ភ្នំពេញៈ ប្រជាពលរដ្ឋ​ជិត ៥០០ នាក់​ ក្នុងស្រុក​ចំនួន ៣ នៃ​​ខេត្តកោះ​កុង ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន លី​យ៉ុង​ផាត់​ អស់​រយៈពេល ១២ ឆ្នាំ​មក​នេះ បាន​ឡើងមក​តវ៉ា នៅមុខ​ក្រសួង​រៀបចំ​ដែនដី​ កាលពី​​ថ្ងៃ​ពុធ​ ដើម្បី​​ស្នើ​សុំ​​ឲ្យ​លោក ជា សុផារ៉ា ជួយ​អន្តរាគមន៍​ឲ្យ​ពួកគេបាន​ដី​មកធ្វើ​ស្រែ​ចម្ការ​​វិញ ។

អ្នកស្រី ហេង សុគន្ធ ជា​ពលរដ្ឋ​ម្នាក់​ ក្នុងចំណោម​ពលរដ្ឋ​​ទាំង​នោះ​ ដែល​កំពុង​អង្គុយរង់​ចាំ​ដំណោះស្រាយ​នៅក្រោម​ម្លប់ ឈើ ជាប់​របង​ក្រសួង​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​ឡើងមក​ពេលនេះ គឺ​ដើម្បី​តាមដាន​ញត្តិ​ដែល​ខ្លួន​បានដាក់កាលពីពេល​កន្លង​ទៅ ដើម្បី​សុំ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​រៀប​ចំ​ដែនដី​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី។

អ្នកស្រី​បន្តថា ជម្លោះ​នេះ បាន​កើតឡើង​តាំងពី​ឆ្នាំ​ ២០០​៦ ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​របស់លោក លី​ យ៉ុង​ផាត់ ដោ​យ​អ្នក​ស្រី​​អះអាង​ថា ដី​របស់​ពួក​អ្នក​ស្រី​ ដែល​​ត្រូវ​​បាន​​ក្រុមហ៊ុន​​បណ្តេញ និង​រុះរើ​ផ្ទះ​របស់​ពួក​អ្នក​ស្រី​ មិន​ឲ្យ​រស់នៅនិង​​មិន​ឲ្យ​បង្ក​បង្កើន​ផល​តាំង​ពី​ឆ្នាំ​នោះ​មក។

អ្នកស្រី​បញ្ជាក់ថា៖ «ពួក​ខ្ញុំ​ បាន​កាន់កាប់​ដី​នេះ ​តាំងពី​ឆ្នាំ ២០០២ ហើយ​មាន​អ្នកខ្លះ តាំងពី​ឆ្នាំ ១៩៩៥ រហូត​ឆ្នាំ ២០០៦ ទើប​មាន​ក្រុមហ៊ុន កោះកុង​ស៊ូ​ហ្គើ​រអ៊ីនដា​ស្ទ្រី​លខ​មភែនី បាន​ចូលមក​ឈូស​ឆាយ​បំផ្លិចបំផ្លាញ​ដល់​ដំណាំ​ជាច្រើន​ប្រភេទ​ក្នុង​ចម្ការ ។ ខ្ញុំ​ចង់​ឲ្យ​ក្រសួង ​ជួយ​ប្រគល់​ដី​ខ្ញុំ​ត្រឡប់​មក​វិញ និង​ផ្តល់​ជា​សំណង​ខូចខាត​ដែល​ពួក​ខ្ញុំ​បាន​ជួប​កន្លង​មក»។

ក្នុងអំឡុងពេល​ប្រមូលផ្តុំ​គ្នា​នៅមុខ​ក្រសួង​ តំណាង​ពលរដ្ឋ​ចំនួន១២នាក់បាន​ចូល​ជួបចរចា​ជាមួយ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី ហើយ​ក្រោយ​បញ្ច​ប់​ការចរចា ពលរដ្ឋ​ទាំង​នោះ បា​ន​យល់ព្រម​ត្រឡប់​ទៅ​វិញ និង​អះអាងថា ប្រសិន​បើករណី​នេះ មិនអាច​ដោះ​ស្រា​យ​បានទេ ពួកគេ​នឹង​ឡើងមកតវ៉ា​បន្ត​ទៀត​។ នេះ​បើតាម លោក ទិ​ត្យ គុណ អាយុ ៤៦ ឆ្នាំ ជា​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ម្នាក់​ទៀត។

លោក សេង ឡូត អ្នកនាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដីនគ​រូ​ប​នី​យកម្មនិង​សំណង់ បាន​ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍​​ កាល​ពី​ថ្ងៃ​ពុធ​​ថា ក្រោយ​ជួប​ជាមួយ​តំណាង​ពលរដ្ឋ ១២ នាក់ រួចមក គឺ​ប្រជាពលរដ្ឋ​យល់ព្រម​ត្រឡប់​ទៅវិញ ដើម្បី​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ក្នុងការ​ពិនិត្យ​អត្តសញ្ញាណ​របស់​ពួកគាត់។

លោក​បញ្ជាក់ថា៖ «យ​ន្តការ​ការងារ​មាន​អស់​ហើយ នៅ​តែ​ធ្វើ​ការងារ​សម្រួល​តាម​នី​តិ​វិធី​ ពីក្រោម​មក ដោយផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ដឹងថា ស្ថានភាព​ហ្នឹង​វា​យ៉ាងម៉េច?»។

លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង មិន​អាច​សុំ​ការអត្ថាធិប្បាយ​បានទេ ដោយ​លោកស្រី​​ មាន​ប្រ​សាស​ន៍​ថា កំពុង​ជាប់​ប្រជុំ។

បើតាម​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី ជម្លោះ​នេះ​ កើត​ឡើង​តាំងពីឆ្នាំ ២០០៦ ក្នុង​ស្រុក​ចំនួន ៣ គឺ​ស្រុក​ស្រែអំបិល ស្រុក​ថ្មបាំង និង​ស្រុក​បទុម​សាគរ រវាង​ប្រជាពលរដ្ឋ​ប្រមាណ ១២៤៧ គ្រួសារ ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅដែល​គេ​ដឹងថាជារបស់​លោ​ក ​លី​ យ៉ុងផាត់ លើ​ផ្ទៃដី​ប្រមាណ​ជាង ៣ ពាន់​​ហិកតា។ មិន​មាន​ប្រភព​ទាក់ទង​​តំណាង​ក្រុមហ៊ុន លី យ៉ុង​ផាត់ ដើម្បី​សុំការ​បញ្ជាក់​លើ​បញ្ហា​នេះ​បាន​ទេ៕