ព្រៃវែងៈ ប្រជាពលរដ្ឋ​ចំនួន ៥១៤ ​គ្រួសារ​នៅ​ឃុំ​ឫស្សីស្រុក ស្រុក​ពាមជរ ខេត្ត​ព្រៃវែង សុំ​ឲ្យ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ផ្លាស់ប្ដូរ​លោក​ ហង្ស ឆាំឆាន មន្ត្រីជាន់ខ្ពស់​ក្រសួង​មុខងារ សាធារណៈ​ចេញពី​ក្រុមការងារ​ចុះជួយ​ឃុំ​ឫស្សីស្រុក ដោយ​អះអាង​ថា បុគ្គល​រូបនេះ​មិន​ធ្វើអ្វី​ឲ្យ​មាន​ប្រយោជន៍​ដល់​ពលរដ្ឋ​។ នេះ​បើតាម​ការបញ្ជាក់​ពី​តំណាង​របស់​ពលរដ្ឋ​ទាំងនោះ​។

អ្នកស្រី​ ឡេង សាមឿ តំណាង​ម្នាក់​ក្នុងចំណោម​ ៩ ​នាក់​ផ្សេងទៀត ​ដែល​តំណាង​ឲ្យ​ពលរដ្ឋ​ជាង​ ៥០០ ​គ្រួសារ​ នៅ​ឃុំ​ឫស្សីស្រុក ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថ្ងៃទី​ ២៦ មេសា ថា​ពលរដ្ឋ​ ៥១៤ ​គ្រួសារ​មកពី​ ៤ ​ភូមិ នៃ ឃុំ​ឫស្សីស្រុក​បាន​អំពាវនាវ​ឲ្យ​លោក​រដ្ឋមន្ត្រី ស ខេង ផ្លាស់ប្ដូរ​លោក​ ហង្ស ឆាំឆាន អនុរដ្ឋលេខាធិការ​ក្រសួង​មុខងារ​សាធារណៈ​ចេញពី​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ឫស្សីស្រុក ស្រុក​ពាមជរ​។ ព្រោះ​បុគ្គល​រូបនេះ​មិន​បាន​ជួយ​ធ្វើ​អ្វី​ឲ្យ​មាន​ផលប្រយោជន៍​ដល់​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ទេ​។

អ្នកស្រី​បន្តថា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​តាំងពី​លោក​ ហង្ស ឆាំឆាន ចុះ​មក​ជួយ​ឃុំ​ឫស្សីស្រុក ពុំ​ឃើញ​មាន​ជួយ​ធ្វើ​ ឬ​ដោះស្រាយ​បញ្ហា​អ្វី​ឲ្យ​ពលរដ្ឋ​ទេ​។ ប៉ុន្តែ​លោក ឆាំឆាន មាន​គំនិត​ឃុបឃិត​ជាមួយ​បងប្អូន​ខ្លួន​យក​ប្រឡាយ​រដ្ឋ និង​ប្រឡាយ​ដែល​ឧកញ៉ា​ ប៉ែន នួន ស្ថាបនា​ ៣ ​ខ្សែ​មាន​ប្រវែង​ជិត​ ៣ ​គីឡូម៉ែត្រ​ធ្វើ​ជា​អាជីវកម្ម​ផ្ទាល់ខ្លួន​។ តម្រូវ​ឲ្យ​ពលរដ្ឋ​បង់លុយ​ ៤៥ ​ម៉ឺន​រៀល បើ​មាន​អ្នក​ចង់​បូមទឹក​ប្រឡាយ​ដាក់​ដីស្រែ​ ឬ​ចម្ការ​ទំហំ​ ១ ​ហិកតា​។

អ្នកស្រី​ សាមឿ បញ្ជាក់ថា​៖ «​ពួកខ្ញុំ​ធ្លាប់បាន​ដាក់ពាក្យ​ប្ដឹងទៅ​ក្រសួង​មហាផ្ទៃ​កាលពី​ខែវិច្ឆិកា​ឆ្នាំ​ ២០១៩ ប៉ុន្ដែ​នៅតែ​គ្មាន​ដំណោះស្រាយ ហើយ​ក៏មាន​ពាក្យ​បណ្ដឹង​នៅ​ខេត្តព្រៃវែង និង​តុលាការ​ខេត្ត​ដែរ តែ​គ្មាន​ដំណោះស្រាយ​អ្វី​ទេ​។ ដូច្នេះ​ពួក​ខ្ញុំ​មិន​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​ស្ថាប័ន​ណា​ទៀត គឺ​មានតែ​ការអំពាវនាវ​ទៅ​សម្ដេច​ក្រឡាហោម​ ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជួយ​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​ផង​»​។

លោក​ ដាំ មៀន តំណាង​ពលរដ្ឋ​ម្នាក់ទៀត​និយាយ​ថា ប្រឡាយទឹក​ទាំង​ ៣ ​ខ្សែ​ដែល​អាជ្ញាធរ​យក​មក​គ្រប់គ្រង​សម្រាប់​លក់​ទឹក​ឲ្យ​ពលរដ្ឋ​ជា​ជំនួយ​ពី​លោក​ឧកញ៉ា​ ប៉ែន នួន ទីប្រឹក្សា​លោក ស ខេង ដែល ជា​ឧបនាយករដ្ឋមន្ត្រី​ផង​នោះ​។ ប្រឡាយ​ទាំង​ ៣ ​ខ្សែ​ត្រូវបាន​ជីក​តាំងពី​ឆ្នាំ​ ២០១៤ ប៉ុន្តែ​អាជ្ញាធរ​បានកំណត់​យក​ប្រឡាយ​នេះ​ដោយ​តម្រូវ​ឲ្យ​ពលរដ្ឋ​បង់លុយ​ ២០ ​ម៉ឺន​រៀល​បើ​ចង់​បូមទឹក​ដាក់ស្រែ ឬ​ស្រោចស្រព​ដំណាំ​។

លោក​ថា​កាលពី​ឆ្នាំ​ ២០១៧ អាជ្ញាធរ​បាន​ដំឡើង​តម្លៃ​ ៣០ ​ម៉ឺន​រៀល​។ មកដល់​ឆ្នាំ​ ២០១៩ និង​ ២០២០ ​ស្រាប់តែ​អាជ្ញាធរ​ដំឡើង​តម្លៃ​ដល់​ទៅ​ ៤៥ ​ម៉ឺន​រៀល​។

លោក​ថា​៖ «​ខ្ញុំ​គ្រាន់តែ​ឆ្ងល់​ថា ដី​ប្រឡាយ​របស់​រដ្ឋ ប៉ុន្ដែ​អាជ្ញាធរ​បែរ​ជា​យក​ធ្វើជា​ប្រយោជន៍​ផ្ទាល់ខ្លួន​គាត់​ទៅវិញ​គឺ​លក់​ទឹក​ប្រឡាយ​នោះ​។ ប្រសិន​មាន​ពលរដ្ឋ​ណា​ចង់ បូមទឹក​ដាក់​ស្រែ​ ឬ​ស្រោច​ដំណាំ​ត្រូវ​ចំណាយ​ ៤៥ ​ម៉ឺន​រៀល​។ បើ​គ្មាន លុយ​ឲ្យ​ស្រូវ​ទៅ​អាជ្ញាធរ​ ១៨០ ​គីឡូក្រាម​។ ប្រសិន​គ្មាន​លុយ​ ឬ​គ្មាន ស្រូវ​ឲ្យ​អាជ្ញាធរ​ទេ ពលរដ្ឋ​គ្មាន​សិទ្ធិ​បូមទឹក​នេះ​ប្រើប្រាស់​ទេ​»​។

លោក​ នួន ម៉េង មេឃុំ​ឫស្សីស្រុក​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា មក​ដល់​ពេល​នេះ​លោក​មិន​ទាន់​ឃើញ​ក្រុម​ការងារ​ថ្នាក់ស្រុក​ពាមជរ និង​ថ្នាក់​ខេត្តព្រៃវែង ចុះ​មក​ជួយ​រក​ដំណោះស្រាយ​ជុំវិញ​ទំនាស់​ទឹក​ប្រឡាយ​នេះ​នៅ​ឡើយ​។ លោក​ថា លោក​ក៏បាន​ព្យាយាម​សម្របសម្រួល​ជាច្រើន​លើក​ដែរ​ ប៉ុន្តែ​មិន​មាន​លទ្ធផល​។

លោក​បញ្ជាក់ថា​៖ «​ព្រោះ​កាលពី ប៉ុន្មាន​ថ្ងៃមុន​នេះ​ខាង​ក្រុមការងារ​បាន​សន្យាថា​ចុះមក​ជួយ​ដោះស្រាយ តែ​ឥឡូវនេះ​ខ្ញុំ​អត់​ទាន់​ឃើញ​ទេ​។ ប្រហែល​ស្អែក ឬ​ខានស្អែក​ទើប​ពួកគាត់​ចុះមក ឬ​យ៉ាងណា​ទេ ព្រោះ​ពួកគាត់​មិន​បាន​ប្រាប់​ខ្ញុំ​ផង​»​។

ប៉ុន្តែ​លោក​ ហង្ស ឆាំឆាន បាន​បដិសេធ​ការចោទប្រកាន់​នេះ​ដោយ​លោក​ថា នេះ គឺជា​ការ​មួលបង្កាច់​ខុសពី​ការពិត និង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ហើយ​ថា លោក​មិន​ពាក់ព័ន្ធ​នឹង​ការទាមទារ​តម្លៃ​ទិញ​ទឹក​ប្រឡាយ​បូម​ដាក់​ស្រែ​នោះទេ​។

លោក​បញ្ជាក់​ថា លោក​គ្រាន់តែ​ជា​អ្នកសម្របសម្រួល និង​ប្រឹក្សា​យោបល់​ជាមួយ​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​ប៉ុណ្ណោះ​។ លោក​បាន​បន្ថែមថា បញ្ហា​ដែល​អូសបន្លាយ​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ គឺ​ដោយសារ​មាន​ឧកញ៉ា​ម្នាក់​នៅ​ពី​ក្រោយខ្នង​ចាំ​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ប្ដឹង​លោក និង​តវ៉ា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​។

លោក ហង្ស ឆាំឆាន បញ្ជាក់​ថា៖ «ខ្ញុំ​ត្រូវ​បាន​បក្ស​ចាត់​តាំង​ឱ្យ​ចុះ​មូលដ្ឋាន​នៅ​ឃុំ​ឬស្សីស្រុក តាំង​ពី​ឆ្នាំ ២០០៦ មក​ម្លេះ ដើម្បី​ជួយ​ប្រជាជន​យក​សំឡេង​ឆ្នោត មិនមែន​ចុះ​ទៅ​រក​ស៊ី​នោះ​ទេ ហើយ​ក៍​គ្មាន​ភារកិច្ច​តាម​មើល​ក្រុម បែន នួន ដែរ ហើយ​ខ្ញុំ​រឹត​តែ​គ្មាន​ភារកិច្ច​ចុះ​ទៅ​ធ្វើ​ប្រឡាយ​ជាមួយ​អ្នក​គ្រប់គ្រង​ប្រឡាយ​ដែរ។ តែ​ក្រុម​ការងារ​មាន​ភារកិច្ច​ធ្វើ​អ្វីៗ​តាម​សំណើរ​ប្រជាជន រហូត​ឃុំនេះ ឈ្នះ​សន្លឹក​ឆ្នោត​បាន ៨០ ភាគរយ ហើយ​ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​កាន់​កាប់​ប្រឡាយ​ទេ ព្រោះ​ថា អ្នក​ទាំង​នោះ គឺ​មេភូមិ នឹង​មេឃុំ​ឬស្សីស្រុក ជា​អ្នក​រើស»។

លោក​បន្ថែម​ថា ករណី​នេះ​មាន​តែ​បុគ្គល ៣ នាក់ ដែល​មាន​ឈ្មោះ អ៊ុន ប៉ោន ប៊ូ សាវុទ្ធ និង ពេជ្រ ហូរ គឺ​ជា​អ្នក​ធ្វើ​ការ​បូម​ចាប់​តាំង​ពី​ស្ដារ​ប្រឡាយ​លើក​ដំបូង ហើយ​បាន​រត់​ចោល​ពី​ការងារ​នេះ។ ដោយ​ពួក​គាត់​នេះ​បាន​លុយ​រាប់​សិប​លាន​រៀល នឹង​ខ្លះ​ទៀត​បាន​ជំពាក់​ថ្លៃ​ទឹក​ប្រឡាយ​ទៀត​ផង៕