ភ្នំពេញៈ ជំនន់​ទឹកភ្លៀង​ និង​ទឹក​ដែល​ហូរ​ចាក់​ពី​ខេត្ត​កំពង់ស្ពឺ​បាន​ធ្វើឲ្យ​លំនៅឋាន​ប្រជាពលរដ្ឋ​សរុប ១ ៥២៧ ​គ្រួសារ ​ដែល​រស់នៅក្នុង​សង្កាត់​ចំនួន​ ៤ ​រួមមាន សង្កាត់​ស្ពានថ្ម សង្កាត់​ទៀន សង្កាត់​គងនយ និង សង្កាត់​រលួស​នៃ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ស្ថិត​ជាប់​តំបន់​ដែនដី​សណ្ដ​ស្ទឹង​ព្រែកត្នោត​រង​ការជន់លិច​យ៉ាងដំណំ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ប្រមូលបាន​ពី​អាជ្ញាធរ​មូលដ្ឋាន​កាលពី​ថ្ងៃ​ពុធ​។

លោក អ៊ុំ ឡុង ចៅសង្កាត់​ស្ពានថ្ម​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ថា នៅពេល​នេះ កម្ពស់​ទឹក​នៅ​ផ្នែក​ខាងលើ​នៃ​ទំនប់​សណ្ដ​ស្ទឹង​ព្រែកត្នោត​បាន​ស្រក​ចុះ​បន្តិច​វិញ ប៉ុន្តែ​បាន​កើនឡើង​នៅ​ផ្នែក​ខាងក្រោម​ក្នុង​កម្រិត​ប្រមាណ​ ២ ​ដេស៊ីម៉ែត្រ គិត​ត្រឹម​ម៉ោង​ ៣ ​រសៀល​ថ្ងៃទី​ ១៤ ខែ តុលា ឆ្នាំ​ ២០២០ ធ្វើឲ្យ​ជន់លិច​ និង​ប៉ះពាល់​លំនៅឋាន​ប្រជាពលរដ្ឋ​ ៨០៧ ​ខ្នង​ផ្ទះ​ស្មើនឹង​ ៨៩៨ ​គ្រួសារ​។

លោក ឡុង បាន​បញ្ជាក់ថា​៖ «​រហូត​មក​ទល់​ពេលនេះ​នៅ​ពុំទាន់​មាន​គ្រួសារ​ប្រជាពលរដ្ឋ​ណាមួយ​ត្រូវបាន​ជម្លៀសចេញ​ទៅកាន់​ទីទួល​សុវត្ថិភាព​នៅឡើយ​ទេ ដោយសារ​តែ​ផ្ទះ​របស់​ពួកគេ​សង់​ខ្ពស់​ពី​ដី ហើយ​ទឹក​ទើបតែ​លិច​ចូល​ក្រោមផ្ទះ​ក្នុង​ជម្រៅ​ផុត​ក្បាលជង្គង់​ប៉ុណ្ណោះ​»​។

លោក ឡុង បានឱ្យ​ដឹងថា ជំនន់​ទឹកស្ទឹង​ព្រែកត្នោត​បាន​ជន់លិច​លំនៅឋាន​ប្រជាពលរដ្ឋ​នៅក្នុង​សង្កាត់​របស់លោក​ជា​រៀងរាល់​ឆ្នាំ ហើយ​ប្រជាពលរដ្ឋ​នៅក្នុង​សង្កាត់​នេះ​ក៏​មាន​ភាពធន់​ជាមួយ​នឹង​ទឹកជំនន់​នេះ​ផងដែរ​។

ចំណែក​លោក កឹប ហ៊ន ចៅសង្កាត់​រលួស​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជំនន់​ទឹកភ្លៀង និង ទឹកស្ទឹង​ព្រែកត្នោត ដែល​ហូរ​ចាក់​យ៉ាងគំហុក​ពី​ខេត្តកំពង់ស្ពឺ បាន​ធ្វើឱ្យ​បាក់ស្រុត​ខ្នង​ទំនប់​សណ្ដ​ស្ទឹង​ព្រែកត្នោត​បណ្ដាល​ឱ្យ​ជន់លិច និង​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ផ្នែក​ខាងក្រោម​នៃ​ខ្នង​ទំនប់​ក្នុង​សង្កាត់​របស់​លោក​សរុប​ចំនួន​ ២៤៧ ​ខ្នង​ផ្ទះ​ស្មើនឹង​ ២៦៣ ​គ្រួសារ​ ដែល​តួលេខ​នេះ​គិត​ត្រឹម​ម៉ោង ១១:៣០ ​នាទី​ព្រឹក​ថ្ងៃទី​ ១៤ ខែ តុលា ឆ្នាំ​ ២០២០​។

ទិដ្ឋភាព​ទឹកជំនន់​ជន់​លិច​ក្នុង​ខណ្ឌដង្កោ​ពី​ម្សិលមិញ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

លោក​បាន​បន្តថា​៖ «​នៅពេល​នេះ​ទឹក​នៅតែ​បន្ត​ជន់​ឡើង​ជា​បន្តបន្ទាប់​នៅ​ផ្នែក​ខាងក្រោម​ដីសណ្ដ​នៃ​ខ្នងទំនប់​ស្ទឹងព្រែក​ត្នោត​ធ្វើឱ្យ​អ្នកភូមិ​ចំនួន​ ១៥​ គ្រួសារ​ ដែល​នៅ​ចំ​មុខទឹក​​បាន​នាំគ្នា​ជម្លៀសចេញ​ពី​ផ្ទះ​មក​បោះតង់​ស្នាក់នៅ​បណ្ដោះអាសន្ន​លើ​កំណាត់​ផ្លូវ​លេខ​ ១០៤ និង​នៅ​ទីតាំង​ក្នុង​វត្ត​ព្រះធាតុ​»​។

ខណៈ​កំពុង​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ទឹក​នៅក្នុង​មូលដ្ឋាន​ភូមិ​កន្ទុយទឹក​លោក ម៉ិល អេង នាយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​ទៀន​បាន​ប្រាប់​ភ្នំ ពេញ ​ប៉ុស្តិ៍​ ថា ទឹកបាន​ជន់​លិច​ផ្លូវលំ និង​ផ្លូវ​បេតុង​នៅក្នុង​ភូមិ​នេះ​ទាំងអស់​ក្នុង​ជម្រៅ ១,១៥ ​ម៉ែត្រ ដែល​រថយន្ត​តូចធំ​ ឬ​ម៉ូតូ​មិន​អាចធ្វើ​ចរាចរណ៍​ឆ្លងកាត់​បាន​។

លោក​ថ្លែងថា​៖ «​ប្រជាពលរដ្ឋ​ក្នុងភូមិ​កន្ទុយ​ទឹក ៣១ គ្រួសារ ដែល​រង​ការជន់​លិច​ខ្លាំង​ជាងគេ​បាន​នាំគ្នា​ជម្លៀស​ចេញទៅ​កាន់​ទីទួល​សុវត្ថិភាព​ហើយ ខណៈ​ប្រជាពលរដ្ឋ​ ១៤២ ​គ្រួសារ​ទៀត ដែល​រស់នៅ​ក្នុងភូមិ​សាលា និង​ភូមិថ្ម កំពុង​ត្រូវបាន​ទឹក​ជន់លិច​ហ៊ុមព័ទ្ធ​ជុំវិញ​ផ្ទះ ដែល​នឹង​ត្រៀម​ចាកចេញ​ទៅកាន់​ទីទួល​សុវត្ថិភាព​ផងដែរ​»​។

ចំណែក​លោក វណ្ណ ចាន់ចំរើន ស្មៀន​សង្កាត់​គងនយ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ផងដែរ​ថា គិត​ត្រឹម​ម៉ោង​ ២ នៅ​រសៀល​ថ្ងៃ​ពុធ ប្រជាពលរដ្ឋ​ចំនួន​ ២០ ​គ្រួសារ​ បាន​នាំគ្នា​ជម្លៀស​ចេញ​មក​បោះតង់​រស់នៅ​ជា​បណ្ដោះអាសន្ន​លើ​ខ្នង​ទំនប់​សណ្ដ​ស្ទឹង​ព្រែកត្នោត ខណៈ​ ១៩៣ ​គ្រួសារ​ទៀត​ កំពុង​បន្ត​រស់នៅ​លើផ្ទះ​របស់​ពួកគេ ដែល​ហ៊ុមព័ទ្ធ​ដោយ​ទឹកជំនន់​។

លោក​ថ្លែងថា​៖ «​ការបាក់​ធ្លាយ​ខ្នង​ទំនប់​ស្ទឹង​ព្រែក​ត្នោត​នៅពេល​នេះ​បាន​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​នៅក្នុង​សង្កាត់​របស់​យើង​ខ្ញុំ និង​បណ្ដា​ឃុំ-សង្កាត់​មួយចំនួន​ទៀត​នៅក្នុង​ខេត្តកណ្ដាល និង​ភាគខាងត្បូង​រាជធានីភ្នំពេញ​»​។

បើ​តាម​សម្ដី​របស់​លោក ចាន់ចំរើន ជំនន់​ទឹកស្ទឹង​ព្រែកត្នោត​ជាទូទៅ​មិនសូវ​ជា​ធ្ងន់ធ្ងរ​នោះ​ទេ ប្រសិនបើ​មិនមាន​ការបាក់​ទំនប់ ឬរ​បើកទ្វារ​ទឹក​ណាមួយ​នៅ​ផ្នែក​ខាងលើ​ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ​។ ប៉ុន្តែ​កាលពី​ថ្ងៃ​អង្គារ ទំនប់​ចម្ការ​តែ ដែល​ស្ថិត​នៅលើ​ខ្នងភ្នំ​គិរីរម្យ និង​ដែល​មាន​បរិមាណ​ទឹក​ ៥ ​លាន​ម៉ែត្រគុប បាន​បាក់ស្រុត​បណ្ដាល​ឱ្យ​ទឹក​ហូរ​ធ្លាក់​យ៉ាងគំហុក​ចាក់​មកលើ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នៅ​ផ្នែក​ខាងក្រោម ហើយ​បាន​បន្ត​ធ្លាក់​សំយុង​ចុះមក​ក្នុង​ស្ទឹង​ព្រែក​ត្នោត ដែល​បាន​ធ្វើឱ្យ​បរិមាណ​ទឹកស្ទឹង​ព្រែកត្នោត​ហក់​ឡើង​រហូតដល់​ជាង​ ៨,៨០ ​ម៉ែត្រ​ លើស​ពី​កម្រិត​កម្ពស់​ប្រកាសអាសន្ន​ ១,៨០ ​ម៉ែត្រ (​កម្រិត​ប្រកាសអាសន្ន ៧,០០ ​ម៉ែត្រ​)​។

កាលពី​ថ្ងៃ​ពុធ​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ថា កម្ពស់​ទឹក​នៅ​ទំនប់​ពាមឃ្លៃ និង​ទ្វារ​ទឹក​រលាំងជ្រៃ​បាន​ហក់​ឡើងដល់​កម្រិត​ត្រូវ​ប្រកាសអាសន្ន​ហើយ​ដែល​ទាមទារ​ពលរដ្ឋ​នៅ​ផ្នែក​ខាងក្រោម​នៃ​ទំនប់​នេះ បង្កើន​ការប្រុងប្រយ័ត្ន ហើយ​គួរ​នាំគ្នា​ជម្លៀសចេញ​ទៅកាន់​ទីទួល​សុវត្ថិភាព​ឱ្យបាន​មុនពេល​ទឹក​ត្រូវបាន​ជន់​លិច ពិសេស កុមារ​តូចៗ និង​ចាស់ជរា​។

លោក​ថ្លែងថា​៖ «​យោងតាម​កម្ពស់​ទឹក​នៅ​ទំនប់​ពាមឃ្លៃ នៅពេល​នេះ​បាន​ឈាន​ដល់​កម្រិត​ត្រូវ​ប្រកាសអាសន្ន​ហើយ​គឺ ៧,៧០ ​ម៉ែត្រ ខណៈ​កម្ពស់​ទឹក​នៅ​ទំនប់​ទ្វារ​ទឹក​រលាំងជ្រៃ​បាន​ហក់​ឡើង​ដល់​ ៧,៨០ ​ម៉ែត្រ លើស​ពី​កម្រិត​ប្រកាសអាសន្ន ០,៣០ ​ម៉ែត្រ​ដែល​ធ្វើឱ្យ​ជន់លិច​នៅ​តំបន់​ជាយក្រុង​ច្បារមន​ជា​បណ្ដើរ​ហើយ​»​។

ជុំវិញ​ករណី​នេះ​លោក ម៉េត មាសភក្ដី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​កំពុង​ប្រើ​គ្រប់​មធ្យោបាយ និង​កម្លាំង​សរុប ដើម្បី​ធ្វើការ​ពង្វាង​ផ្លូវទឹក​ឱ្យ​ហូរ​ចាក់​ទៅកាន់​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ និង​ឱ្យ​ហូរ​បន្ត​ចាក់​ទៅក្នុង​ទន្លេបាសាក់​តាម​ស្ទឹង​ព្រែកត្នោត និង​ស្ទឹង​ព្រែកហូរ ធ្វើ​យ៉ាងណា​កាត់បន្ថយ​ផលប៉ះពាល់​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​មកលើ​រាជធានី​ភ្នំពេញ​។

លោក​ថ្លែងថា​៖ «​យើង​មិន​អាចឱ្យ​ទឹក​ហូរ​ជន់​មកលើ​តំបន់​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ​បានទេ ព្រោះ​ជា​តំបន់​ឧស្សាហកម្ម សេវាកម្ម ពាណិជ្ជកម្ម​ធំៗ​»​។ យោងតាម​ទិន្នន័យ​ដែល​ទទួល​បាន​ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដែល​បានចេញ​ផ្សាយ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​បាន​បង្ហាញថា ជំនន់​ទឹកភ្លៀង​បាន​បង្ក​ផលប៉ះពាល់​ប្រជាពលរដ្ឋ​ជិត​ ៤ ​ម៉ឺន​គ្រួសារ​នៅក្នុង​រាជធានី-ខេត្ត​ចំនួន​ ១៩ ក្នុងនោះ​ប្រជាពលរដ្ឋ​ប្រមាណ​ ៣ ០០០ ​គ្រួសារ ​ត្រូវ​បាន​ជម្លៀសចេញ​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព និង​បាន​បង្ក​ផលប៉ះពាល់ និង​ខូចខាត​ដំណាំ​ស្រូវ​សរុប​ជាង ១១ ​ម៉ឺន​ហិកតា ប៉ះពាល់​ និង​ខូចខាត​ដំណាំ​រួមផ្សំ​សរុប​ ៥៥ ៣៣៥ ​ហិកតា​។ ជាមួយ​គ្នា​នេះ​បាន​បណ្ដាល​ឱ្យ​ពលរដ្ឋ​ចំនួន​ ១២ ​នាក់​ស្លាប់​ក្នុង​នោះ​មាន​ក្មេង​ ៥ ​នាក់​ព្រមទាំង​ធ្វើឱ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ស្ពាន និង អគារ​រដ្ឋាបាល​សាធារណៈ​ជាច្រើន​ទៀត​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ម្សិលមិញ​បាន​ប្រកាស​អំពី​ការចូលរួម​ឧបត្ថម្ភធន​សាច់ប្រាក់​របស់​ក្រុម​ពាណិជ្ជករ​ធំៗ​ចំនួន​ ៣៧ ​នាក់​ដែល​ភាគច្រើន​មាន​ងារ​ជា​ឧកញ៉ា ដើម្បី​ជួយ​ដល់​រដ្ឋាភិបាល​នៅក្នុង​ការឆ្លើយតប​ឱ្យបាន​ទាន់​ពេលវេលា ចំពោះ​បញ្ហា​ប្រឈម​គ្រោះ​ជំនន់​ទឹកភ្លៀង​ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា​។

យោងតាម Facebook ផ្លូវការ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា សាច់ប្រាក់​សរុប​ដែល​ក្រុម​ពាណិជ្ជករ​ទាំងនោះ​បាន​ផ្ដល់​ជូន​ដល់​រាជរដ្ឋាភិបាល​គិត​ត្រឹម​ម៉ោង ៤ ​រសៀល​ថ្ងៃទី​ ១៤ ខែ តុលា ឆ្នាំ​ ២០២០ ​មាន​ចំនួន​សរុប ៥ ៤១៦ ០០០ ដុល្លារ​អាមេរិក​៕

វីដេអូ៖