បន្ទាយមានជ័យៈ ជនរងគ្រោះ​ពី​ការប្រើ​អំពើហិង្សា​ក្នុង​ទំនាស់​ដីធ្លី​ ៣ ​នាក់​ ក្នុង​ចំណោម​ ៥ ​នាក់​ ដែល​ជា​តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​វិវាទ​ដីធ្លី​ចំនួន​ ១៥០ ​គ្រួសារ​ រស់នៅ​ភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម ស្រុក​ស្វាយចេក ខេត្ដ​បន្ទាយមានជ័យ​កាលពី​ថ្ងៃទី​ ១៤ មករា បាន​ប្ដឹង​លោក​ អ៊ុំ រាត្រី អភិបាលខេត្ដ​នេះ​ និង​បក្ខពួក​ទៅ​តុលាការ​ពី​បទ​សមគំនិត​ធ្វើ​មនុស្សឃាត និង​ប្រើ​អំពើ​ហិង្សា​លើ​ពួកគេ​ពេល​តវ៉ា​ស្នើ​រក​ដំណោះស្រាយ​វិវាទ​ដីធ្លី​កាលពី​ខែ​ធ្នូ ឆ្នាំ​មុន​។

ការដាក់​បណ្ដឹង​របស់​ជនរងគ្រោះ​នេះ​ក្រោយពេល​លោក​នាយករដ្ឋមន្ដ្រី​ ហ៊ុន សែន ក៏បាន​បញ្ជា​កាលពី​ថ្ងៃទី​ ១៤ មករា​ដែល​ឲ្យ​លោក​ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាត់តាំង​គណៈកម្មការ​ស្រាវជ្រាវ​បន្ទាន់​លើ​បាតុភាព​មិន​សមស្រប​មួយ​បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ ៥ ​នាក់​ បាន​ស្លាប់​ដោយសារ​ការ​វ៉ៃ​ធ្វើ​ទារុណកម្ម​ពេល​ដែល​ពួកគេ​ត្រូវបាន​ចាប់ឃុំខ្លួន​ក្នុង​រឿង​វិវាទ​ដីធ្លី​កាលពី​ថ្ងៃទី​ ២៨ ​ដល់​ ៣១ ​ខែ​ ធ្នូ ឆ្នាំ ​២០១៩​។ ជនរងគ្រោះ​ឈ្មោះ​ ទុយ ស្រស់ បាន​ស្លាប់​នៅ​ថ្ងៃទី​ ១ ខែ​មករា​ក្នុង​ពេល​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្ដ​បន្ទាយមានជ័យ​។

តាម​ពាក្យបណ្ដឹង​បានឱ្យ​ដឹងថា ជនរងគ្រោះ​ទាំង​ ៣ ​នាក់​ ជា​តំណាង​ពលរដ្ឋ​ ១៥០ ​គ្រួសារ​នេះ​មាន​ឈ្មោះ​ នូវ នឿន ភេទ​ប្រុស អាន សារូន ភេទ​ប្រុស និង​ឈ្មោះ​ ហឹម គិរី ភេទ​ប្រុស​បាន​ប្ដឹង​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​បក្ខពួក​ចំនួន​ ៥ ​នាក់​ទៀត​រួមមាន លោកស្រី​ ចក់ ពួក អនុប្រធាន​សភាពាណិជ្ជកម្ម​ខេត្ដ​បន្ទាយមានជ័យ​លោក​ យឿង គង់ អនុប្រធាន​សភាពាណិជ្ជកម្ម​ខេត្ដ​បន្ទាយមានជ័យ​លោក​ ជា ផល្លី ប្រធាន​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បន្ទាយមានជ័យ​លោក​ ព្រិម សាលី ប្រធាន​ពន្ធដារ​ខេត្ត​បន្ទាយមានជ័យ​ និង​លោក​ បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បទ​សមគំនិត​ធ្វើ​មនុស្សឃាត និង​ប្រើ​អំពើហិង្សា​។

តាម​ពាក្យបណ្ដឹង​ឱ្យ​ដឹងថា​កាលពី​ថ្ងៃទី​ ២៦-២៧ ខែ​ ធ្នូ ឆ្នាំ​ ២០១៩ លោក​ អ៊ុំ រាត្រី បាន​ដឹកនាំ​កម្លាំង​ប្រដាប់អាវុធ​ជាច្រើន​នាក់​ទៅ​ឈូសឆាយ ដក​រោង ផ្ទះ លំនៅឋាន​របស់​ពួកគេ​អស់​គ្មាន​សល់​។ រហូត​ដល់​ថ្ងៃទី​ ២៨-២៩ ខែ​ធ្នូ ឆ្នាំ​ ២០១៩ ពលរដ្ឋ​ ១៥០ ​គ្រួសារ​រួម​នឹង​តំណាង​ពលរដ្ឋ​ទាំង​ ៥ ​នាក់​បាន​មក​តវ៉ា​នៅមុខ​សាលា​ខេត្ដ​បន្ទាយមានជ័យ​។

បណ្ដឹង​ពលរដ្ឋ​រងគ្រោះ​បញ្ជាក់ថា​៖ «​យើង​បាននាំគ្នា​មក​តវ៉ា​នៅមុខ​សាលា​ខេត្ដ​ដើម្បី​ឱ្យ​ចៅហ្វាយ​ខេត្ដ​ដោះស្រាយ​ស្រាប់តែ​ចៅហ្វាយ​ខេត្ដ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​យក​ប៉េអឹម​ [​កងរាជ​អាវុធហត្ថ​ខេត្ដ​] ​ចាប់​ពួកយើង​ ៥ ​នាក់​ថា​ជា​មេខ្លោង​នាំគ្នា​ទៅ​ចាប់ដី​នៅ​ស្ថានីយ​ព្រៃឈើ​តាបែន​ ២ ស្រុក​អូរជ្រៅ និង​ស្រុក​ស្វាយចេក ហើយ​ប្រើ​អំពើហិង្សា​វាយ​ធ្វើ​ទារុណកម្ម​យ៉ាងធ្ងន់ធ្ងរ​រហូតដល់​ស្លាប់​ម្នាក់​គឺ​ឈ្មោះ​ ទុយ ស្រស់​»​។

តាម​បណ្ដឹង​នេះ​បញ្ជាក់​ថា ពលរដ្ឋ​រងគ្រោះ​ពី​ការវ៉ៃ​ធ្វើ​ទារុណកម្ម បច្ចុប្បន្ន​កំពុងមាន​ជំងឺ​យ៉ាងធ្ងន់ធ្ងរ​ក្នុងនោះ​មាន​ជនរងគ្រោះ​ខ្លះ​បាក់ធ្មេញ ខ្លះ​គ្រាំ​ថ្លើម សួត​។ ដូច្នេះ​តាមរយៈ​ពាក្យបណ្ដឹង​នេះ ជនរងគ្រោះ​ទាំង​ ៣ ​នាក់​ដែល​ជា​តំណាង​ឲ្យ​ពួកគេ​ទាំងនោះ​បាន​ទាមទារ​សង​ការខូចខាត​ និង​ជំងឺ​ចិត្ដ​ចំនួន​ ២០ ​ម៉ឺន​ដុល្លារ​។

លោក​ នូវ នឿន វ័យ ៦២ ​ឆ្នាំ​មាន​លំនៅ​ក្នុង​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ​ជា​ជនរងគ្រោះ​ពី​ការវ៉ៃ​ធ្វើ​ទារុណកម្ម​ម្នាក់​ក្នុងចំណោម​ ៥ ​នាក់​ និង​ជា​តំណាង​ពលរដ្ឋ​ទាំង​ ១៥០ ​គ្រួសារ​ក្នុង​ការប្ដឹង​នេះ​ប្រាប់​ពី​ម្សិលមិញ​ថា​ការដាក់​ពាក្យបណ្ដឹង​នេះ​គឺ​ដើម្បី​ស្នើឱ្យ​តុលាការ​ស្វែងរក​ការពិត​។

លោក​ថា​៖ «​ការដាក់​បណ្ដឹង​នេះ គឺ​ដើម្បី​ស្វែងរក​យុត្ដិធម៌​លើ​រឿង​ទំនាស់​ដីធ្លី ដែល​គេ​ចោទប្រកាន់​មកលើ​ពួក​ខ្ញុំ និង​វ៉ៃ​ធ្វើ​ទារុណកម្ម​មកលើ​ពួកខ្ញុំ​។ ពួកខ្ញុំ​ត្រូវដាក់​ពាក្យ​បណ្ដឹង​ដើម្បី​បកតប​ទៅវិញ ដើម្បី​ដោះស្រាយ​ឱ្យ​បាន​ចប់​រឿងនេះ​»​។

លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​ពី​ម្សិលមិញ​បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ និង​ជនរងគ្រោះ​ទាំងនោះ​។ លោក​បាន​អះអាង​ថា គ្រាន់តែ​ចុះទៅ​ធ្វើ​អន្តរាគមន៍​សម្របសម្រួល​ករណី​រំលោភ​លើដី​ម្ចាស់​កម្មសិទ្ធិ​តាម​ពាក្យបណ្ដឹង​របស់​ម្ចាស់​កម្មសិទ្ធិ​ដីធ្លី​ប៉ុណ្ណោះ​។

លោក​អះអាង​ថា​៖ «​ករណីនេះ​ជា​ករណី​រំលោភបំពាន​ទន្ទ្រាន​ដី​រដ្ឋ​ និង​ដី​កម្មសិទ្ធិឯកជន​។ អ៊ីចឹង​ក្នុង​នាម​អាជ្ញាធរ យើង​ត្រូវតែ​ជួយ​សម្របសម្រួល​រវាង​ពលរដ្ឋ​ និង​ម្ចាស់​កម្មសិទ្ធិ​ដីធ្លី​ដែល​បានដាក់​ពាក្យបណ្ដឹង​មក​។ ពួកគាត់ [​ក្រុម​ពលរដ្ឋ​] ​មិន​សុខ​ចិត្ដ​ពួកគាត់ មក​តវ៉ា ប៉ុន្ដែ​ពួកគាត់​បាន​ផ្តិត​មេដៃ​ទទួលស្គាល់​រួចហើយ​ថា​ពួកគាត់​ពិតជា​បាន​ទន្ទ្រាន​កាន់កាប់​ដី​កម្មសិទ្ធិ​របស់គេ​មែន​»​។

លោក​ អ៊ុំ រាត្រី​បញ្ជាក់ថា​៖ «​ក្នុងនាម​យើង​រក្សា​សន្ដិសុខ​សណ្ដាប់ធ្នាប់ ដើម្បី​សម្រួល​សណ្ដាប់ធ្នាប់​យើង​ត្រូវតែ​សម្របសម្រួល​ជាមួយ​ពួកគាត់ ប៉ុន្ដែ​ពួកគាត់​មិន​ព្រម​។ និយាយឱ្យចំ​គឺ​មិនបាន​បញ្ជា​កម្លាំង​បញ្ជា​អី​ឱ្យធ្វើ​ទារុណកម្ម​អី​ទេ មិនមាន​ទេ​។ សេចក្ដី​ប្រកាស​ព័ត៌មាន​អំពី​ករណីនេះ​ក៏បាន​ផ្សព្វផ្សាយ​រួចរាល់​ហើយ​»​។

លោក ​សុខ កែវបណ្ឌិត អ្នក​នាំពាក្យ​អយ្យការ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បានទេ​ពី​ម្សិលមិញ​៕

វីដេអូ៖