
ទីតាំងឈាបនដ្ឋានដែលត្រៀមសម្រាប់បូជាសពអ្នកជំងឺកូវីដ ១៩។ រូបថត ហ្វេសប៊ុក
កំពង់ឆ្នាំង៖ អ្នកភូមិប្រមាណជា ២០ នាក់នៅក្បែរតំបន់ វត្តនិគ្រោធារាម ហៅវត្តជ្រៃបាក់ ស្ថិតនៅក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ នៅថ្ងៃទី ៣ ខែឧសភា បានចេញមុខរារាំងសមត្ថកិច្ចមិនឱ្យបូជាសាកសពស្ត្រីវ័យចំណាស់ជិត ៦០ ឆ្នាំ ដែលបានស្លាប់ដោយសារជំងឺកូវីដ ១៩ ព្រោះបារម្ភអំពីការឆ្លងមេរោគ។
លោក យង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ស្ត្រីវ័យចំណាស់ម្នាក់មានអាយុ ៥៨ ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិរនុក ឃុំត្រងិល ស្រុកកំពង់លែង បានស្លាប់ដោយមានវិជ្ជមានកូវីដ ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
លោកថា៖ «តាមពិតសពមិនទាន់ដឹកដល់វត្តទេ នៅមន្ទីរពេទ្យបង្អែកខេត្តនៅឡើយទេ តែយើងបានទៅរៀបចំបោសសម្អាតនៅជុំវិញទីប៉ាឆា រៀបចំអនាម័យ និងបច្ចេកទេសខ្ពស់ និងសម្ភារសម្រាប់បូជា ស្រាប់តែមានប្រជាពលរដ្ឋប្រមាណ ២០ នាក់មកតវ៉ា ដោយគាត់បារម្ភថា ខ្លាចឆ្លងតាមផ្សែង ទោះបីជាអាជ្ញាធរខិតខំពន្យល់ណែនាំយ៉ាងណាក៏ដោយ ពលរដ្ឋនៅតែមិនអនុញ្ញាត ទើបសម្រេចបង្វែរការបូជាសពនៅកន្លែងផ្សេង»។

ប្រជាពលរដ្ឋនាំគ្នាចុះមកតវ៉ារារាំងការបូជាសពអ្នកជំងឺកូវីដ ១៩ ដោយបារម្ភអំពីការឆ្លងមេរោគ។ រូបថត ហ្វេសប៊ុក
លោក យង់ សៅវុឌ្ឍី បានឱ្យដឹងដែរថា នៅថ្ងៃទី ៤ ខែឧសភា ក្រុមការងារជំនាញនឹងបើកកិច្ចប្រជុំបន្ទាន់ ដើម្បីកំណត់ទីតាំងសម្រាប់បូជាសព។ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមេឃុំទាំងអស់ នឹងជ្រើសរើសទីតាំងឱ្យឆ្ងាយពីភូមិ ប្រហែលនៅព្រៃជើងភ្នំ នឹងត្រូវធ្វើទីសម្រាប់រំលាយសព។
លោក យង់ សៅវុឌ្ឍី ថ្លែងថានេះជាករណីទី២ ហើយ ដែលពលរដ្ឋនៅក្នុងខេត្តស្លាប់ដោយសារជំងឺកូវីដ ១៩៕