កណ្ដាល: ប្រជាពលរដ្ឋ ១៤៣ គ្រួសារ បានអំពាវនាវដល់អាជ្ញាធរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាលជួយអន្តរាគមន៍ដើម្បីឲ្យឈ្មួញបង់លុយថ្លៃទិញដីរបស់ពួកគេដែលនៅសល់ ក្រោយពីបង់ត្រឹម ២០ ភាគរយដំបូងក្នុងឆ្នាំ ២០១៩។
ពលរដ្ឋម្នាក់ក្នុងចំណោម ១៤៣ គ្រួសារ ថ្លែងដោយសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ពួកគេបាននាំគ្នាលក់ដីដែលធ្លាប់អាស្រ័យផលចាប់តាំងពីឆាំ ១៩៩២ ដែលមានទំហំសរុបប្រមាណជាង ១០០ ហិកតា ទៅឲ្យក្រុមឈ្មួញ ១ ក្រុម (មិនស្គាល់អត្តសញ្ញាណ) ដែលបានមកចរចាទិញដីពលរដ្ឋក្នុងតម្លៃសមរម្យ។ ប្រជាពលរដ្ឋយល់ព្រមលក់ក្នុងមួយហិកតាចាប់ពី ៤ ទៅ ៦ ម៉ឺនដុល្លារដោយប្រគល់តែលុយកក់ ២០ ភាគរយនៅដំណាក់កាលលើកទី ១ កាលពីពាក់កណ្ដាលឆ្នាំ ២០១៩។
លោកបន្តថា ដោយពួកគេបានសន្យារយៈពេល ១ ខែបន្ទាប់នឹងប្រគល់ប្រាក់ ៤០ ភាគរយបង្គ្រប់ឲ្យបាន ៦០ ភាគរយដែលជាដំណាក់កាលទី ២ និង ១ ខែក្រោយទៀតប្រគល់លុយផ្តាច់គ្រប់ ១០០ ភាគរយតែម្តងជាដំណាក់កាលទី ៣។ ប៉ុន្ដែចាប់តាំងពីប្រគល់លុយលើកទី ១ មកក្រុមឈ្មួញមិនទាន់បានប្រគល់លុយតាមកិច្ចសន្យាទេ។
លោកបញ្ជាក់ថា៖ «ខ្ញុំអត់ស្គាល់ពួកអ្នកទិញដីខ្ញុំទេ គេថា គេតំណាងក្រុមហ៊ុន ១ ធំណាស់ ហើយគេទិញដីនេះសម្រាប់ធ្វើរោងចក្រ ហើយពួកខ្ញុំក៏យល់ព្រមលក់ឲ្យពួកគាត់តែម្ដង។ ឥឡូវនេះខ្ញុំមិនដឹងទៅទារលុយបង្គ្រប់ពីណាមកទេ ព្រោះពួកខ្ញុំបានផ្ដិតមេដៃផ្ទេរសិទ្ធិកាន់កាប់ដីធ្លីឲ្យគេរួចហើយ ខ្ញុំសូមអំពាវនាវឲ្យអាជ្ញាធរជួយអន្តរាគមន៍បញ្ហាពួកខ្ញុំនេះផង»។
ពលរដ្ឋម្នាក់ទៀតក៏សុំមិនបញ្ជេញឈ្មោះដែរបាននិយាយថា រហូតមកដល់ពេលនេះ កិច្ចសន្យាបានផុតកំណត់ បើគិតរយៈពេលអ្នកលក់មុន និងលក់ក្រោយខ្លះផុតកំណត់ជាងកន្លះឆ្នាំទៅហើយ បែរជាក្រុមឈ្មួញមិនត្រឹមតែមិនបានប្រគល់លុយតាមកិច្ចសន្យាទេ ថែមទាំងបញ្ចុះតម្លៃដីក្នុង ១ ហិចតា ១ ម៉ឺនដុល្លារទៀតផង។ លោកបញ្ជាក់ថា៖ «ពួកខ្ញុំព្រួយបារម្ភខ្លាំង ខ្លាចនៅពេលដែលពួកខ្ញុំយល់ព្រមបញ្ចុះតម្លៃហើយ ឈ្មួញនៅតែមិនព្រមប្រគល់លុយគ្រប់ ហើយខ្លាចបាត់បង់ដីធ្លី ដោយសារឈ្មួញអាចនឹងយកដីធ្លីរបស់ពួកខ្ញុំទៅលក់បន្តឲ្យក្រុមហ៊ុនផ្សេងទៀត ពីព្រោះពួកខ្ញុំបានផ្តិតមេដៃលើលិខិតទិញលក់ផ្តាច់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីរួចទៅហើយ»។
លោក លន់ លាង មេឃុំក្រាំងយ៉ូវបានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា ក្រុមឈ្មួញកណ្តាល (អ្នកគួកជេដីមិនស្គាល់អត្តសញ្ញាណ) បាននិងកំពុងដើរទិញដីចំនួនជាង ១០០ ហិកតា ដែលជាដីអាងទឹករបស់រដ្ឋមួយឈ្មោះ «អាងទឹកទួលពន់រៃ» ពីប្រជាពលរដ្ឋចំនួន ១៤៣ គ្រួសារ កំពុងអាស្រ័យផល។ ដីរបស់រដ្ឋនេះគ្មានចេញច្បាប់ឲ្យបុគ្គលណាម្នាក់ទេ ប៉ុន្ដែពលរដ្ឋអាចអាស្រ័យផលធ្វើស្រែរដូវប្រាំងជាលក្ខណៈគ្រួសារ។
លោកបន្តថា ពួកគាត់បានអាស្រ័យផលចាប់តាំងពីឆ្នាំ ១៩៩២ មក ប៉ុន្ដែអាជ្ញាធរមិនបានចេញបណ្ណកម្មសិទ្ធិផ្ទាល់ខ្លួនទេ។ ក្នុងអំឡុងពេលធ្វើស្រែចម្ការនោះមានឈ្មួញ ១ ក្រុមបានមកបញ្ចុះបញ្ចូល និងចរចាឲ្យពលរដ្ឋផ្ដិតស្នាមមេដៃលក់ទៅឲ្យខ្លួនក្នុងមួយហិកតាបានតម្លៃ ៤ ម៉ឺនដុល្លារ ប៉ុន្ដែក្រុមឈ្មួញបានប្រគល់លុយឲ្យពលរដ្ឋត្រឹមតែ ២០ ភាគរយសិន។
ពួកគាត់ទទួលបានលុយ ២០ ភាគរយនេះរយៈពេលជិត ១ ឆ្នាំហើយដោយមិនទាន់បានទទួលលុយបន្ថែមទៀតទេ ខណៈពលរដ្ឋបានផ្ដិតស្នាមមេដៃប្រគល់ដីទៅឲ្យក្រុមឈ្មួញរួចរាល់ទៅហើយ។ ឥឡូវនេះពួកគាត់ចាប់ផ្ដើមព្រួយបារម្ភដែលឈ្មួញប្រើល្បិចមិនប្រគល់ឲ្យលុយគ្រប់ចំនួន ប៉ុន្ដែបែរជាយកដីពួកគាត់ទៅលក់ឲ្យអ្នកផ្សេងវិញ។
លោក លន់ លាង បញ្ជាក់ថា៖ «ខ្ញុំនឹងពិភាក្សាជាមួយថ្នាក់លើសិន តែមិនដឹងដឹងដោះស្រាយយ៉ាងណាទេ ព្រោះខ្ញុំធ្លាប់បានប្រាប់ទៅពួកគាត់ថា កុំលក់ដីហ្នឹងឲ្យឈ្មួញ ឬក្រុមហ៊ុនពីឆ្ងាយ ប្រយ័ត្នចាញ់បោកគេ ព្រោះពួកគេអ្នករកស៊ីបែបនេះគឺគេល្បិចៗខ្លាំងណាស់ ប៉ុន្ដែបើចង់លក់ អាជ្ញាធរមិនហាមឃាត់ទេគឺលក់ឲ្យទៅពលរដ្ឋក្នុងមូលដ្ឋានយើងទៅល្អជាង ដីហ្នឹងគាត់អាចទិញលក់បាន ប៉ុន្ដែខ្ញុំមិនឯកភាពចេញប្លង់រឹងឲ្យទេ»។
លោក គុណ គឹម មេភូមិត្រពាំងគោក្នុងឃុំក្រាំងយ៉ូវបានថ្លែងពីម្សិលមិញថា ដំបូងឡើយដីនេះជាអាងស្ដុកទឹកសម្រាប់ប្រើប្រាស់ក្នុងឃុំ បន្ទាប់មកនៅឆ្នាំ ១៩៩០ អាជ្ញាធរបានបង្កើតប្រឡាយស្ដុកទឹកវិញ ដោយបង្វិលដីអតីតអាងទឹកនេះទៅឲ្យពលរដ្ឋប្រើប្រាស់នៅឆ្នាំ ១៩៩២៕