កណ្តាលៈ ប្រជាពលរដ្ឋ​ប្រមាណ ៦០ ​នាក់​មកពី​ឃុំ​ចំនួន ​៣ តំណាង​ឲ្យ​ពលរដ្ឋ​ ២០០ ​គ្រួសារ​ស្ថិត​ក្នុងស្រុក​កៀនស្វាយ​ពី​ម្សិលមិញ បាន​ប្រមូល​ផ្តុំគ្នា​នៅ​សាលា​ខេត្តកណ្តាល ដើម្បី​ស្នើ​ឲ្យ​អាជ្ញាធរខេត្ត​នេះ​ដោះស្រាយ​ដីធ្លី​ជូន​ពួកគាត់ បន្ទាប់ពី​អាជ្ញាធរ​ប្រកាស​ថា​ដី​ដែល​ពួកគាត់​កាន់កាប់​អស់​រយៈពេល​ជាង​ ៣០ ​ឆ្នាំ​មកហើយ​នោះ ជា​ដី​រដ្ឋ​។

អ្នកស្រី​ ឆាយ បូណា ដែល​អះអាងថា​បានរស់នៅ​លើដី​នោះ​តាំងពី​ឆ្នាំ​ ១៩៨០ ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ប្រជាពលរដ្ឋ​ទាំងអស់​បាន​កាន់កាប់​លើដី​ទាំងនោះ​តាំងពី​ជំនាន់ ដែល​រដ្ឋ​បាន​ចែក​ឲ្យ​ពួកគាត់​រស់នៅ​តាំងពី​ឆ្នាំ​ ១៩៨០ និង​ឆ្នាំ​ ១៩៨១ ហើយ​មាន​ការដឹងឮ​ពី​អាជ្ញាធរ​មុនៗ​ដោយ​បាន​កាន់កាប់​អាស្រ័យផល​រហូត​មក​ដល់​បច្ចុប្បន្ន​។

អ្នកស្រី​បន្តថា ស្រាប់តែ​អំឡុង​ឆ្នាំ​ ២០១៩ ​អាជ្ញាធរ​អគ្គិសនី​បាន​សាងសង់​បណ្តាញ​ខ្សែភ្លើង និង​បង្គោល​ភ្លើង​កាត់​ដី​របស់​ពួកគាត់​។ ក្នុងការ​ប៉ះពាល់​នោះ អាជ្ញាធរ​អគ្គិសនី​អះអាង​ផ្តល់​សំណង បើ​មាន​ការបញ្ជាក់​ពី​អាជ្ញាធរ​ដែនដី​។ ប៉ុន្តែ​អ្នកស្រី​ថា​បែរ​ជា​អាជ្ញាធរ​ដែនដី​មិន​បាន​បញ្ជាក់ជូន​លើ​លិខិតស្នាម​នោះទេ ថែម​ទាំង​ចោទថា ប្រជាពលរដ្ឋ​បាន​រស់នៅ​លើដី​រដ្ឋ​ទៅវិញ ខណៈ​សំណង​នៃ​ផលប៉ះពាល់​ក៏​មិនទាន់​ទទួល​បាន ហើយ​ដី​ក៏​ត្រូវបាន​អះអាង​ថា ជា​ដី​រដ្ឋ​ទៅវិញ​។

ស្ត្រី​វ័យ​ជាង​ ៦០ ​ឆ្នាំ​រូបនេះ​បន្ថែម​ថា​៖ «​យើង​សុំ​ឲ្យ​អគ្គិសនី​កម្ពុជា​សង​សំណង​ដែល​សាងសង់​លើដី​របស់​ពួកយើង​។ មួយ​ទៀត​ដី​ដែល​ជា​កម្មសិទ្ធិ​ចែក​ឲ្យ​ពលរដ្ឋ​មក​តាំងពី​រដ្ឋ​កម្ពុជា​មក​ឲ្យ​បញ្ជាក់​ដី​នេះ​ជា​ដី​ស្របច្បាប់​របស់​ពលរដ្ឋ មាន​សិទ្ធិ​កាន់កាប់​មាន​លិខិត​ស្របច្បាប់ និង​ចុះ​ហត្ថលេខា​ទទួលស្គាល់​ឲ្យ​បាន​ត្រឹមត្រូវ​។ ពេល​យើង​ត្រូវការ​ដោះដូរ ឬ​លក់​អី អាជ្ញាធរ មិន​ចុះហត្ថលេខា​ឲ្យ​យើង​ដែល​ធ្វើឲ្យ​យើង​ពិបាក​មែនទែន​»​។

លោក​ គយ វ៉ាត ពលរដ្ឋ​តវ៉ា​ម្នាក់ទៀត​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា ការតវ៉ា​ពី​ម្សិលមិញ គឺ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ ៦០ ​នាក់​តំណាង​ឲ្យ​ពលរដ្ឋ​ដែល​បាន​-​ចូលរួម​ផ្តិតមេដៃ​ជាង​ ២០០ ​នាក់ ស្ថិតក្នុង​ឃុំ​ចំនួន​ ៣ មាន​ឃុំ​គគីរ ឃុំ​ឈើទាល និង​ឃុំ​ដីឥដ្ឋ​ក្នុង​ស្រុក​កៀនស្វាយ​។ លោក​បន្តថា ក្រោយ​ការប្រមូលផ្តុំ​នេះ​អាជ្ញាធរ​បាន​ទទួល​ញត្តិ​របស់​ពលរដ្ឋ​ហើយ​ដោយ​បាន​សន្យាថា​នឹង​ចុះ​ដោះស្រាយ​ក្នុងពេល​ឆាប់ៗ​។

លោក​បន្ថែមថា​៖ «​យើង​ឆ្ងល់​ថា បើ​ដី​នេះ​ជា​ដី​របស់​រដ្ឋ​ចុះ​ហេតុអ្វី​បាន​ពីមុន ឃុំ ភូមិ គាត់​ចុះហត្ថលេខា​? ទាល់​មកដល់​ឥឡូវ​ម៉េច​បានមក​ចោទ​យើង​ថា បាន​រស់នៅ​លើដី​រដ្ឋ​វិញ​។ រឿងនេះ​បើ​មិន​មាន​ការដោះស្រាយ​ឲ្យ​ពួកយើង​ទេ ពួកយើង​ទាំងអស់​គ្នា​នឹង​នាំគ្នា​ទៅ​តវ៉ា​បន្តទៀត​។ ម្តងនេះ​តវ៉ា​នៅ​ក្រសួង​រៀបចំ​ដែនដី និង​តវ៉ា​រហូតដល់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្តង​»​។

លោក​ គង់ ឆេង មេឃុំ​គគីរ​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍​ថា រដ្ឋាភិបាល​ពិតជា​ធ្លាប់​ចែក​ដី​ជូន​ពលរដ្ឋ​ក្នុង​ឃុំ​ទាំង​ ៣ ​នេះ​ពិតមែន​។ ប៉ុន្តែ​លោក​ថា ដី​ដែល​ចែកជូន​ប្រជាពលរដ្ឋ​គឺ​នៅ​ឆ្ងាយ​ពី​ចំណី​បឹង​ដែល​មិនមែន​ស្ថិត​ក្នុង​តំបន់​អាង​ស្តុកទឹក ដូច​អ្វី​ដែល​ពលរដ្ឋ​ទាំងនោះ​បាន​កាន់កាប់​បច្ចុប្បន្ន​នោះទេ​។

មេឃុំ​គគីរ​រូបនេះ​បន្តថា​អាជ្ញាធរ​មិន​ទទួលស្គាល់​ការរស់នៅ​របស់​ពលរដ្ឋ ព្រោះ​រដ្ឋាភិបាល​បាន​ចេញ សជណ សម្រេច​ដាក់​ជា​តំបន់​ជុំវិញ​អាង​ ឬ​បឹង ដែល​មាន​ផ្ទៃ​ជាង​ ១ ​គីឡូ​ដី​ហើយ​ផ្ទៃដី​ព័ទ្ធជុំវិញ​អាង​មាន​ជាង​ ១០០០ ​ហិកតា​ដែល​ឃុំ​ទាំង​ ៣ ​នេះ​នៅ​ព័ទ្ធជុំវិញ​។

លោក​បញ្ជាក់ថា​៖ «​កាលពីមុន​រដ្ឋាភិបាល​មិន​ទាន់​បានកំណត់​ពី​ផ្ទៃ​អាង​ថា មាន​ទំហំ និង​នៅ​កន្លែង​ណា​ទេ​។ ប៉ុន្តែ​ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​ចេញ សជណ ខ្ញុំ​មិន​ចាំ​ថ្ងៃ​ទេ​ដោយ​បាន​កំណត់​ទំហំ​ត្រឹមត្រូវ ហើយ​ភាគច្រើន​ដែល​ពលរដ្ឋ​កាន់កាប់​នោះ​គឺជា​ដី​ដែល​ចូល​ទៅក្នុង​បឹង ឬ​អាង​ស្តុក​ទឹក​។ នៅពេល​ដែល​រដ្ឋ​បាន​រៀបចំ​ហើយ​អាជ្ញាធរ​អគ្គិសនី​បាន​សាងសង់​បណ្តាញ​អគ្គិសនី​ជុំវិញ​ផ្ទៃ​អាង​នេះ​»​។

លោក​ គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​៖ «​ក្រុមការងារ​យើង ជួប​គាត់​ហើយ​។ យើង​នឹងសិក្សា​សិន​ពិនិត្យមើល​ចាំ​លទ្ធផល​យ៉ាងណា​នោះ យើង​នឹង​ជូនដំណឹង​នៅពេល​ក្រោយ​។ ពេលនេះ​មិន​ទាន់​មាន​អ្វី​អាច​ប្រាប់​បានទេ​»៕