មណ្ឌលគិរីៈ ប្រជាពលរដ្ឋ​ជាង ​១០ គ្រួសារ ​ក្នុង​សហគមន៍​ពូ​ទង់​ពូ​ហួង​ខេត្ត​មណ្ឌល​គិរីអះអាង ​កាលពី​ថ្ងៃអាទិត្យថា ​មាន​ទាហាន​មួយ​ក្រុម​ដែលមាន​មេទាហាន​ម្នាក់​ឈ្មោះ ​ម៉ូ ​នៅ​ពីក្រោយ ​បាន​កាប់​ឈើ​ព្រៃ​សម្រាប់​យក​ជ័រ​បស់​ប្រជាពល​រដ្ឋ​ បន្ទាប់​ពី​ឈើ​ទាំង​នោះ​ ត្រូវបាន​ដេក​ដួល​ដោយសារ​គ្រឿងចក្រ​របស់​អាជ្ញាធរ​រុញ​ពង្រីក​ផ្លូវ ​ហើយដែល​ទីតាំង​នោះ​កំពុង​ស្ថិតក្នុង​ជម្លោះ​នៅ​ឡើយ។

តំណាង​ពលរដ្ឋ​ម្នាក់ ​ដែលមាន​ឈ្មោះ ​សាន់ សារី ​និង​ជា​ប្រធាន​ក្រុម​ល្បាត​នៃ​សហគមន៍​ពូ​ទង់​ពូ​ហួង ​ស្ថិតក្នុង​ភូមិ​ពូទង់​ពូ​ហួង ​នៅ​ឃុំ​ចុង​ផ្លាស់ ​ស្រុក​កែវ​សីមា ​ខេត្ត​មណ្ឌល​គិរី ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​ មន្ត្រី​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ ​និង​ក្រសួង​បរិស្ថាន ​បានធ្វើការ​ពង្រីក​ផ្លូវ​ថ្មី​ ១​ ខ្សែ​ពី​ផ្លូវ​ដែលមាន​ស្រាប់​ ចូលក្នុង​ក្រុមហ៊ុន​រុករក​រ៉ែ។ លោកថា​ការសាង​សង់​ផ្លូវ​នេះ ​បាន​ឆ្លងកាត់​ព្រៃ​សហគមន៍​របស់​ពួកខ្លួន ​ហើយ​ក្នុង​អំឡុង ពេល​សាងសង់នោះ​ គ្រឿងចក្រ ​បាន​កាប់ឆ្ការ ​និង​រុញ​ប៉ះ​ដើមឈើ​យក​ជ័រ​របស់​ប្រជាពលរដ្ឋ​ជាច្រើន​ដើម ​ដែល​ដើមឈើ​ទាំងនោះ​ គឺ​ពលរដ្ឋ​ពឹង​អាស្រ័យ​ផល ដើម្បី​ចិញ្ចឹម​ជីវិត។

លោក​បញ្ជាក់ថា​៖ «ដើម​ជ័រ​ហ្នឹង ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​ពួក​ខ្ញុំ​ហ្នឹង ​ហើយ​អ៊ីចឹង ​ដល់ពេល​ក្រុមហ៊ុន ​ឈូស​ឆាយ​ប៉ះពាល់​ដើម​ជ័រ​ប្រជាពលរដ្ឋ ​ដល់​អ៊ីចឹង​ម្ចាស់​ជ័រ ​គេ​ទៅ​ព្រៃ​ហ្នឹង ​គេ​ឃើញ​មាន​អ្នក​អារឈើ​ហ្នឹង។ ដល់​គេ​សួរថា ​អ្នកណា​ឲ្យ​មក​អារ ​ដល់​តែ​អ្នក​ដែល​អារ​ គេ​ឆ្លើយថា​ មេ​ទាហាន​ឈ្មោះ ​ម៉ូ ​ឲ្យ​អារ»។

លោក​ សាន់ សារី ​និយាយថា​ ករណី​ធ្វើ​ផ្លូវ ​រុញ​ដើម​ជ័រ​ក្នុង​ដី​ព្រៃ​សហគមន៍​របស់​លោក ​មិនទាន់​ទទួលបាន​ដំណោះ​​ស្រាយ​ឬ​សំណង​ណាមួយ​ផង ​ស្រាប់តែ​មាន​ការ​ចុះមក​កាប់​ដើមឈើ​ទាំងនេះ។ ​លោក ​ស្នើ​ឲ្យ​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​អ្នក​កាប់​ឈើ​ទាំងនោះ​ ហើយ​សំណង​សមរម្យ​មកដល់​ពលរដ្ឋ ​ព្រោះ​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​ សព្វថ្ងៃ ​គឺ​ពឹង​អាស្រ័យ​លើ​ការយក​ជ័រ​ពី​ដើម​ឈើ​ក្នុង​សហគមន៍​ទាំង​នេះ។

លោក​និយាយថា​៖ «ខ្ញុំ​ឲ្យ​រុញ​ចុះ​ផ្លូវ ​តែ​កុំ​រុញ​ក្នុង​ដី​សហគមន៍​ពួក​ខ្ញុំ ​រុញ​តាមផ្លូវ​ចាស់​ទៅ​ ព្រោះ​ផ្លូវ​ចាស់​មាន​ហើយ ​វា​អត់​ធ្វើតាម​ផ្លូវ​ចាស់​ហ្នឹង​ទេ។ វា​ធ្វើ​ហួស​ផ្លូវ​ចាស់​ហ្នឹង​ប៉ះ​ដើម​ជ័រ​របស់​ប្រជាពល​រដ្ឋ​ច្រើន​ណាស់ ​ហើយ​ផ្លូវ​នោះ​វា​មាន​ហើយ ​តែ​វា​មក​ធ្វើ​អី​ក្នុង​ដី​សហគមន៍​ខ្ញុំ​ទៀត។ ធ្វើ​ផ្លូវ​ហ្នឹង ​ប៉ះ​ច្រើន​គ្រួសារ​ដែរ ​ហើយ​ពួកយើង​សុទ្ធតែ​អាស្រ័យ​ផល​លើ​ដើម​ជ័រ​ហ្នឹង​ទាំងអស់ ​ហើយ​ឥឡូវ​មាន​អ្នក​ទៅ​អារយក​ដើម​ជ័រ​ហ្នឹង​ទៀត»។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​មេទាហាន ​ដែល​ពលរដ្ឋ​អះអាងថា​ ឈ្មោះ​ម៉ូ ​នៅ​ពីក្រោយ​ការ​កាប់​ឈើ​កាលពី​ថ្ងៃ​អាទិត្យ​នោះ​បាន​ទេ។

លោក​ ដូង ចោម ​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​មណ្ឌល​គិរី ​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា​ លោក​មិន​បានដឹង​ព័ត៌មាន​ពី​ករណីនេះ​ទេ ​ប៉ុន្តែ​លោក​អះអាងថា ​បន្ទាប់​ពី​ទទួលបាន​ព័ត៌មាន​នេះ ​លោក​នឹង​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ ចុះទៅ​ស៊ើប​អង្កេត។ លោក​ ក៏ មិនបាន​បដិសេធ​អ្វី​នោះទេ​ ដោយ​អះអាងថា ​រង់ចាំ​ការ​ចុះ​ស្រាវជ្រាវ​ជាមុន​សិន។

លោក​បញ្ជាក់ថា​៖ «ខ្ញុំ​នឹង​ឲ្យ​កម្លាំង​របស់​ខ្ញុំ​ចុះ​ស្រាវជ្រាវ។ អរគុណ​ដែល​បានផ្តល់​ព័ត៌មាន​ទាំងនេះ​ឲ្យ​ខ្ញុំ​ដឹង»។

តាម​លោក​ សាន់ សារី​ បាន​អះអាងថា​ ការធ្វើ​ផ្លូវ​ចូលទៅ​ក្រុមហ៊ុន​រុករក​រ៉ែ​នេះ​ គឺ​ធ្វើ​ដោយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ ​និង​ក្រសួង​បរិ​ស្ថាន។ ការសាងសង់​ផ្លូវ​ចាប់ផ្តើម​តាំងពី​អំឡុង​ខែមីនា​ ដែលជា​ហេតុ​នាំ​ឲ្យ​ប្រជាពលរដ្ឋ​នាំគ្នា​ស្វែងរក​កិច្ច​អន្តរាគម​ន៍ និង​បានដាក់​ញត្តិ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ទៀត ​តែ​មិន​ទទួលបាន​ដំណោះស្រាយ​នោះ​ទេ។

លោក ​កែវ សុភគ៌ ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ​បាន​ប្រាប់ថា ​បញ្ហា​នេះ​ មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ទីរ​លោក​ទេ គឺជា​ការទទួល​ខុសត្រូវ​របស់​មន្ទីរ​អភិវឌ្ឍន៍​ជនបទដែល​ទទួលបាន​គម្រោង​ពី​ក្រុម​ហ៊ុន​រុករក​រ៉ែ​របស់​ប្រទេស​ អូស្ត្រាលី។

លោក​បញ្ជាក់ថា​៖ «ព្រោះ​មន្ទីរ​នេះ ​បាន​ទទួល​ការងារ​នេះ​ ហើយ​កន្លងមក​ដូចជា​គាត់​ធ្លាប់​សន្យា​អី​ជាមួយ​ប្រជា​ពលរដ្ឋ​ ខ្ញុំ​មិនដឹង​ច្បាស់​ដែរ។ យើង​មិន​អាច​ទៅ​ចោទ​ទាហាន​បានទេ ​ព្រោះ​ពួក​គាត់​ជា​វិស្វកម្ម ​គាត់​ធ្វើ​ការងារ​របស់​ខ្លួន ​នៅពេល​ទទួល​ម៉ៅការ​ពី​គម្រោង»។

លោក ​យន់ សា​រ៉ោម ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​មិនអាច​ទាក់ទង​សុំ​ការអធិប្បាយ​បានទេ ​ពី​ម្សិលមិញ។

លោក​ អ៊ាង ម៉េង​លី​ មន្ត្រី​ផ្នែក​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស (​អាដ​ហុក) ​ខេត្ត​មណ្ឌលគិរី ​និយាយថា​ ក្នុងករណី​នេះ ​ប្រជា​សហគមន៍ ​ទទួល​រង​គ្រោះ​ដល់ទៅ​ ២ លើក ​ដោយ​ការធ្វើ​ផ្លូវ ​និង​កាប់បំផ្លាញ​ដើមឈើ ​ដែលជា​របរ​ពួកគាត់​អាស្រ័យ​ផល​យូរយារ​មក​ហើយ​។ លោក​បន្តថា​ ការ​ទាញ​ផល​ប្រយោជន៍​ដោយ​មិនបាន​ផ្តល់​សំណង​ត្រឹមត្រូវ​បែបនេះ​ គឺជា​អំពើ​ខុសច្បាប់ ​ខណៈដែល​ពលរដ្ឋ ​មិនទាន់​ទទួល​បាន​សំណង​ណាមួយ​ឡើយ។

លោក​ថ្លែងថា​៖ «ជាទូទៅ​ការអភិវឌ្ឍ​មាន​ការ​ប៉ះពាល់​ដល់​ទ្រព្យ​សម្ប​ត្តិ​ របស់​ប្រជាពលរដ្ឋ ​ត្រូវ​សង​ជា​សំណង​ដ៏​សម​រម្យ​សម្រាប់​ប្រជាពលរដ្ឋ។ ប្រសិន​ជា​ប្រជាពលរដ្ឋ​មិន​សុខចិត្ត​ហើយ​មានការប្តឹងប្ដល់​ទាមទារ ​ហើយ​អាជ្ញាធរ​គេច​វេះ​ពី​ការទាមទារ​នេះ ​គឺជា​ទង្វើ​មួយ​ដែល​មិនអាច​ទទួលយក​បានទេ។ ប្រជាពល​រដ្ឋ​អត់​មានអី​ជាទី​ពឹង​ទេ គឺ​អាស្រ័យ​ផល​ទៅលើ​ដើម​ទាំងអស់​ហ្នឹង​ហើយ ​បើសិន​ជា​គាត់​អត់​មាន​ដើមឈើ​ទាំង​ហ្នឹង​ទេ ​គឺ​ជីវភាព​គាត់​កាន់​តែ​ខ្វះខាត»៕