កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំស្វាយរំពារ នៃស្រុកកំពង់លែងបានបន្តស្នើសុំការអនុញ្ញាតពីតុលាការ ដើម្បីនាំយកត្រាក់ទ័រ ៥ គ្រឿង ដែលកងរាជអាវុធហត្ថចាប់រឹបអូសកាលពីថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២០ ត្រឡប់មកភ្ជួររាស់វិញ បន្ទាប់ពីក្រុមគណៈកម្មការចម្រុះបានដោះលែងពលរដ្ឋ ៥ នាក់ និងបានទទួលស្គាល់ទីតាំងដីស្រែដែលពួកគាត់បានភ្ជួររាស់នោះ ជាដីស្រែចាស់ដែលពួកគាត់ធ្លាប់អាស្រ័យផលតាំងពីឆ្នាំ ១៩៨៩ មក។
លោក និន ង៉ុន មេភូមិល្វា ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃអង្គារថា អ្នកភូមិ ៥ នាក់ ដែលកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានចាប់ឃាត់ខ្លួនក្នុងអំឡុងពេលកំពុងបើកត្រាក់ទ័រភ្ជួររាស់ដីស្រែនៅចំណុចអង្គំស្ថិតក្នុងភូមិតាឡាត់ ឃុំស្វាយរំពារ កាលពីថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២០ ត្រូវបានតុលាការខេត្តកំពង់ឆ្នាំង ដោះលែងកាលពីថ្ងៃទី ៩ ខែមេសា បន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីលោកអភិបាលខេត្ត។
លោកថ្លែងថា៖ «អាជ្ញាធរឃុំ ស្រុក សុទ្ធតែបានទទួលស្គាល់ថា ដីស្រែក្នុងតំបន់នោះគឺជាដីស្រែដែលពួកយើងបាននិងកំពុងអាស្រ័យផលតាំងពីឆ្នាំ ១៩៨៩ មកមិនមែនជាដីដែលទើបរុករានថ្មីនោះទេ។ ការទទួលស្គាល់នេះគឺជាការផ្ដល់យុត្តិធម៌សម្រាប់យើងខ្ញុំជាកសិករដែលពឹងផ្អែកតែលើដីស្រែទាំងនេះ សម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិត»។
ជាមួយគ្នានេះតំណាងប្រជាសហគមន៍ភូមិតាឡាត់ លោក ស៊ុត សើញ ថ្លែងថា ការដោះលែងអ្នកភូមិទាំង ៥ នាក់នោះមិនគ្រប់គ្រាន់ទេ អាជ្ញាធរកងរាជអាវុធហត្ថចាំបាច់ត្រូវតែប្រគល់ត្រាក់ទ័រ ៥ គ្រឿង ដែលបានចាប់រឹបអូសនាពេលនោះត្រឡប់មកឲ្យប្រជាពលរដ្ឋវិញ ព្រោះត្រាក់ទ័រទាំងនោះពួកគាត់ជួលពីតំបន់ផ្សេងមកទេ។
លោកថា៖ «យើងនឹងរៀបចំដាក់សំណើសុំកិច្ចអន្តរាគមន៍ពីតុលាការខេត្តដើម្បីជំរុញឲ្យសមត្ថកិច្ចកងរាជអាវុធហត្ថប្រគល់ត្រាក់ទ័រទាំង ៥ គ្រឿងនោះត្រឡប់មកវិញ ដើម្បីជាប្រយោជន៍ក្នុងការភ្ជួរាស់ដាស់ដីឲ្យបានមុនដើមរដូវវស្សានេះមកដល់»។
លោកបន្តថាកាលពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២០ ក្រុមគណៈកម្មការចម្រុះថ្នាក់ខេត្តបានចុះពិនិត្យ និងវាយតម្លៃនៅលើទីតាំងដី ដែលកងរាជអាវុធហត្ថអះអាងថា ជាដីរុករានថ្មីនោះ ហើយក្រោយការពិនិត្យ និងស្ដាប់ការពន្យល់រៀបរាប់អំពីប្រវត្តិដីស្រែក្នុងតំបន់នោះពីតំណាងប្រជាពលរដ្ឋជិត ២០០ គ្រួសារ និងអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ និងស្រុក រួចមកក្រុមគណៈកម្មការបានឯកភាពគ្នាដោយអនុញ្ញាតឲ្យពលរដ្ឋបន្តធ្វើស្រែចម្ការនៅលើទីតាំងដីនោះដដែល តែហាមការជួល ឬលក់ទៅឲ្យអ្នកផ្សេង។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃអង្គារថា យោងតាមការពិនិត្យជាក់ស្ដែងទៅលើស្ថានភាពដីក៏ដូចជាការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានអំពីប្រវត្តិដីស្រែខាងលើនេះ ពិសេសការបញ្ជាក់ពីប្រជាពលរដ្ឋជាម្ចាស់ដីថា ដីស្រែទាំងនោះ គឺពួកគាត់ធ្លាប់អាស្រ័យផលតាំងពីឆ្នាំ ១៩៨៩ ដូច្នេះគណៈកម្មការមានតែទទួលស្គាល់ថា ដីស្រែទាំងនោះគឺជាដីស្រែចាស់របស់ពួកគាត់មែន។
លោកបញ្ជាក់ថា៖ «ផ្អែកទៅលើផ្លូវច្បាប់ដីតំបន់ ២ ឬក៏តំបន់ ៣ ប្រសិនបើពលរដ្ឋធ្លាប់អាស្រ័យផលជាយូរមកហើយនោះតាមអនុក្រឹត្យលេខ ១ ០៤៤ ប្រជាពលរដ្ឋអាចអាស្រ័យផលបានជាបន្ត លើកលែងតែមានការលក់ដូរ ឬកាប់រានថ្មីប៉ុណ្ណោះដែលត្រូវបានហាមឃាត់»។
យ៉ាងណាក៏ដោយលោក ហង្ស សុជាតិ ប្រធានមន្ទីរយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងដែលជាសមាជិកគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ឆ្នាំងកាលពីថ្ងៃអង្គារនៅតែបន្តការអះអាងថា៖ «ទីតាំងដីនោះគឺជាដីព្រៃលិចទឹក ដែលទើបកាប់រានថ្មី»។
លោកបានលើកឡើងថា កាលពីអំឡុងឆ្នាំ ១៩៨៧ គ្រាដែលលោកនៅធ្វើជាទាហានតំបន់នោះគឺជាតំបន់ព្រៃលិចទឹក ហើយកម្លាំងរបស់លោកធ្លាប់បានប្រយុទ្ធគ្នាជាមួយកងទ័ពឧទ្ទាមខ្មែរក្រហមទៀតផង។ មិនតែប៉ុណ្ណោះនៅឆ្នាំ ១៩៩០ និងឆ្នាំ ១៩៩១ កម្លាំងរបស់លោកក៏បានជួបប្រយុទ្ធជាមួយទ័ពខ្មែរក្រហមទៀត។
លោក សុជាតិ បានបញ្ជាក់ថា៖ «ឲ្យខ្ញុំស្បថក៏បានដែរតំបន់ខាងលើនេះគឺជាតំបន់ព្រៃលិចទឹក គ្មានអ្នកធ្វើស្រែអីនោះទេ។ ខ្ញុំមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង នៅពេលអ្នកភូមិ និងអាជ្ញាធរចាប់ពីភូមិ ឃុំ ដល់ស្រុកអះអាងថា ដីនៅក្នុងតំបន់នោះ ពួកគេបានធ្វើស្រែតាំងពីឆ្នាំ ១៩៨៩ មក។ ទោះយ៉ាងណាករណីនេះ ខ្ញុំបានធ្វើរបាយការណ៍មួយដាក់ជូនទៅថ្នាក់ជាតិហើយ»៕