ព្រះសីហនុៈ ពលរដ្ឋ​ជាង ១០០ គ្រួសារ​រស់នៅ​សហគមន៍​ត្រជាក់​ចិត្ដ​និង​សហគមន៍​បាត​ខ្ទះ​កាល​ពី​ម្សិលមិញ​បាន​ប្រមូល​ផ្ដុំគ្នា​យក​ញត្ដិ​ទៅ​ដាក់​នៅ​រដ្ឋបាល​ស្រុក​ព្រៃនប់ ដើម្បី​ជួយ​អន្តរាគមន៍​ទៅ​ប្រធាន​ក្រុមហ៊ុន​ឋានសួគ៌​ចំកាត់​ឲ្យ​បើក​ផ្លូវ​ឲ្យ​ពួកគាត់​បាន​ឆ្លង​កាត់​ទៅ​ប្រមូល​ផល​ដំណាំ​លើដី​មាន​វិវាទ​ដែល​មិន​ទាន់​ដោះស្រាយ​ចប់​តាំង​ពី​ឆ្នាំ ២០១១ មក។

លោក យូ វាសនា តំណាង​ពលរដ្ឋ​ខាងលើ​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិលមិញ​ថា ពលរដ្ឋ​រស់​នៅ​ក្នុង​សហគមន៍​អូរ​ត្រជាក់​ចិត្ត និង​សហគមន៍​បាតខ្ទះ​រាប់​សិប​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​រង្វង់​មូល ព្រះសង្ឃ​ដឹក​ដៃ​ក្មេង មាន​ទីតាំង​ជាប់​ផ្លូវ​ជាតិ​លេខ ៤ ចម្ងាយ​ប្រហែល ២ គីឡូម៉ែត្រ​ពី​សាលា​ស្រុក​ព្រៃនប់។

លោក​ថា ក្រោយ​បាន​ជួបជុំគ្នា​រួច ពលរដ្ឋ​ទាំង ២ សហគមន៍​នេះ​ក៏បាន​ដង្ហែ​ក្បួន​ទៅ​កាន់​សាលា​ស្រុក​ព្រៃនប់ ដើម្បី​ស្នើសុំ​ជួយ​អន្តរាគមន៍​ទៅ​ប្រធាន​ក្រុមហ៊ុន​ឋានសួគ៌​ចំកាត់​ឱ្យ​បើក​ទ្វារ​របង​ឡើង​វិញ បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​បាន​ធ្វើ​ទ្វារ​បិទផ្លូវ​មិន​ឲ្យ​ឆ្លង​កាត់ និង​សំណូមពរ​ឲ្យ​បើក​ផ្លូវ​នោះ​ឡើង​វិញ។

លោក វាសនា បានឱ្យដឹងថា៖ «អាជ្ញាធរ​ស្រុក​បាន​យក​ញ​ត្ដិ​របស់​យើង​ដែល​បានស្នើ​សុំ​បើក​ទ្វារ​របង​របស់​ក្រុមហ៊ុន​នេះ​ទៅ ប៉ុន្ដែ​ពេល​គាត់​ប្រមូល​ឯកសារ​រួច​ហើយ​ក៏បាន​បញ្ជាក់​ថា ហួស​ដែន​សមត្ថកិច្ច​របស់​គាត់​ដោយ​ប្រាប់​ថា យោង​លើ​ឯកសារ​យើង​ធ្លាប់​ដាក់​ទៅ​ថ្នាក់​ខេត្ដ និង​ថ្នាក់​ជាតិ»។

លោក​បន្ថែមថា៖ «គាត់​ប្រាប់​ឱ្យ​តំណាង​ពលរដ្ឋ​ទៅសុំ​ទម្រង់​បែបបទ​ដាក់​ពាក់​ស្នើ​សុំ​នេះ​នៅ​ការិយាល័យ​អន្ដរ​វិស័យ​នៅ​សាលា​ខេត្ដ​ព្រះសីហនុ​ដើម្បី​បាន​ទទួល​ស្គាល់​ពី​ភូមិ មេឃុំ និង​រដ្ឋបាល​ស្រុក​ទើប​អាច​ដាក់​ឯកសារ​នេះ​ទៅ​ដល់​ខេត្ដ​ដើម្បី​ឱ្យ​ខេត្ដ​ទទួល​ស្គាល់»។

បើតាម​លោក វាសនា ដោយមាន​ការណែនាំ​ពី​រដ្ឋបាល​ស្រុក​បែប​នេះ​លោក​នឹង​រៀបចំ​ឯកសារ​ដាក់​ទៅ​រដ្ឋបាល​ខេត្ដ​ក្នុង​ពេល ២-៣ ថ្ងៃ​ខាង​មុខ​នេះ ខណៈ​បញ្ហា​ដីធ្លី​ដែល​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ ២០១១ រហូតមក​នោះ​នៅ​មិន​ទាន់​បាន​ដោះស្រាយ​ចប់។

លោក​បាន​បញ្ជាក់ថា៖ «ពលរដ្ឋ​នៅ​សហគមន៍​ត្រជាក់​ចិ​ត្ដ​ជាង ៦០ គ្រួសារ​មាន​ដី​ប្រមាណ ៣០៣ ហិកតា​ ដែល​មិន​ទាន់​បាន​ដោះស្រាយ ចំណែក​សហគមន៍​បាតខ្ទះ​មាន​ពលរដ្ឋ​ជាង ៤០ គ្រួសារ​ដែលមាន​ដី​ប្រមាណ​ជាង ២៥០ ហិកតា​ដែល​ត្រូវ​ក្រុមហ៊ុន​ឋានសួគ៌​មក​រំលោភ​បំពាន​ដោយ​គ្មាន​អាជ្ញាប័ណ្ណ និង​មិនមាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​ត្រឹមត្រូវ»។

អ្នកស្រី អឿន ង៉ែត តំណាង​ពលរដ្ឋ​នៅ​សហគមន៍​បាតខ្ទះ​បានឱ្យដឹង​ថា មន្ត្រី​រដ្ឋបាល​ស្រុក​ព្រៃនប់​បាន​មក​ជួប​ពលរដ្ឋ តែ​មិន​ឱ្យ​ហែ​ក្បួន​ទេ ដោយ​បាន​លើក​ហេតុផល​ថា ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍ ហើយ​បង្វែរ​ឱ្យ​ពលរដ្ឋ​ទៅ​ជួបជុំ​នៅ​សាលា​ស្រុក​វិញ។

អ្នកស្រី​បន្ដថា៖ «ខាង​សាលាស្រុក​បានឱ្យ​តំណាង​សហគម​ន៍​យើង​ទាំង ២ ចំនួន ៦ នាក់​ ចូល​ទៅ​ជួប​ជាមួយ​គាត់​នៅ​ការិយាល័យ​ដោយ​គាត់​បាន​ប្រាប់​យើង​ឱ្យ​ទៅ​ដាក់​ឯកសារ​នៅ​សាលា​ខេត្ដ​វិញ»។

លោក ឃ​ន ម៉ន នាយករង​រដ្ឋបាល​ស្រុក​ព្រៃនប់​ដែល​បាន​ជួប​ផ្ទាល់​ជាមួយ​ពលរដ្ឋ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ពលរដ្ឋ​ទាំង​នេះ​ធ្លាប់​បាន​ដាក់​ញ​ត្ដិ​ទៅ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ ទៅ​រដ្ឋសភា និង​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់​ជុំវិញ​ការ​ស្វែងរក​ដំណោះស្រាយ​រឿង​ដីធ្លី​របស់​ពួក​គាត់​នេះ ហើយ​ក្រសួង​នេះ​បាន​បញ្ជូន​កិច្ច​ការងារ​នេះ​មក​រដ្ឋបាល​ខេត្ដ​ជា​អ្នក​ដោះស្រាយ។

លោក​បាន​បន្ដថា៖ «ករណី​ទី ២ នេះ គាត់​សុំ​មក​ថ្នាក់រដ្ឋបាល​ស្រុក​ឲ្យ​បើក​ផ្លូវ​ប្រើប្រាស់​ពី​ផ្លូវ​សម្ដេច​សង្ឃ​ទៅ​កាន់​ទីតាំង​ដី​របស់​គាត់។ ជា​លទ្ធផល​ដោយសារ​សំណើ​របស់​គាត់​នោះ​ដាក់​ទៅ​រដ្ឋបាល​ខេត្ដ ក្រសួង​ដែនដី និង​រដ្ឋសភា​ហើយ អ៊ីចឹង​ជា​សមត្ថកិច្ច​កំពុង​ស្ថិត​នៅ​ថ្នាក់​រដ្ឋបាល​ខេត្ដ រដ្ឋសភា និង​ក្រសួង​រៀបចំ​ដែនដី»។

យ៉ាងណាក្ដីលោក ឃ​ន ម៉ន បាន​បញ្ជាក់ថា ជា​លទ្ធផល​ក្រសួង​បាន​ចុះ​ទៅ​ទីតាំង​តាម​សំណើ​របស់​ពលរដ្ឋ​ហើយ​បាន​ពិនិត្យ​ឃើញ​ថា ទីតាំង​ដី​នេះ​ពលរដ្ឋ​ពុំបាន​កាន់​កាប់​អាស្រ័យ​ផល​ទេ​ហើយ​ជា​ប្រភេទ​ដី​គម្រប​ព្រៃឈើ​ដោយ​មាន​ព្រៃឈើ ៩០ ភាគរយ​និង​មាន​ឈើ​ល្អ​បង្គួរ។

លោក​បញ្ជាក់ថា៖ «ការដាក់​ញ​ត្ដិ​របស់គាត់​កម្មវត្ថុ​សំណើ មានតែ​មួយ​ទេ គឺ​សុំ​បើកផ្លូវ​ទៅ​កាន់​ទីតាំង​ដី​របស់​ពួកគាត់ ប៉ុន្ដែ​ពាក់ព័ន្ធ​នឹង​ទីតាំង​ដី​ពួកគាត់​បាន​ដាក់​ញត្ដិ​ទៅ​រដ្ឋសភា​និង​ក្រសួង​រៀបចំ​ដែនដី​រួចហើយ​រង់ចាំ​តែ​លទ្ធផល​ទេ»។

លោក គួ​យ សារ៉ាន់ មេឃុំ សំរុង បានឱ្យដឹងថា ក្នុង​ចំណោម​ពលរដ្ឋ​ជាង ១០០ គ្រួសារ​នោះ​គឺមាន​អ្នក​វ័យ​ចំណាស់​ខ្លះ​លោក​ស្គាល់ ចំណែក​ក្មេងៗ​មិន​ដែល​ស្គាល់​ទេ​ព្រោះ​ទើប​តែ​មក​នៅ​បាន​ជាង ១ ឆ្នាំ។

លោក​បាន​បញ្ជាក់ថា៖ «ពូស្គាល់​តែចាស់ៗ ចំណែក​ក្មេងៗ​ក្រោយ​ដូច​មិន​សូវ​ជា​ស្គាល់​ទេ គាត់​ចេះ​តែ​មក​នៅ​ទៅ រក​ដី​រក​ធ្លី។ អ្នក​ខ្លះ​ទើប​តែ​មក​នៅ​ក្រោយ​ប្រហែល​ជាង ១ ឆ្នាំ​អី​ទេ ខ្ញុំ​ស្គាល់​ពួកគាត់​ប្រហែល ៣០ ភាគរយ​ទេ»៕