សៀមរាបៈ ប្រជាពលរដ្ឋ​ ៦១ ​គ្រួសារ​នៅក្នុង​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប បាន​តវ៉ា​ប្រឆាំង​ការដំឡើង​អង់តែន​សេវា​ទូរស័ព្ទ​ក្រុមហ៊ុន​មិត្តហ្វូន​ដោយ​ហេតុផល​ថា នឹងមាន​វិទ្យុសកម្ម​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​របស់​ពួកគាត់​ដែល​​រស់នៅ​ជុំវិញ​នោះ​។

ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា​ទាំង​ ៦០ ​គ្រួសារ​ ដែល​បាន​ធ្វើការ​តវ៉ា​កាលពី​ថ្ងៃទី​ ៥ ​មេសា​ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ពី​ម្សិលមិញ​ថា ការដំឡើង​អង់តែន​ទូរស័ព្ទ​ក្រុមហ៊ុន​មិត្តហ្វូន​នៅក្នុង​ទីប្រជុំជន​នេះ​វា​បាន​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​សម្រាប់​ការរស់នៅ​របស់​ពលរដ្ឋ ព្រោះ​អង់តែន​ទូរស័ព្ទ គឺជា​ទីប្រជុំ​រលក​សំឡេង​ដ៏ធំ​វា​ផ្ទុក​ទៅដោយ​ធាតុ​វិទ្យុសកម្ម ដែល​​បណ្តាល​ឱ្យ​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នករស់នៅ​ក្បែរ​នោះ​ជាពិសេស​ស្ត្រី​ដែលមាន​ផ្ទៃពោះ​។

អ្នក​តវ៉ា​រូបនេះ​បន្តថា កន្លងមក​អាជ្ញាធរ​បាន​ពន្យល់​ណែនាំ​ប្រជាពលរដ្ឋ ជុំវិញ​បញ្ហា​វិទ្យុសកម្ម​ដែល​យក​សំអាង​ពី​ខាង​អង្គការ​សុខភាព​ពិភពលោក ប៉ុន្តែ​លើកយក​តែ​ចំណុច​វិជ្ជមាន​មក​បញ្ជាក់​ប៉ុណ្ណោះ មិន​បាន​លើកយក​ពី​ចំណុច​អវិជ្ជមាន និង​ផលប៉ះពាល់​នៃ​វិទ្យុសកម្ម​ប្រាប់​ពលរដ្ឋ​ឡើយ ហើយ​នៅពេល​ពលរដ្ឋ​តវ៉ា​បែរ​ជា​ដាក់បន្ទុក​ប្រជាពលរដ្ឋ​ថា មិន​គោរព​តាម​ការណែនាំ​ធ្វើឱ្យ​ពលរដ្ឋ​មាន​ការព្រួយបារម្ភ​លើ​បញ្ហា​ផ្លូវច្បាប់​។

«​អាជ្ញាធរ​ធ្វើ​អ៊ីចឹង គឺ​ចង់ឱ្យ​ក្រុមហ៊ុន​បាន​ចំណេញ​លុយ​ច្រើន​។ នៅ​ស្រុក​គេ​គេ​រត់​ខ្សែ អ៊ីចឹង​ហេតុអី​នៅ​ស្រុក​ខ្មែរ​អត់​មាន​រត់​ខ្សែ​ដូច​គេ ហើយ​ដាក់​តែ​អង់តែន​? ធ្វើ​អ៊ីចឹង​មានន័យថា ចង់ឱ្យ​ក្រុមហ៊ុន​ចំណេញ​ច្រើន​ដោយ​គ្មាន​គិតពី​សុខទុក្ខ​រាស្ត្រ អត់​មាន​អ្នកណា​ខ្វល់​ពី​សុខភាព​របស់​ប្រជាជន​ទេ គឺ​ខ្វល់​តែ​រឿង​លុយ​ចូល​ហោប៉ៅ​ខ្លួនឯង​»​។

ប៉ុន្តែ​អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​សៀមរាប​លោក​ លី សំរិទ្ធ ថ្លែង​ថា មុន​ពេលចេញ​ច្បាប់​អនុញ្ញាត​ឱ្យ​ដំឡើង​អង់តែន​ទូរស័ព្ទ​មន្ត្រី​ជំនាញ​បាន​ពិនិត្យ​រួចរាល់​ហើយ គឺ​មិនមាន​វិទ្យុសកម្ម​អ្វី​ទេ​។ ប្រទេស​កម្ពុជា​មាន​ការដំឡើង​អង់តែន​ជាច្រើន​កន្លែង បើ​មាន​វិទ្យុសកម្ម​ដែល​មាន​ផលប៉ះពាល់​មែន​នោះ វា​នឹង​ប៉ះពាល់​ស្ទើរ​គ្រប់កន្លែង​ទៅហើយ​។ បើ​តាម​លោក សំរិទ្ធ បញ្ហា​ដែល​គួរ​បារម្ភ​គឺ​ទីតាំង​ដែល​ត្រូវ​ដំឡើង​ត្រូវមាន​ទំហំ​ដី គម្លាត ជើង​ទម្រ និង​គ្រឹះ​សមស្រប ចំណែក​វិទ្យុសកម្ម​នោះ មិនមែន​ជា​បញ្ហា​គួរ​បារម្ភ​ឡើយ​។

លោក​ថា​៖ «​យើង​នឹង​ចាត់ចែង​ឱ្យ​មន្ត្រី​ទៅ​ពន្យល់​ពួកគាត់ ប៉ុន្តែ​បើ​ករណី​ដែល​ក្រុមហ៊ុន​គេ​ធ្វើបាន​ត្រឹមត្រូវ​ហើយ​ពលរដ្ឋ​នៅ​តែ​រារាំង មិន​ឱ្យគេ​ដំឡើង អាហ្នឹង​គឺ​ប្រឈម​នឹង​ផ្លូវច្បាប់​ហើយ ព្រោះ​មុន​ដំឡើង​អង់តែន​គឺ​គេ​មាន​អាជ្ញាបណ្ណ​ពី​ក្រសួង​ប្រៃសណីយ៍ និង​មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន​» ។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​ក្រុមហ៊ុន​មិត្តហ្វូន​បានទេ​កាលពី​ម្សិលមិញ​។

យ៉ាងណាក្តី​លោក តុល ញ៉ាក់ អគ្គនាយក​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ថ្លែងថា អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់​យ៉ាងច្បាស់​ថា រលក ហ្វ្រេកង់​វិទ្យុ​ ឬ​ទូរស័ព្ទ មិន​បង្ក​ឱ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​របស់​អ្នករស់នៅ​ជុំវិញ​ទេ​។ ការសាយភាយ​រលក​ហ្វ្រេកង់​វិទ្យុ​ពី​ស្ថានីយ​អង់តែន​មិនមែន​ជា​ការសាយភាយ​រលក​វិទ្យុសកម្ម​ឡើយ​។

លោក​ថា​៖ «​គ្រប់​ប្រទេស​លើ​ពិភពលោក​ក៏បាន​សាងសង់ និង​ប្រើប្រាស់​ស្ថានីយ​អង់តែន​ដើម្បី​ផ្តល់​សេវា​ទូរគមនាគមន៍ ដូច​កម្ពុជា​ដែរ​។ ប្រសិនបើ​មិនមាន​ស្ថានីយ​អង់តែន​ក៏​មិន​អាចមាន​សេវា​ទូរស័ព្ទ​ចល័ត​ដែរ ហើយ​ប្រសិនបើ​មាន​ផលប៉ះពាល់​ដល់​សុខភាព ប្រទេស​ទាំងអស់​ក៏​នឹង​គ្មាន​ស្ថានីយ​អង់តែន​ដែរ​»៕