ព្រះសីហនុ: ពលរដ្ឋមានទំនាស់ដីធ្លីចំនួន ២២ ក្រុម មកពី ២ ក្រុង និង ៣ ស្រុក នៅខេត្តព្រះសីហនុ បានស្នើឲ្យអភិបាលខេត្តជួយដោះស្រាយបញ្ហា និងចេញបណ្ណកម្មសិទ្ធិជូនពួកគាត់ឲ្យបានឆាប់ ជាអ្វីដែលលោក គួច ចំរើន សន្យាថា ជួយដោះស្រាយម្ដងមួយៗខណៈសង្គមស៊ីវិលស្នើឲ្យចាត់វិធានការលើអ្នកចាក់ដីចូលសមុទ្រ និងអ្នកកាប់បំផ្លាញព្រៃកោងកាង។
លោក យូ វាសនា តំណាងពលរដ្ឋនៅស្រុកស្ទឹងហាវបានថ្លែងកាលពីម្សិលមិញថា ពួកលោកបានស្នើនៅពេលជួបលោកអភិបាលខេត្តកាលពីថ្ងៃ ១៣ សីហា ដើម្បីឲ្យលោកជួយពន្លឿនការដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋចំនួន ២២ ក្រុម មកពីស្រុកស្ទឹងហាវ ស្រុកព្រៃនប់ ស្រុកកំពង់សិលា ក្រុងកោះរ៉ុង និងក្រុងព្រះសីហនុ ឲ្យបានឆាប់ ព្រោះទំនាស់ទាំងនេះបានអូសបន្លាយពេលយូរឆ្នាំមកហើយ ដោយធ្វើឲ្យពលរដ្ឋខាតបង់ពេលវេលា និងទ្រព្យសម្បត្តិជាច្រើនដើម្បីមកតវ៉ាគ្រប់ទីកន្លែង។
លោកបន្តថា សហគមន៍បានលើកឡើងពីបញ្ហាធំៗចំនួន ២ ករណី គឺពាក់ព័ន្ធនឹងដីគម្របព្រៃឈើ ដោយតម្រូវឲ្យអាជ្ញាធរជួយកំណត់ដែនឲ្យបានត្រឹមត្រូវ ហើយបើអាចគួរកាត់ឆ្វៀលកន្លែងខ្លះ ជូនពលរដ្ឋក្រីក្រ និងបញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធតុលាការ និងឈ្មួញអ្នកមានអំណាចដែលតែងតែគំរាមកំហែងពលរដ្ឋជាហូរហែព្រមទាំងចាប់ពលរដ្ឋម្ចាស់ដីដាក់គុកជាច្រើននាក់ជាបន្តបន្ទាប់ទៀតផង។
លោក វាសនា បញ្ជាក់ថា៖ «ក្រោយពីយើងបានលើកបញ្ហាទាំងនេះ លោកអភិបាលខេត្តគាត់ឆ្លើយថា នៅពេលនេះ មានសំណុំរឿងចំនួន ៩១ ករណី បានមកដល់ដៃគាត់ហើយ ហើយគាត់នឹងព្យាយាមបង្រួមសំណុំរឿងនេះឲ្យងាយយល់ និងងាយស្រួលចុះដោះស្រាយតាមការស្នើសុំរបស់សហគមន៍នីមួយៗ។ អ៊ីចឹងពួកខ្ញុំមានសង្ឃឹមច្រើន»។
ដោយឡែក លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) បានថ្លែងថា លោកស្នើសុំឲ្យរដ្ឋបាលខេត្តព្រះសីហនុជួយពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់លើជនខិលខូចមានអំណាចដែលចាក់ដីលុបឆ្នេរសមុទ្រ ការកាប់បំផ្លាញព្រៃកោងកាងដីព្រៃឧទ្យានជាតិរាម ចាក់ដីលុបឆ្នេរកំពេញ និងកន្លែងផ្សេងៗទៀតជាច្រើន ដើម្បីធ្វើជាកម្មសិទ្ធិឯកជនដោយខុសច្បាប់។
លោកបន្តថា ជាពិសេសការកាប់ទន្ទ្រានដីព្រៃឧទ្យានជាតិរាមដោយគ្មានការខ្លាចច្បាប់ និងអាជ្ញាធរមានសមត្ថកិច្ច ព្រោះពួកគេអាងអំណាច និងលុយជាធំ បើទោះបីជាពួកគេដឹងថាឧទ្យានជាតិរាមត្រូវបានរដ្ឋាភិបាលចាត់ចូលជាទីតាំងអភិរក្សក៏ដោយ។
លោក សុខុន បញ្ជាក់ថា៖ «ករណីនេះ ខ្ញុំសង្ឃឹមថាអាជ្ញាធរខេត្តនឹងចាត់វិធានការតាមច្បាប់ ដោយគ្មានការលើកលែង បើមិនចាត់វិធានការទេ ខេត្តព្រះសីហនុនឹងក្លាយទីតាំងចាប់ដី លុបសមុទ្រ កាប់ព្រៃឈើយ៉ាងអនាធិបតេយ្យ»។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានថ្លែងអំឡុងពេលជួបប្រជុំជាមួយពលរដ្ឋនៅថ្ងៃទី ១៣ សីហា ថា រដ្ឋបាលខេត្តបានទទួលឯកសាររបស់ពលរដ្ឋទាំង ២២ ក្រុមនោះរួចរាល់ហើយដោយលោកសន្យាជួយដោះស្រាយម្តងមួយៗ ព្រោះមិនអាចដោះស្រាយ ១ កញ្ចប់ តែម្តងបានទេ។
លោកបញ្ជាក់ថា៖ «ចំពោះរឿងដែលចូលដល់ប្រព័ន្ធតុលាការ រដ្ឋបាលខេត្តព្រះសីហនុយើងមិនមានសិទ្ធិលូកដៃចូលទៅដោះស្រាយនៅក្នុងដៃតុលាការទេ។ ដូច្នេះខ្ញុំស្នើសុំឲ្យប្រជាពលរដ្ឋរកមេធាវីឲ្យជួយដើម្បីការពារក្តីរបស់បងប្អូនវិញ»។
ទន្ទឹមនោះ លោក គួច ចំរើន បានសុំការយោគយល់ពីពលរដ្ឋឲ្យមានការអត់ធ្មត់ ព្រោះរដ្ឋបាលខេត្តត្រូវជ្រើសរើសយកកិច្ចការសំខាន់មកដោះស្រាយចំពោះមុខ ហើយនៅមានឯកសារជាច្រើនទៀត ដែលត្រូវដោះស្រាយជាបន្តបន្ទាប់។
លោកអភិបាលខេត្ត បានអំពាវនាវដល់ពលរដ្ឋកុំឲ្យចូលកាន់កាប់ដីព្រៃរបស់រដ្ឋ និងដីឯកជនដោយខុសច្បាប់ ព្រោះអាជ្ញាធរក៏មិនអនុញ្ញាតឲ្យចាប់យកដីរដ្ឋដោយខុសច្បាប់ដែរ។ មន្ត្រីជាអ្នកបម្រើសេវាសាធារណៈជូនពលរដ្ឋ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជាចម្បង ដើម្បីចូលរួមចំណែកការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើន និងជួយកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន៕