ភ្នំពេញៈ ពលរដ្ឋប្រមាណ ៦០ ភាគរយគ្រួសារ ក្នុងចំណោម ៣០២ គ្រួសារ ដែលអាស្រ័យផលដោយការចិញ្ចឹមត្រីក្នុងបឹងសំរោង ហើយត្រូវបានអាជ្ញាធរដាក់ឱសានវាទឲ្យរើចេញពីបឹងនោះ ព្រមទទួលយកសំណងទូទាត់តាមគោលនយោបាយ ខណៈអាជ្ញាធរចាប់ផ្តើមប្រតិបត្តិការបង្ហូរទឹកចេញដើម្បីស្តារបឹងនេះ ដោយឡែកពលរដ្ឋខ្លះដែលមិនព្រមទទួលយកសំណងអះអាងថា ពួកគេបន្តអាស្រ័យផលដដែលដើម្បីរង់ចាំសំណងដែលខ្លួនអាចទទួលយកបាន។
លោក ស៊ឹម សុផង់ នាយករដ្ឋបាលខណ្ឌព្រែកព្នៅ ប្រាប់ភ្នំពេញប៉ុស្តិ៍ ម្សិលមិញខណៈលោកអះអាងថា កំពុងជួបដោះស្រាយជាមួយប្រជាពលរដ្ឋនៅបឹងសំរោងនោះ បញ្ជាក់ថា រហូតមកដល់ថ្ងៃចន្ទម្សិលមិញនេះ គឺមានប្រជាពលរដ្ឋប្រមាណជាង ៦០ ភាគរយគ្រួសារហើយ បានយល់ព្រមទទួលយកសំណងតាមគោលនយោបាយ ដោយអាស្រ័យទៅលើផលប៉ះពាល់នៃពួកគាត់ម្នាក់ៗ។ លោកបន្តថា សំណងនោះ គឺដោះស្រាយទៅលើចំនួនកូនត្រីដែលពួកគាត់មាន (មួយកូនត្រី តម្លៃចន្លោះពី ៥០ ដល់ ៧០ រៀល) ដោយមិនរាប់បញ្ចូលការខូចខាតសម្ភារ ដូចជា ស៊ង និងស្រះចិញ្ចឹមត្រីនោះទេ។
លោកអះអាងថា៖ «ដោយសារតែយើងឃើញជំហររបស់ពួកគាត់ក្នុងការអនុវត្ត យើងធ្វើបណ្តើរទៅ។ យើងអត់ពន្យារពេលទេគឺគាត់ធ្វើការ (រុះរើ) របស់ពួកគាត់ យើងដំណើរការរបស់យើងដែរ ចាប់ផ្តើមបង្ហូរទឹក ដាក់គ្រឿងចក្រចូលកាយ និងស្តារ»។
លោក ស ចរិយ៉ា ម្ចាស់ស៊ង និងស្រះចិញ្ចឹមត្រី ដែលព្រមទទួលសំណង ប្រាប់ថា ការដែលខ្លួនព្រមទទួលសំណងនេះ ព្រោះតែមានការសម្របសម្រួល និងផ្តល់សំណងខ្លះពីផលប៉ះពាល់ដែលខ្លួនជួបប្រទះ បើទោះជាចំនួននេះតិចតួចក្តី។
លោកបញ្ជាក់ថា៖ «ត្រីខ្ញុំតិចតួចនៅហ្នឹង ខ្ញុំទទួលយកទៅ ណាមួយតែរីងទឹកទៅ ត្រីខ្ញុំហ្នឹងងាប់ហើយ អ៊ីចឹងខ្ញុំព្រមទទួលយកទៅ គឺបានទាំងអស់ជាង ៣ លានរៀល។ ប៉ុន្តែខ្ញុំមិនដឹងគេគិតម៉េចអីម៉េចទេ រឿងទូទាត់សំណងហ្នឹង»។
កាលពីថ្ងៃទី ១៤ ខែមករា អាជ្ញាធរខណ្ឌព្រែកព្នៅ បានដាក់ឱសានវាទ ១០ ថ្ងៃ ឲ្យម្ចាស់ស៊ង និងស្រះចិញ្ចឹមត្រីទាំងអស់ នៅក្នុងបឹងសំរោង ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រុះរើចេញជាកំហិត ដើម្បីធ្វើការស្តារបឹងនេះឡើងវិញការពារផ្ទៃបឹង និងរក្សាមុខងារបឹងជាអាងស្តុកទឹក ក្នុងការរំដោះទឹកជន់លិច។
ចំណែកអ្នកដែលមិនព្រមរុះរើចេញ តាមការកំណត់នោះទេ អាជ្ញាធរនឹងមិនទទួលខុសត្រូវចំពោះការខូចខាតដែលអាជ្ញាធរចុះអនុវត្តវិធានការរុះរើនោះឡើយ។
បើទោះបីជាមានពលរដ្ឋជាង ៦០ ភាគរយគ្រួសារដែលអាជ្ញាធរបានអះអាងថា ព្រមទទួលយកសំណងក៏ដោយ ក៏ប៉ុន្តែមានពលរដ្ឋមួយចំនួន មិនទាន់ព្រមទទួលយកសំណងនេះនៅឡើយ។
លោក ម៉ិច សារី ម្ចាស់ស៊ង និងស្រះចិញ្ចឹមត្រីបានអះអាងថា លោកមិនព្រមទទួលសំណងដែលអាជ្ញាធរផ្តល់ឲ្យនោះទេ ព្រោះតែសំណងដែលខ្លួនទទួលបាន គឺមិនសមល្មមនឹងការខូចខាតរបស់លោក។ ម្ចាស់ស៊ង និងស្រះចិញ្ចឹមត្រី ដែលបានអាស្រ័យផលលើបឹងនេះជាង ១ ឆ្នាំ បន្ថែមថា លោកនឹងនៅតែបន្តអាស្រ័យផលលើបឹងនេះដដែល ដរាបណាអាជ្ញាធរ មិនផ្តល់សំណងដែលខ្លួនអាចទទួលយកបាន។
លោកបានបញ្ជាក់ថា៖ «ខ្ញុំអត់ទទួលយកទេ ព្រោះមិនដឹងថា យកលុយ និងត្រីហ្នឹងធ្វើអី ដល់ ១៥ ម៉ឺនកូន ហើយយកលុយហ្នឹងមកចិញ្ចឹមជីវិតហ្នឹងរស់បានប៉ុន្មានថ្ងៃ? ពិបាកៗដល់កំណត់ហើយ ណាទឹកក៏គេបង្ហូរកាន់តែរីងទៅ»។
បើតាមលោក សារី សំណងដែលលោកចង់បាន គឺទឹកប្រាក់ ចំនួន ២០ លានរៀល ដែលលោកអះអាងថា គឺជាដើមទុនរបស់លោកទាំងអស់ក្នុងការវិនិយោគលើស៊ង និងស្រះចិញ្ចឹមត្រីនេះ តែសំណងតាមគោលនយោបាយដែលអាជ្ញាធរផ្តល់ឲ្យលោក គឺមិនបាន ៥០ ភាគរយផង៕