កំពង់ឆ្នាំងៈ ប្រជា​សហគមន៍​និង​គណៈកម្មការ​អាចារ្យវត្ត​ភ្នំ​ព្រះធាតុ ក្នុង​ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ការពារ និង​អភិរក្ស​សត្វ​ក្ងោក​ព្រៃ បន្ទាប់​ពី​មាន​ករណី​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន ៣ នាក់ បាន​នាំគ្នា​លប​លួច​ចូល​បរបាញ់​សត្វ​ក្ងោក​នៅ​ក្នុង​ព្រៃ​សហគមន៍​ពួកគាត់​ជា​បន្ត​បន្ទាប់។

លោក​ ប៊ុន សារិទ្ធ អនុប្រធាន​គណៈកម្មកា​រ​អាចារ្យ​វត្តភ្នំ​ព្រះធាតុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ​ថា សត្វ​ក្ងោក​ព្រៃ ចំនួន ៧ ក្បាល តែង​តែ​បង្ហាញ​ខ្លួន​នៅ​ក្នុង​ព្រៃ​សហគមន៍​ភូមិ​ច្រកកូវ ហើយ​យូរៗ​ម្ដង​ពួកវា​បាន​ហើរ​មក​ទំ​លើ​ដើម​ឈើ​ហើយ​ពេល​ខ្លះ​បាន​ចុះ​ដើរ​លេង​នៅ​ក្នុង​ទីធ្លា​វត្ត​ផងដែរ ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ មាន​ក្រុម​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ប្រមាណ​ជា ៣ នាក់ បាន​នាំគ្នា​ដើរ​មក​បរបាញ់​សត្វ​ក្ងោក​ទាំង​នោះ​នៅ​ក្នុង​ព្រៃ​របស់​សហគមន៍។

លោក សារិទ្ធ បាន​បញ្ជាក់ថា៖ «កាលពី​ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៩ ក្រុម​យាយជី តាជី ក្នុង​វត្ត​របស់​យើង​បាន​ប្រទះ​ឃើញ​សត្វ​ក្ងោក ១ ក្បាល​ងាប់​នៅ​ក្នុង​ព្រៃ​ក្បែរ​ជើង​ភ្នំ ដោយ​មាន​ស្នាម​ត្រូវ​គ្រាប់​ធ្លាយ​ពី​គល់​ស្លាប​ម្ខាង​ទៅ​ម្ខាង​ទៀត»។

លោក សារិទ្ធ បាន​អះអាងថា បន្ទាប់ពី​មាន​ករណីនេះ​កើតឡើង ក្រុម​ពលរដ្ឋ និង​គណៈ​កម្មការ​អាចារ្យ​វត្ត​បាន​នាំគ្នា​ចុះ​ល្បាត​តាម​ព្រៃ​ក្បែរ​ជើងភ្នំ​ក្នុង​តំបន់​ការពារ​របស់​សហគមន៍​ដើម្បី​ស្រាវជ្រាវ និង​ទប់​ស្កាត់​បទល្មើស​ប្រមាញ់​សត្វ​ក្ងោក​ព្រៃ។ លុះ​ដល់​ថ្ងៃ​ទី ២៤ ខែ​ ឧសភា ឆ្នាំ ២០១៩ មាន​ប្រជា​សហគមន៍​ម្នាក់​បាន​ប្រទះ​ឃើញក្រុម​ជន ៣ នាក់​ បាន​លួច​ចូល​ទៅ​បរបាញ់​សត្វព្រៃ​ហើយ​បាន​ថត​ជាប់​ពី​សកម្មភាព​របស់​ពួកគេ​មួយ​ចំនួន​ទុកជា​ភ័ស្ដុតាង​ផងដែរ ប៉ុន្តែ​ពួកគេ​បាន​ដឹង​ខ្លួន​ហើយ​បាន​ឡើង​រថយន្ត​ជិះ​ទៅ​កន្លែង​ផ្សេង។

ជាមួយគ្នានេះ​លោក ច័ន្ទ ពន្លឺ ប្រធានស្ដីទី​គណៈកម្មកា​រ​វត្តភ្នំ​ព្រះ​ធាតុ​បាន​ថ្លែង​ថា៖ «យើង​សង្ស័យ​ក្រុម​ជន​ទាំង​នោះ​ជា​អ្នក​បាញ់​សម្លាប់​សត្វ​ក្ងោក​ព្រៃ ១ ក្បាល​កាល​ពី​មុន​នោះ។យើង​សូម​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ហើយ​តាម​ចាប់​ខ្លួន​ជន​សង្ស័យ​ទាំង​នោះ មក​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់ ព្រោះ​យើង​មាន​ភ័ស្ដុតាង​ច្បាស់លាស់​ហើយ»។

ជុំវិញ​ករណីនេះ លោក សៅ វ៉ាន់ នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ពាម បាន​ថ្លែង​ថា​ ក្រុម​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ក្រុម​ជន​ទាំង ៣ នាក់​នោះ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​ទទួល​បាន​តម្រុយ​ពី​ពួកគេ​នៅ​ឡើយ​ទេ៕