត្ត​ទុកដាក់ ក៏​កំពុង​ជាសះស្បើយ​ជា​បណ្តើរៗ​ហើយ​ដែរ​»​។

ជាមួយ​គ្នា​នេះ​លោក​ ប៊ុនធឿន ​ថ្លែង​ថា ក្រុមការងារ​ក៏បាន​ចុះទៅ​អប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​នៅ​ភូមិ​ទាំង​ ២ ​នោះ​ឲ្យ​មាន​ការប្រុងប្រយ័ត្ន​ព្រមទាំង​ចុះ​បាញ់ថ្នាំ​សម្លាប់សត្វ​​មូស ដាក់​ថ្នាំ​អាបែត​គ្រប់​ផ្ទះ​ផងដែរ​។

លោក​ថា ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ​កុំឲ្យ​មាន​ការរីករាលដាល និង​អាច​ស្ថិតក្នុង​ការគ្រប់គ្រង​បាន ក្រុម​ការងារ​ក៏​បាន​ណែនាំ​ដល់​មន្ទីរពេទ្យ​ឯកជន​ទាំងអស់​ត្រូវ​តែ​បញ្ជូន​អ្នកជំងឺ​ដែល​សង្ស័យ​កើត​ជំងឺ​គ្រុនឈីក​មកកាន់​មន្ទីរពេទ្យ​រដ្ឋ​ដើម្បី​ឲ្យ​ងាយស្រួល​គ្រប់គ្រង និង​ព្យាបាល ចៀសវាង​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​។ លោក​បន្ថែមថា​៖ «​ពលរដ្ឋ​ក៏​ដូចគ្នា បើ​មាន​ការសង្ស័យ​លើ​រោគសញ្ញា​ទាំងនេះ គួរ​មក​មន្ទីរពេទ្យរដ្ឋ ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​លោកអ្នក​»​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ចំពោះ​ស្ថានភាព​ជំងឺ​គ្រុនឈីក​នៅ​ទូទាំង​ប្រទេស​គឺ​ស្ថិត​ក្នុង​ការគ្រប់គ្រង​បាន​។ លោកស្រី​បន្តថា ចំពោះ​ការកើត​មាន​ឡើង​នូវ​ជំងឺ​នេះ​នៅ​ខេត្តកណ្តាល​គឺ​មិនមែន​ជា​ការផ្ទុះ​ធ្ងន់ធ្ងរ​នោះទេ ដោយ​ក្រុម​ការងារ​ខេត្ត​បាន​ចុះ​អន្តរាគមន៍​ទាន់ពេលវេលា​ហើយ​។ យ៉ាងណាក្តី​លោកស្រី​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ ចំពោះ​តួលេខ​បច្ចុប្បន្ន​ថា តើ​មាន​ពលរដ្ឋ​ឆ្លង​ជំងឺ​នេះ​ប៉ុន្មាន​ទៀត​នៅ​ទូទាំង​ប្រទេស ខណៈ​កាលពី​ខែ​សីហា មាន​អ្នក​សង្ស័យ​ឆ្លង​ជំងឺ​គ្រុនឈីក​ជិត ២ ០០០ ​នាក់ ​នៅ​ ១៥ ​ខេត្ត​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃទី​ ២៣ ខែកក្កដា​ឲ្យ​ដឹងថា ជំងឺ​គ្រុនឈីក​បាន​កើតឡើង​ដំបូង​បំផុត​នៅក្នុង​ឆ្នាំ​ ១៩៥៣ នៅ​ទ្វីប​អាហ្វ្រិក និង​ធ្លាប់បាន​រកឃើញ​ដំបូង​នៅ​កម្ពុជា​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​កាលពី​ឆ្នាំ​ ១៩៦១ និង​នៅ​ឆ្នាំ​ ២០១១​។

ជំងឺ​គ្រុនឈីក គឺជា​ជំងឺ​បង្ក​ឡើង​ដោយ​វីរុស​ឈីក ហើយ​ចម្លង​តាមរយៈ​មូស​ខ្លាញី​ខាំ ជាពិសេស​ខាំ​នៅពេល​ថ្ងៃ​។ រោគសញ្ញា​ជំងឺ​នេះ​ស្រដៀង​នឹង​ជំងឺ​គ្រុនឈាម​ដែរ ដោយ​គ្រាន់តែ​អ្នក​ផ្ទុក​ជំងឺ​គ្រុនឈីក​មាន​អាការ​ក្តៅខ្លួន ឡើង​កន្ទួល​ក្រហម និង​ឈឺសន្លាក់​រាងកាយ​។ ​

ជំងឺ​គ្រុនឈីក​មិន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​នោះទេ ដោយ​វា​នឹង​ជា​សះស្បើយ​ក្នុង​អំឡុងពេល ១ ​សប្តាហ៍​ ឬ​យូរ​ជាង​នេះ​ដោយ​គ្រាន់តែ​ធ្វើឲ្យ​អ្នកជំងឺ​មាន​អាការ​ឈឺសន្លាក់​ដៃជើង​យូរ​ឆ្នាំ​។ ប៉ុន្តែ​ប្រសិន​បើ​អ្នកជំងឺ​គ្រុនឈីក​កើត​ក្នុង​អំឡុងពេល​មាន​ជំងឺ​ផ្សេងទៀត​ដូចជា ជំងឺ​គ្រុនឈាម គ្រុនចាញ់ នឹង​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​បាន​។ នេះ​បើតាម​ក្រសួង​សុខាភិបាល​កម្ពុជា​៕