កំពង់ស្ពឺៈពលរដ្ឋប្រមាណជា ២០ នាក់ ដែលភាគច្រើនជាស្រ្តី បាននាំគ្នាដុតឈើចោល ប្រឆាំងទៅនឹងកម្លាំងរដ្ឋបាលព្រៃឈើ ដែលបានចុះបង្រ្កាបឈើខុសច្បាប់ ខណៈដែលកម្លាំងសមត្ថកិច្ចបានយកឡានទៅដឹកយកឈើដែលលាក់នៅតាមវាលស្រែ នៅក្នុងឃុំតាំងស្យា ស្រុកភ្នំស្រួច។
លោក ជា សារ៉ន នាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ បានឲ្យដឹងថ្ងៃនេះថា លោកបានដឹកនាំកម្លាំងរដ្ឋបាលព្រៃឈើ និងនគរបាលស្រុកភ្នំស្រួច ជាង ១០ នាក់ ទៅបង្រ្កាបការស្តុកឈើខុសច្បាប់ កាលពីព្រឹកថ្ងៃពុធ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ពីការលាក់ឈើខុសច្បាប់ នៅតាមវាលស្រែ។
ប៉ុន្តែខណៈពេលដែលកម្លាំងកំពុងចុះបង្រ្កាបនោះ ស្រាប់តែមានប្រជាពលរដ្ឋប្រមាណជា ២០ នាក់ ដែលភាគច្រើនជាស្រ្តី បានទៅរារាំងការអនុវត្តច្បាប់នោះ ហើយបានយកជើងញ្ជ្រាំងស្រូវ និងស្លឹកត្នោតដុតឈើចោលអស់មួយកំណាត់ធំទៀតផង។ លើសពីនោះ ពលរដ្ឋក៏ប៉ុនប៉ងរកដុតទាំងឡានសមត្ថកិច្ច ដែលយកទៅស្ទូចឈើនោះចោលទៀតផង។
លោកសារ៉នបញ្ជាក់ថា៖«យើងមិនបានដឹងថា ឈើជារបស់អ្នកណាឲ្យពិតប្រាដកទេ តែពលរដ្ឋអះអាងថា ឈើនោះ ជារបស់គាត់។ រកដុតទាំងឡានទៀត។ [យើង]ភ័យដែរហ្នឹង! ដុតឆេះរកឡានថយទៅមិនចង់រួចផង»។