មណ្ឌលគិរីៈ ក្រុមតំណាងពលរដ្ឋក្រីក្រ ១៦០ គ្រួសារ នៃសហគមន៍ជនជាតិដើមភាគតិចព្នងនៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានដាក់ពាក្យប្ដឹងចោទប្រកាន់តំណាងរបស់ខ្លួនម្នាក់ឈ្មោះ សុះ មីឡែន ពីបទលួចលក់ចំណែកដីសម្បទានសង្គមកិច្ចរបស់ពួកគាត់ចំនួន ២ ៤០០ ហិកតា ទៅឲ្យពលរដ្ឋ និងគ្រួសារមន្ត្រីរាជការដែលមកពីតំបន់ផ្សេងដោយខុសច្បាប់។
លោក គ្រើង តុលា តំណាងពលរដ្ឋក្រីក្រ ១៦០ គ្រួសារនោះបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា យោងអនុក្រឹត្យលេខ ៣៤ អនក្រ.បក ចុះថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១២ ស្ដីពី «ការធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋទំហំ ៨០៦២ ហិកតាស្ថិតនៅក្នុងឃុំស្រែហ៊ុយ ស្រុកកោះញែក, ឃុំប៊ូស្រា ស្រុកពេជ្រាដា និង ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌលគិរីសម្រាប់ធ្វើសម្បទានសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ និងប្រជាពលរដ្ឋក្រីក្រទូទៅ» ប្រជាពលរដ្ឋក្រីក្រចំនួន ១៦០ គ្រួសារ ប៉ុន្តែមកទល់ពេលនេះគ្រួសារពលរដ្ឋក្រីក្រដែលមានឈ្មោះក្នុងបញ្ជីភាគច្រើននៅមិនទាន់ទទួលបានចំណែកដីរបស់ពួកគេនោះទេ។
លោក តុលា ថ្លែងថា៖ «ក្រោយពីទទួលបានដីសម្បទានសង្គមកិច្ចទំហំ ២ ៤០០ ហិកតា ពីអាជ្ញាធរពាក់ព័ន្ធហើយនោះលោក សុះ មីឡែន ដែលជាតំណាងពលរដ្ឋក្រីក្រ ១៦០ គ្រួសារនោះ បានយកចំណែកដីមួយផ្នែកធំរបស់ពួកគាត់ទៅលក់ឲ្យពលរដ្ឋ និង គ្រួសារមន្ត្រីរាជការដែលមកពីតំបន់ផ្សេងក្នុងតម្លៃពី ៥០០ ដុល្លារទៅ ១ ៥០០ ដុល្លារក្នុងមួយហិកតា»។
លោកបានថ្លែងថា ហេតុនេះហើយទើបនៅថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២០ គ្រួសារពលរដ្ឋក្រីក្រដែលមិនទាន់ទទួលបានចំណែកដីពីសម្បទានដីសង្គមកិច្ចបានសម្រេចចិត្តដាក់ពាក្យប្ដឹងបរិហារប្រឆាំងនឹងលោក សុះ មីឡែន ទៅសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីឲ្យជួយអន្តរាគមន៍។
លោក ក្លាង ថូល ដែលបានចូលរួមដាក់ពាក្យបណ្ដឹងបាននិយាយថា៖ «យើងចង់ឲ្យតុលាការជួយរកដំណោះស្រាយផ្ដល់ភាពយុត្តិធម៌សម្រាប់ពួកយើងគឺ ដកហូតចំណែកដីសម្បទានសង្គមកិច្ចរបស់ពួកយើងមកវិញ»។
លោក សុះ មីឡែន មិនអាចទាក់ទងស្នើសុំការពន្យល់បានទេកាលពីម្សិលមិញ។
លោក មាស ប្រុស អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរីបានថ្លែងថា តុលាការបានទទួលបណ្ដឹងបរិហារនោះហើយនឹងបានបញ្ជូនសំណុំរឿងទៅស្ថាប័នអយ្យការ ដើម្បីចំណាត់ការនីតិវិធីបន្តទៅតាមផ្លូវច្បាប់៕