កំពង់ឆ្នាំងៈ ពលរដ្ឋចំនួន ១០ នាក់ តំណាងឲ្យពលរដ្ឋចំនួន ៣៣ គ្រួសារ ក្នុងសហគមន៍ឡពាងដែលបានប្ដឹងសុំមោឃភាពកិច្ចព្រមព្រៀងទទួលប្រាក់ក្នុងរឿងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ ជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់លោកស្រី ជា ខេង នឹងមកឆ្លើយបំភ្លឺបន្ថែមជាលើកទី២ ទៅតាមការកោះហៅរបស់លោក សំ ប៊ុនពៅ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ។
អ្នកស្រី កែវ វណ្ណៈ សហដើមចោទម្នាក់បានប្រាប់ភ្នំពេញប៉ុស្ដិ៍ កាលពីថ្ងៃចន្ទថា ការកោះហៅជាថ្មីនេះ ដោយសារចៅក្រមសាលាដំបូងរាជធានី កាលពីអំឡុងកោះហៅក្រុមអ្នកស្រីមកបំភ្លឺជាលើកដំបូង កាលពីខែ មករា ឆ្នាំ ២០១៩ បានចាត់ទុកបណ្ដឹងសុំមោឃភាពថា មិនទាន់មានឯកសារគ្រប់គ្រាន់ និងបានស្នើសុំឱ្យក្រុមអ្នកស្រីត្រឡប់ទៅរកឯកសារបន្ថែម ដែលឯកសារនោះគឺជាកិច្ចព្រមព្រៀងមួយ ដែលក្រុមអ្នកស្រីបានយកធ្វើជាអំណះអំណាង នៅក្នុងពាក្យបណ្ដឹងថា ការផ្ដល់ប្រាក់របស់ក្រុមហ៊ុនកាលពីឆ្នាំ ២០១៤ គឺមិនមែនជាប្រាក់ទូទាត់សំណងរឿងថ្លៃដីឡើយ ប៉ុន្តែជាការផ្ដល់គោលនយោបាយសម្រាប់ចាយមុនពេលចូលឆ្នាំប៉ុណ្ណោះ។
អ្នកស្រីបន្តថា ក្រុមអ្នកស្រីបានព្យាយាមស្វែងរកកិច្ចព្រមព្រៀងនោះ តាមការចង់បានរបស់តុលាការដែរ ប៉ុន្តែថ្វីដ្បិតទៅសួរដល់សាលាខេត្ត សាលាស្រុក និងសាលាឃុំអស់ជាច្រើនលើកក្ដី ពុំអាចរកឃើញឡើយ ដោយអ្នកស្រីអះអាងថា ការធ្វើកិច្ចព្រមព្រៀងផ្ដល់ប្រាក់សម្រាប់ឱ្យពលរដ្ឋចាយមុនចូលឆ្នាំនោះ គឺភាគីក្រុមហ៊ុន មិនបានចែកលិខិតស្នាមមកឱ្យប្រជាពលរដ្ឋឡើយ។
អ្នកស្រីថា៖ «កិច្ចព្រមព្រៀងហ្នឹងគឺខ្ញុំមិនបានព្រមព្រៀងរឿងដីរឿងធ្លីដែរ ព្រោះថ្ងៃទទួលសំណងគោល នយោបាយហ្នឹង គឺគាត់ថាមិនឱ្យពួកខ្ញុំនិយាយរឿងដីទេ ពីព្រោះគាត់ថា ប្រាក់នេះគឺជាប្រាក់គោលនយោបាយសម្រាប់ចូលឆ្នាំសូមបងយកទៅ មីងយកទៅ និងប្អូនយកទៅហើយឱ្យផ្ដិតមេដៃ ហើយពួកខ្ញុំមិនមែនជាអ្នកចេះអានអក្សរអី។ អ៊ីចឹងពួកខ្ញុំមិនសុខចិត្ត និងដាក់បណ្ដឹងសុំមោឃភាពហ្នឹង ដើម្បីកុំឱ្យចោទប្រកាន់ដោយយកស្នាមមេដៃពួកខ្ញុំថា បានទទួលលុយសំណងពីក្រុមហ៊ុន»។
ការលើកឡើងរបស់អ្នកស្រី វណ្ណៈ ធ្វើឡើងបន្ទាប់ពីលោក សំ ប៊ុនពៅ ចៅក្រមសាលាដំបូងរាជធានីបានចេញដីកាកោះមួយធ្វើឡើងនៅថ្ងៃទី ១៣ ខែ មិថុនា ឱ្យតំណាងសហគមន៍ឡពាងចំនួន ១០ នាក់ ចូលមកកាន់តុលាការនៅថ្ងៃទី ១៨ ខែ កក្កដា ដើម្បីចូលរួមនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ជុំវិញពាក្យបណ្ដឹងមោឃភាពកិច្ចព្រមព្រៀង។
អ្នកស្រី វណ្ណៈ បញ្ជាក់ថា ថ្វីដ្បិតគ្មានកិច្ចព្រមព្រៀងសម្រាប់ដាក់ជូនចៅក្រម ប៉ុន្តែក្រុមអ្នកស្រីទាំង ១០ នាក់ នឹងនៅតែចូលមកបំភ្លឺដោយផ្ទាល់មាត់នៅតុលាការតាមដីកាកោះ ព្រោះអ្វីដែលលើកឡើង ក្នុងពាក្យបណ្ដឹង គឺសុទ្ធជាការពិតទាំងអស់ ហើយអ្នកស្រីក៏ចង់ឱ្យតុលាការកោះហៅលោកស្រី ជា ខេង មកសួរដេញដោលតទល់មុខគ្នាជាមួយពលរដ្ឋដែរ។ ពលរដ្ឋចំនួន ៣៣ គ្រួសារ ក្នុងចំណោម ៤៩ គ្រួសារ រស់នៅក្នុងភូមិឡពាង ឃុំតាជេស ស្រុកកំពុងត្រឡាច ខេត្តកំពង់ឆ្នាំងដែលមានទំនាស់ដីធ្លីជាង ១១០ ហិកតា ជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី តាំងពីឆ្នាំ ២០០៦ បានដាក់ពាក្យប្ដឹងសុំមោឃភាពកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុននេះ កាលពីថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៤។
ពលរដ្ឋទាំងនេះអ្នកខ្លះមានដីចាប់ពី ៨ ហិកតាកន្លះ និងជាង ៣ ហិកតា ទទួលបានប្រាក់ចំនួន ៦ លានរៀល និងខ្លះដែលមានដីជាង ១ ហិកតា ឬតិចជាង ១ ហិកតា ទទួលបានប្រាក់ពី ៣ ទៅ ១ លានរៀល ក្រុមហ៊ុន ខេ.ឌី.ស៊ី ជាប្រាក់ដែលពលរដ្ឋថា មិនមែនប្រាក់ថ្លៃសំណងរឿងដីធ្លីនោះឡើយ ខណៈពលរដ្ឋទាំង ៤៩ គ្រួសារ បានទាមទារពីក្រុមហ៊ុនក្នុង ១ ហិកតា ចំនួន ៦ ម៉ឺនដុល្លារ។
ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងលោកស្រី ជា ខេង ដើម្បីសុំអធិប្បាយបានទេ ប៉ុន្តែលោក ផាត់ ពៅស៊ាង មេធាវីតំណាងក្រុមហ៊ុន ខេ.ឌីស៊ី របស់លោកស្រី ជា ខេង ធ្លាប់បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីខែកុម្ភៈថា ពលរដ្ឋទាំងជាង ៤០ គ្រួសារ គឺមិនមែនជាម្ចាស់ដីពិតប្រាកដឡើយ ហើយដីដែលពលរដ្ឋទាំងនោះកំពុងទាមទារ គឺក្រុមហ៊ុនកាន់កាប់ដោយមានប្លង់បញ្ជាក់អំពីកម្មសិទ្ធិត្រឹមត្រូវ និងមានការទទួលស្គាល់ពីលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី។
លោកមេធាវីរូបនេះ បញ្ជាក់ដែរថា ឯការដោះស្រាយតាមគោលនយោបាយកាលពីឆ្នាំ ២០១៤ គឺដោយសារតែម្ចាស់ក្រុមហ៊ុន មិនចង់មានរឿងវែងឆ្ងាយ បើទោះជាដឹងថា ពលរដ្ឋទាំងជាង ៤០ គ្រួសារ មិនមែនជាម្ចាស់ដីពិតប្រាកដក្ដី ហើយពលរដ្ឋទាំងនេះក៏បានផ្ដិតមេដៃ សុំដកពាក្យបណ្ដឹង និងឈប់តវ៉ាវិញដែរ។
ប៉ុន្តែលោក សំ ច័ន្ទគា មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា តាមការរកឃើញរបស់អង្គការអាដហុក ពលរដ្ឋដែលកំពុងតវ៉ាសព្វថ្ងៃ ស្ទើរតែទាំងអស់គឺជាម្ចាស់ដីពិតប្រាកដ ដែលគ្រប់គ្រងដីជម្លោះនេះតាំងពីឆ្នាំ ១៩៨១ មក ហើយមូលហេតុដែលធ្វើឱ្យមានទំនាស់ដីធ្លីនេះអូស បន្លាយគឺជាកំហុសមកពីអ្នកឃុបឃិតធ្វើប្លង់ដើម្បីឱ្យទៅពលរដ្ឋផ្សេង ហើយលក់មកឱ្យក្រុមហ៊ុនខេ.ឌី.ស៊ី នេះ។
លោកបន្តថា ប្រសិនបើពិតជាចង់ដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ មែន តុលាការ មានសិទ្ធិបង្គាប់ឱ្យភាគីក្រុមហ៊ុនដែលជាភាគីចុងចោទ ត្រូវដាក់ជូននូវកិច្ចព្រមព្រៀងនោះធ្វើជាភ័ស្ដុតាងបន្ថែមមកតុលាការ នៅពេលដែលពលរដ្ឋមិនអាចរកបានកិច្ចព្រមព្រៀងដាក់ជូនតុលាការបាន។
លោកបានថ្លែងបន្តថា៖ «យោងតាមរបាយការណ៍របស់អាជ្ញាធរក៏បានទទួលស្គាល់ថា មានការព្រមព្រៀងគ្នា រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ដោយមានប្រជាពលរដ្ឋមួយចំនួន ទទួលយកសំណងហ្នឹងអ៊ីចឹង! វាស៊ីចង្វាក់គ្នាហើយវាគ្រាន់តែអត់មានភ័ស្ដុតាងទេ»៕