ភ្នំពេញៈ នៅ​សល់​តែ​ជាង​ ២ ​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​បណ្ដោះអាសន្ន​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ប្រមាណ​ ១៥០ ​គ្រួសារ​ នឹង​ប្ដូរ​លំនៅ​ទៅ​រស់នៅ​លើដី​​កម្មសិទ្ធិ​ស្របច្បាប់ ដែល​ស្ថិត​នៅ​ស្របតាម​បណ្ដោយ​ប្រឡាយ​ស្ទឹងមានជ័យ​។ នេះ​បើតាម​លោក​ ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។

នៅក្នុង​សិក្ខាសាលា​ស្ដីពី​ «​ការផ្សព្វផ្សាយ​របាយការណ៍​សិក្សា​ទិន្នន័យ​មូលដ្ឋាន​នៃ​សហគមន៍​នៅតាម​ប្រឡាយ​ស្ទឹងមានជ័យ និង​ការរៀបចំ​យុទ្ធសាស្ត្រ​ស្វែងរក​ការគាំទ្រ​លើ​វិស័យ​រៀបចំ​ផែនការ​នគរូបនីយកម្ម និង​ការគ្រប់គ្រង​ដីធ្លី​» ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ព្រឹក​ថ្ងៃទី​ ១៣ ខែកក្កដា ឆ្នាំ​ ២០២០ លោក ឃួង ស្រេង បាន​ថ្លែងថា ក្នុង​ ២ ​ទសវត្សរ៍​កន្លងមក​នេះ រាជធានី​ភ្នំពេញ​មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច កំណើន​យានយន្ត និង​កំណើន​ប្រជាពលរដ្ឋ​គួរ​ឲ្យ​កត់សម្គាល់​។

លោក​បាន​បន្តថា ទន្ទឹម​នឹង​នេះ​ការធ្វើ​ចំណាកស្រុក​របស់​ប្រជាជន​ពី​បណ្ដា​ខេត្ត​មួយចំនួន​មក​រស់នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ប្រកប​មុខរបរ​រកស៊ី និង​ការងារ​ផ្សេងៗ​ក៏មាន​ការកើនឡើង​យ៉ាងគំហុក​ផងដែរ​ក្នុង​នោះ​មាន​ពលរដ្ឋ​ខ្លះ បាន​មក​តាំង​លំនៅ​លើដី​សាធារណៈ​របស់​រដ្ឋ​។ ជាក់ស្តែង​ប្រឡាយ​ស្ទឹងមានជ័យ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចំនួន ៥៦២ គ្រួសារ ​បាន​មក​រស់​នៅលើ​ប្រឡាយ​ធ្វើឲ្យ​កកស្ទះ​ចរន្តទឹក​ហូរ និង​បង្ក​ឲ្យ​មាន​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ​។

លោក​ ស្រេង ក៏បាន​លើកឡើង​ផងដែរ​ថា ជុំវិញ​បញ្ហា​ប្រឈម​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ឲ្យ​ថ្នាក់ក្រោម​ជាតិ​រៀបចំ​កម្មវិធី​អភិវឌ្ឍន៍​សហគមន៍​ក្រីក្រ​ឲ្យ​មាន​ភាពរីកចម្រើន​ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ប្រកប​ដោយ​ចីរភាព​របស់​រាជរដ្ឋាភិបាល ដើម្បី​ឈាន​ឆ្ពោះ​ទៅរក​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​មូលដ្ឋាន​នៅ​ទូទាំង​ប្រទេស​ឲ្យ​បានសម្រេច​នៅក្នុង​ឆ្នាំ ២០៣០ ​ខាងមុខ​។

ពាក់ព័ន្ធ​ដំណើរ​ការរៀបចំ​អភិវឌ្ឍ​សហគមន៍​ក្រីក្រ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​អភិវឌ្ឍ​សហគមន៍​ស្ទឹងមានជ័យ​នៅ​នឹង​កន្លែង​ដោយ​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​នូវ​កម្មសិទ្ធិ​ដី​ស្របច្បាប់​ក្នុង​ ១ ​គ្រួសារ​ទំហំ ២៤ ម៉ែត្រការ៉េ​ ឬ​ ៤ ​ម៉ែត្រ​គុណ ៦ ​ម៉ែត្រ​នៅ​អម​តាម​ប្រឡាយ​ស្ទឹងមានជ័យ​នេះ​តែម្តង ហើយ​ប្រឡាយ​ស្ទឹងមានជ័យ​ត្រូវ​បាន​ស្ថាបនា​ឡើង ដោយ​បុក​ស៊ីផាយ ជញ្ជាំង​ប្រឡាយ​ជាមួយ​នឹង​ការកសាង​ផ្លូវ​អម​សងខាង​ប្រឡាយ​នេះ​ផងដែរ​។ ការផ្តល់​ដី​កម្មសិទ្ធិ​នៅ​តាម​មាត់​ប្រឡាយ​ស្ទឹងមានជ័យ​ដល់​ប្រជាពលរដ្ឋ​ចំនួន ១៥០ ​គ្រួសារ​នេះ​គឺជា​គម្រោង​ចុងក្រោយ​បន្ទាប់ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ធ្វើ​បែបនេះ​ចំនួន​ ២ ​លើក​រួចមក​ហើយ​។

លោក​អភិបាល​រាជធានី​បាន​បញ្ជាក់ថា​៖ «​នៅពេល​នេះ​គម្រោង​ស្ដារ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​ស្ទឹងមានជ័យ និង​ផ្លូវ​អម​សងខាង​ប្រឡាយ​នេះ​នឹង​ត្រូវ​បញ្ចប់​ជា​ស្ថាពរ នា​ដំណាច់​ខែកក្កដា​ខាងមុខនេះ​ដែល​អនុញ្ញាត​ឲ្យ​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ដែល​កំពុងស្នាក់នៅ​ក្រោម​ដំបូលផ្ទះ​ស័ង្កសី នៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ជា​បណ្ដោះអាសន្ន​នាពេល​កន្លង​មក​នេះ ឡើង​ទៅ​រស់នៅ​លើដី​កម្មសិទ្ធិ​របស់​ពួកគេ​នៅ​អម​សងខាង​ប្រឡាយ​នេះ​វិញ​»​។

កញ្ញា ស្រី ម៉ៅ អាយុ​ ២២ ​ឆ្នាំ ​ដែល​បច្ចុប្បន្ន​កំពុង​រស់នៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៤ ​ខែ​កក្កដា ​ថា ក្រុមគ្រួសារ​របស់​នាង និង​ពលរដ្ឋ​ដទៃទៀត​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ដើម្បី​រើ​ទៅ​រស់​នៅលើ​ទីតាំង​ដី​កម្មសិទ្ធិ​របស់ខ្លួន​វិញ​ទៅតាម​គោលការណ៍​ណែនាំ​របស់​អាជ្ញាធរ រាជធានី​ភ្នំពេញ​។

នាង​បាន​និយាយថា​៖ «​ជា​ការពិត គ្រួសារ​យើង​ពុំមាន​លទ្ធភាព​សង់​លំនៅឋាន​រឹងមាំ​ស្របតាម​ស្ដង់ដា​បច្ចេកទេស​នោះ​ទេ ប៉ុន្តែ​យើង​បាន​ត្រៀមខ្លួន​ជាស្រេច​ហើយ ដើម្បី​ទៅ​រស់នៅ​លើ​ទីតាំង​ដី​កម្មសិទ្ធិ​ស្របច្បាប់​របស់​យើង ទៅ​តាម​ការរៀបចំ​ណែនាំ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នាពេល​ខាងមុខ​ដ៏ខ្លី​នេះ​»​។

ជាមួយ​គ្នា​នេះ​កញ្ញា ស្រី ម៉ៅ ក៏​បាន​ថ្លែង​អំណរ​អរគុណ​ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដែល​បាន​រៀបចំ​ផ្ទះ​ស័ង្កសី​ដោយ​មាន​ភ្ជាប់​ប្រព័ន្ធ​ទឹក​ភ្លើង និង​ប្រព័ន្ធ​សុវត្ថិភាព​នៅ​ក្រោម​ស្ពាន​ស្ទឹងមានជ័យ​សម្រាប់​ឲ្យ​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅក្នុង​សហគមន៍​របស់​នាង​ [​សហគមន៍​ស្ទឹងមានជ័យ​] បាន​រស់នៅ​ជា​បណ្ដោះអាសន្ន​នាពេល​កន្លងមក​។

កាលពី​ពេល​ថ្មីៗ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ ១០០ ​គ្រួសារ​ ស្មើនឹង​ ៨៧ ​ខ្នង​ផ្ទះ​នៅ​សហគមន៍​បន្ទាយស្លឹក​ដែល​ពួកគាត់​រស់នៅ​លើ​ផ្លូវ​សាធារណៈ​លេខ ៤៣៤ ស្ថិត​ក្នុងភូមិ​ ៤ សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹងកេងកង​ជាង​ ២០ ​ឆ្នាំ​មក​ហើយ​ផងដែរ​។ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ផ្ដល់​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​ជូន​ដល់​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ទាំងនោះ​នូវ​ដីឡូត៍​ថ្មី​ទំហំ ៤ ​ម៉ែត្រ​គុណ ១៥ ​ម៉ែត្រ​ក្នុង​មួយ​ខ្នង​ផ្ទះ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​៕

វីដេអូ៖