ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់កាលពីថ្ងៃម្សិលមិញថា ប្រជាពលរដ្ឋបាននាំគ្នាសម្រុកទៅប្រឡងយកបណ្ណបើកបរ និងយកយានយន្តទៅត្រួតពិនិត្យបច្ចេកទេស (ឆៀក) ចាប់ពីថ្ងៃ ២៩ ដល់ថ្ងៃទី ៣០ ខែមេសា មានការកើនឡើងច្រើនជាងថ្ងៃធម្មតា ខណៈរដ្ឋាភិបាលនឹងចាប់ផ្ដើមផាកពិន័យបទល្មើសចរាចរណ៍តាមអនុក្រឹត្យថ្មីចាប់ពីថ្ងៃទី ១ ឧសភា នេះទៅ។
ក្រសួងសាធារណការបានបញ្ជាក់តាមទំព័រហ្វេសប៊ុកថា គ្រប់មណ្ឌលត្រួតពិនិត្យលក្ខណៈយានយន្តទាំងអស់នឹងធ្វើការពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យចាប់ពីថ្ងៃទី ៣ ខែឧសភា តទៅ ខណៈមន្ត្រីបានលើកឡើងថា ពលរដ្ឋដែលបានទៅប្រឡងយកបណ្ណបើកបរ និងយកយានយន្តទៅត្រួតពិនិត្យបច្ចេកទេសយានយន្តមានការកើនឡើង។
កាលពីថ្ងៃម្សិលមិញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញក៏បានបញ្ជាក់តាមទំព័រហ្វេសប៊ុកដែរថា កាលពីថ្ងៃទី ២៩ មេសា ពលរដ្ឋបានទៅប្រឡងយកបណ្ណបើកបរមានការកើនឡើងជាង ៣ ដង បើប្រៀបធៀបទៅថ្ងៃផ្សេងទៀត។
មន្ទីរបានឲ្យដឹងទៀតថា៖ «មានប្រជាពលរដ្ឋបានមកប្រឡងយកបណ្ណបើកបរនៅអង្គភាពផ្តល់បណ្ណបើកបរយានយន្ត និងមកប្តូរពន្យារប័ណ្ណនៅមណ្ឌលប្តូរពន្យារបណ្ណបើកបរនៅផ្សារទំនើបអ៊ីអនទី ១ និងអ៊ីអនទី ២ មានចំនួន ៥៨៣ នាក់ កើនជាង ៣ ដងធៀបនឹងថ្ងៃធម្មតា»។
ជាមួយគ្នានេះក្រសួងសាធារណការ និងដឹកជញ្ជូនក៏អំពាវនាវមន្ត្រី និងប្រជាពលរដ្ឋទាំងអស់ រក្សាគម្លាតតាមការណែនាំពីមន្ត្រីផ្ទាល់ពេលមកទទួលសេវាបណ្ណបើកបរ និងបន្តរក្សាភ្ជាប់គោលការណ៍អនាម័យពាក់ម៉ាស់ឲ្យត្រឹមត្រូវតាមការចាំបាច់ ដើម្បីការពារការរីករាលដាលជំងឺកូវីដ ១៩ ទាំងអស់គ្នា។
លោក ឈួន វ៉ន់ អ្នកនាំពាក្យក្រសួងសាធារណការ និងជាអគ្គនាយកដឹកជញ្ជូនផ្លូវគោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញដែរថា តាមការសង្កេតឃើញជាក់ស្ដែងគឺក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ពលរដ្ឋបាននាំគ្នាទៅប្រឡងយកបណ្ណបើកបរ និងយករថយន្តទៅត្រួតពិនិត្យបច្ចេកទេសនៅតាមមណ្ឌលនៅទូទាំងប្រទេស គឺមានកើនឡើងច្រើនមិនធ្លាប់មាន។
លោកថា៖ «ខ្ញុំមិនទាន់មានតួលេខច្បាស់ទេ ប៉ុន្តែអ្វីដែលខ្ញុំទទួលបានព័ត៌មានពីតាមមណ្ឌលមួយចំនួនដែលក្នុង ១ ថ្ងៃធ្វើ (ត្រួតពិនិត្យបច្ចេកទេសយានយន្ត) ១៣០ គ្រឿងឡើងទៅដល់ទៅ ២៥០ ឬជិតទៅដល់ ៣០០ គ្រឿងអ៊ីចឹងទៅ។ ហើយមណ្ឌលនៅខេត្តឆ្ងាយៗខ្លះមិនមានសោះ ឬ ២-៣-៤ គ្រឿង ឥឡូវកើនដល់ ៤០ គ្រឿងទៅដល់ ៥០ គ្រឿង»។
កាលពីថ្ងៃម្សិលមិញលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានលើកឡើងថា ការរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការបង្កើនប្រាក់ផាកពិន័យ គឺមិនមែនជាការឆ្លៀតឱកាសរកប្រាក់ និងធ្វើបាបពលរដ្ឋឡើយ។ លោកលើកឡើងបែបនេះដើម្បីឆ្លើយតបទៅអ្នករិះគន់ដែលថា ការរឹតបន្តឹងច្បាប់នេះគឺកាន់តែដាក់បន្ទុកទៅលើពលរដ្ឋ ស្របពេលដែលកំពុងជួបវិបត្តិសេដ្ឋកិច្ចគ្រួសារដោយសារផ្ទុះឡើងជំងឺកូវីដ១៩។
ប៉ុន្តែនៅក្នុងកិច្ចប្រជុំពិនិត្យសេចក្ដីព្រាងសេចក្ដីណែនាំមួយនៅទីស្ដីការក្រសួងមហាផ្ទៃលោក ស ខេង បញ្ជាក់ថាវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះគឺដើម្បីឆ្លើយតបនឹងភាពអាសន្ននៃគ្រោះថ្នាក់ចរាចរណ៍ដែលមានកំណើនយ៉ាងគំហុកកាលពីឆ្នាំកន្លងទៅ ដោយបានបណ្ដាលឱ្យមានអ្នកស្លាប់ របួសពិការ និងបង្កឱ្យមានកុមារកំព្រារួមទាំងវិនាសព្រាត់ប្រាសក្នុងគ្រួសារ ស្របពេលប្រទេសជាតិបានចាកផុតពីភ្លើងសង្គ្រាមមាន សន្តិភាព និងការអភិវឌ្ឍ។
លោកបានបន្តថា ក្រសួងមហាផ្ទៃអគ្គស្នងការ ឬអង្គភាពនគរបាលចរាចរណ៍ដែលដឹកនាំ និងអ្នកអនុវត្តច្បាប់មិនចង់បានប្រាក់ពីពលរដ្ឋនោះទេ ផ្ទុយទៅវិញនេះគឺជាការថែរក្សាប្រាក់ និងថែរក្សាសុវត្ថិភាពជូនពលរដ្ឋទៅវិញទេ។
លោកថា៖ «សមត្ថកិច្ចនឹងមិនឃាត់ដំណើរបងប្អូនជនរួមជាតិដែលធ្វើដំណើរប្រកបដោយការគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទេ។ បងប្អូនអ្នកត្រឹមត្រូវគឺអាចធ្វើដំណើរបានដោយរលូន លើកលែងតែបានធ្វើដំណើរដោយបំពានច្បាប់ត្រង់ចំណុចណាមួយ ដូចជាមិនពាក់មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញាទើបសមត្ថកិច្ចឃាត់មិនឱ្យធ្វើដំណើរ ហើយចាប់ផ្ដើមសួរនាំរកឯកសារ»។
លោកបន្ថែមថា៖ «សូមកុំមានទស្សនៈថា នគរបាលឆ្លៀតយកឱកាសនេះធ្វើបាបប្រជាជននេះគឺជាភារកិច្ចដើម្បីប្រជាជន ហើយទាល់តែឃាត់គ្រប់អ្នកដំណើរទោះគោរពច្បាប់ និងមិនគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទើបថា ជាវិធានការរដ្ឋបាល»។
យោងតាមអនុក្រឹត្យថ្មីនៃការផាកពិន័យបទល្មើសចរាចរណ៍គឺអ្នកបើកបរយានយន្តដោយគ្មានបណ្ណបើកបរ ឬក្នុងរយៈពេលដកហូតទុក ព្យួរទុក ឬទុកជាមោឃៈគឺត្រូវពិន័យចំនួន ១ លាន ២ សែនរៀលសម្រាប់រថយន្តធុនស្រាល និង ២ លាន ៤ សែនសម្រាប់រថយន្តធុនធ្ងន់។
ការបើកបរប្រើប្រាស់បណ្ណបើកបរហួសសុពលភាពត្រូវពិន័យ ១ សែន ៨ ម៉ឺនរៀល សម្រាប់រថយន្តធុនស្រាល និង ៣ សែន ៧ ម៉ឺន ៥ ពាន់សម្រាប់រថយន្តធុនធ្ងន់ ហើយចំពោះការបើកបរប្រើប្រាស់បណ្ណបើកបរមិនត្រឹមត្រូវតាមប្រភេទយានត្រូវពិន័យ ១ សែន ៨ ម៉ឺនរៀល និងពិន័យចំនួន ៣ សែន ៧ ម៉ឺន ៥ ពាន់រៀលសម្រាប់រថយន្តធុនធ្ងន់។
កាលពីថ្ងៃម្សិលមិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងតាមរយៈហ្វេសប៊ុកដែរថា ដើម្បីចៀសវាងការផាកពិន័យ ប្រជាពលរដ្ឋគឺត្រូវតែមានបណ្ណបើកបរ ហើយរថយន្តគឺត្រូវតែមានការត្រួតពិនិត្យបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវតាមច្បាប់។
រដ្ឋាភិបាលបានត្រៀមកម្លាំង ៣ ៩១៩ នាក់ ដើម្បីដាក់ពង្រាយនៅទូទាំងប្រទេស ដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍តាមអនុក្រឹត្យថ្មី ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាអតិបរមា។ កាលពីឆ្នាំ ២០១៩ ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានអ្នកស្លាប់ចំនួន ១ ៩៨១ និងរបួសចំនួន ៦ ១៤១ នាក់ ដែលកើនឡើងខ្ពស់ជាងឆ្នាំ ២០១៨ ដែលមានអ្នកស្លាប់ចំនួន ១ ៧៦១ នាក់ និងរបួសចំនួន ៤ ៧៧០ នាក់៕