
ក្រុមពលរដ្ឋពេលចេញមកតវ៉ានៅចំណុចទំនប់ទឹកដោយផ្ទាល់កាលពីថ្ងៃទី ២៧ កុម្ភៈ។ រូបថត CNC
កំពង់ស្ពឺៈ ពលរដ្ឋជាង ៥០០ គ្រួសារ រស់នៅក្នុងឃុំទួលអម្ពិលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺបានបង្ហាញក្ដីបារម្ភពីការខ្វះទឹកសម្រាប់ស្រោចស្រពស្រែចម្ការ និងដំណាំផ្សេងៗ ខណៈបច្ចុប្បន្នមានឈ្មួញយកម៉ាស៊ីនទៅបូមទឹកទាំងយប់ទាំងថ្ងៃនៅក្នុងទំនប់បុរាណព្រៃពាយដែលពួកគាត់កំពុងប្រើប្រាស់ជាប្រចាំ។
លោក គុយ ហឿន អាយុ ៦៨ ឆ្នាំ រស់នៅភូមិសង្គ្រាមបូរណ៍ ឃុំទួលអម្ពិល ដែលថា ជាតំណាងពលរដ្ឋទាំងនោះបានថ្លែងថា ទំនប់បុរាណព្រៃពាយនៅចន្លោះកណ្តាលសហគមន៍ចំនួន ៣ ភូមិ គឺសហគមន៍ភូមិព្រៃពាយ សហគមន៍ភូមិសង្គ្រាមបូរណ៍ សហគមន៍ភូមិអង្គរងាងដែលមានពលរដ្ឋរស់នៅជាង ៥០០ គ្រួសារ។
លោកបន្តថា រយៈពេលជាង ២ ខែមកហើយ ដែលមានក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតបានដាក់ម៉ាស៊ីនខ្នាតធំ បូមទាំងយប់ទាំងថ្ងៃស្ទើររីងស្ងួតអស់។ ហេតុនេះពួកគាត់បារម្ភខ្លាចខ្វះទឹកស្រោចស្រពស្រែចម្ការ ដំណាំបន្លែបង្ការផ្សេងៗ សម្រាប់មនុស្សហូប និងសត្វពាហនៈផងដែរ។
លោកថ្លែងថា៖ «បញ្ហាដែលប្រឈមមុខបច្ចុប្បន្ននេះគឺមានក្រុមហ៊ុនទឹកស្អាតមួយ បានបូមទឹកក្នុងទំនប់ហ្នឹងយកទៅលក់ តែដល់ពិនិត្យមើលច្បាប់របស់គាត់ទៅ គឺអាជ្ញាធរប្រគល់ឱ្យតែត្រឹមអាជីវកម្មតែប៉ុណ្ណឹងទេ អត់មានឃើញផ្ទេរទឹកក្នុងអាងហ្នឹងឱ្យខ្លួនឯងធ្វើអាជីវកម្មទឹកស្អាតតែគ្មានទឹកលក់ឱ្យគេហើយមកយកទឹករបស់ប្រជាពលរដ្ឋ»។
លោក ឈឿន សុធន អភិបាលស្រុកបសេដ្ឋបានថ្លែងថា បញ្ហានេះជាការទទួលខុសត្រូវរបស់មន្ទីរធនធានទឹក និងឧតុនិយមជាមួយម្ចាស់អាជីវកម្ម ព្រោះខាងជំនាញជាអ្នកចេញអាជ្ញាប័ណ្ណ។
អាងទំនប់ទឹកនោះជារបស់ខាងធនធានទឹក អាជ្ញាធរមិនអាចសម្រេចអ្វីបានទេ។
លោកបានបញ្ជាក់ថា៖ «អាជ្ញាធរស្រុកអត់ពាក់ព័ន្ធទេ អាហ្នឹងជាបច្ចេកទេសរបស់អ្នកជំនាញ។ អាងទឹកហ្នឹងជាកម្មសិទ្ធិរបស់រដ្ឋឯប្រជាពលរដ្ឋគាត់ចង់យកធ្វើកម្មសិទ្ធិ។ ខាងធនធានទឹកគេមានប្លង់មេរបស់គេ អ៊ីចឹងនរណាចង់ចូលយកតែ ១ ម៉ែត្រ ១ តឹកក៏មិនបានផង អ៊ីចឹងពលរដ្ឋអាស្រ័យផលគាត់អាស្រ័យទៅតែដល់ពេលគេត្រូវការគេយកហើយ»។
លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមថ្លែងថា អ្នកធ្វើអាជីវកម្មទឹកស្អាតនៅទីនោះមានច្បាប់ត្រឹមត្រូវ។ អាជ្ញាធរមានកាតព្វកិច្ចរៀបចំឱ្យមានទឹកស្អាតសម្រាប់ពលរដ្ឋប្រើស្របតាមទិសដៅរបស់រដ្ឋាភិបាល នៅឆ្នាំ ២០២៥ ដែលពលរដ្ឋត្រូវមានទឹកស្អាតប្រើប្រាស់។
លោកប្រធានមន្ទីរបានបន្តថា ករណីនេះលោកបានរៀបចំឱ្យមានការស្តារទំនប់អាងទឹកនោះឱ្យបានជ្រៅជាងមុនដើម្បីជាប្រយោជន៍សម្រាប់ពលរដ្ឋទូទៅមានទឹកប្រើប្រាស់គ្រប់គ្រាន់ដែលអាចចិញ្ចឹមត្រីទទួលផលបានទាំងប្រាំង និងវស្សា។ ប៉ុន្តែបែរជាមានជនខិលខូចមួយចំនួនញុះញង់នាំឱ្យមានការតវ៉ាធ្វើឱ្យមានការលំបាកក្នុងការអភិវឌ្ឍតំបន់នោះ។
លោកថ្លែងថា៖ «រោងចក្រសហគ្រាស វាកើតនៅកំពង់ស្ពឺច្រើន អ៊ីចឹងគេត្រូវការវត្ថុធាតុដើមយកទៅចាក់បំពេញដីជង្ហុកដើម្បីកសាងរោងចក្រផ្សេងៗយើងខំកៀរគរគេឱ្យមកយកដីនៅក្នុងអាងទឹកទៅ ដើម្បីឱ្យបានជ្រៅហើយបង់ពន្ធចូលរដ្ឋទៀតផងអ្នកដែលទៅធ្វើហ្នឹងគេជួយដល់ការអភិវឌ្ឍភូមិទៀតផងនៅតែគាត់ពិបាក ពិបាកហ្នឹងតែប៉ុន្មាននាក់ហ្នឹងទេ ដែលដើរបំផុសបំផុលគ្រប់កន្លែង»។
បើតាមលោក ជាបហ៊ង ការចូលទៅអភិវឌ្ឍតំបន់នោះមិនទទួលបានជោគជ័យឡើយ ដោយសារតែមានការរារាំងពីពលរដ្ឋ។ ការញុះញង់កើតមានឡើងដោយសារតែខ្សែបណ្តាញជនមិនប្រក្រតីដែលមានគ្នាតិចតែប៉ុណ្ណោះ។
លោកថា៖ «យើងធ្វើអីអត់កើតគាត់មិនឱ្យធ្វើ គេដាក់គ្រឿងចក្រឃាត់គ្រឿងចក្រ គេបូមទឹក ឃាត់ទឹក ហើយគាត់ចង់ធ្វើម៉េច គាត់ថា ទាល់តែខ្លួនគាត់ បានធ្វើត្រូវអត់ស្តាប់ជំនាញ អត់ស្តាប់ការណែនាំរបស់អាជ្ញាធរទេ»៕