ភ្នំពេញៈ ក្រសួងការងារបានកំណត់ថានឹងបើកប្រាក់ឈ្នួលជូនកម្មករ និងនិយោជិត ២ ដងក្នុង ១ ខែចាប់ពីខែមករា ២០១៩ តទៅ ខណៈប្រាក់បំណាច់អតីតភាពត្រូវផ្ដល់ឱ្យ ១៥ ថ្ងៃក្នុង ១ ឆ្នាំដោយបើក ៦ ខែម្ដងសម្រាប់ម្ចាស់សហគ្រាសគ្រឹះស្ថានដែលស្ថិតនៅក្រោមក្រសួងការងារ។ នេះបើតាមសេចក្តីប្រកាស ២ ច្បាប់របស់ក្រសួងការងារកាលពីថ្ងៃទី ២១ ខែកញ្ញា។
តាមសេចក្តីប្រកាសដែលចុះហត្ថលេខាដោយលោក អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថាការបើកប្រាក់ឈ្នួលត្រូវធ្វើលើកទី ១ នៅក្នុងសប្តាហ៍ទី ២ និងលើកទី ២ នៅសប្តាហ៍ទី ៤ នៃខែនីមួយៗ។
ចំពោះការងារបើកប្រាក់លើកទី ១ គឺប្រាក់ឈ្នួល ៥០ ភាគរយនៃប្រាក់ឈ្នួលសុទ្ធសាធក្នុង ១ ខែការបើកលើកទី ២ គឺចំនួនប្រាក់ឈ្នួលសុទ្ធសាធដែលនៅសល់ប្រាក់ឈ្នួលបន្ទាប់បន្សំ និងអត្ថប្រយោជន៍ដែលកម្មករទទួលបានខែមួយៗ។
ដោយឡែកចំពោះប្រាក់បំណាច់អតីតភាពការងារត្រូវបើក ២ ដងក្នុង ១ ឆ្នាំចាប់ពីឆ្នាំ ២០១៩ តទៅដោយផ្អែកតាមមាត្រា ៨៩ នៃច្បាប់ស្តីពីការងារតែត្រូវអនុវត្តទៅលើតែកម្មករនិយោជិតមានកិច្ចសន្យាការងារមានថិរវេលាមិនកំណត់ប៉ុណ្ណោះ។ នេះបើតាមប្រកាសលេខ ៤៤៣ ក.ប/ប្រ.ក.ខ.ល។
តាមសេចក្ដីប្រកាសនេះសរសេរថា កម្មករនិយោជិតដែលមានកិច្ចសន្យាការងារមានកំណត់ថិរវេលា និយោជកត្រូវផ្តល់ឱ្យនូវប្រាក់បំណាច់កិច្ចសន្យានោះដែលសមាមាត្រនឹងប្រាក់ឈ្នួលផង សមាមាត្រនឹងថិរវេលានៃកិច្ចសន្យាផង ហើយដែលចំនួនប្រាក់បំណាច់នេះមានកំណត់ក្នុងអនុសញ្ញារួម។ បើគ្មានកំណត់ក្នុងអនុសញ្ញារួមទេប្រាក់បំណាច់នេះយ៉ាងតិចត្រូវស្មើ ៥ ភាគរយនៃប្រាក់ឈ្នួលដែលកម្មករនិយោជិតបានបើកនៅក្នុងរយៈពេលនៃកិច្ចសន្យា។
ចំពោះប្រាក់អតីតភាព និយោជកត្រូវផ្តល់ឱ្យកម្មករនិយោជិតដែលកំពុងបម្រើការងារនូវប្រាក់បំណាច់អតីតភាពការងារដែលស្មើនឹងប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំចំនួន ១៥ ថ្ងៃក្នុង ១ ឆ្នាំ។ ប្រាក់បំណាច់នេះត្រូវបើកជូនកម្មករនិយោជិតចំនួន ៧ ថ្ងៃកន្លះនៅក្នុងខែមិថុនា និងចំនួន ៧ ថ្ងៃកន្លះនៅក្នុងខែធ្នូនៃឆ្នាំនីមួយៗ។
រីឯកម្មករនិយោជិតដែលចូលធ្វើការនៅក្នុងឆ្នាំដំបូង ហើយដែលបានបំពេញការងារជាប់ជានិច្ចចាប់ពី ១ ខែទៅដល់ ៦ ខែសេចក្ដីប្រកាសបានតម្រូវនិយោជកត្រូវផ្តល់ឱ្យនូវប្រាក់បំណាច់អតីតភាពការងារចំនួន ៧ ថ្ងៃកន្លះ។
ដោយឡែកចំពោះការបើករំឭកប្រាក់បំណាច់អតីតភាពការងារមុនឆ្នាំ ២០១៩ របស់កម្មករនិយោជិតដែលបាននិងកំពុងបម្រើការងារនៅតាមសហគ្រាសគ្រឹះស្ថានត្រូវអនុវត្តតាមបែបដូចជា៖ ចំពោះសហគ្រាសគ្រឹះស្ថានផ្នែកវាយនភណ្ឌកាត់ដែរ និងផលិតស្បែកជើង និយោជកត្រូវបើករំឭកចំនួន ៣០ ថ្ងៃនៃប្រាក់បំណាច់អតីតភាពការងារសរុបរៀងរាល់ ១ ឆ្នាំម្តងចំនួន ១៥ ថ្ងៃនៅក្នុងខែមិថុនា និងចំនួន ១៥ ថ្ងៃនៅក្នុងខែធ្នូនៃឆ្នាំនីមួយៗ។
រីឯសហគ្រាសគ្រឹះស្ថានផ្នែកផ្សេងក្រៅពីផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងនិយោជកត្រូវបើករំឭកចំនួន ១៥ ថ្ងៃនៃប្រាក់បំណាច់អតីតភាពការងារសរុបរៀងរាល់ឆ្នាំម្តងដោយប្រាក់បំណាច់នេះត្រូវបើកជូនកម្មករនិយោជិតចំនួនប្រាំពីរថ្ងៃកន្លះនៅក្នុងខែមិថុនា និងចំនួនប្រាំពីរថ្ងៃកន្លះនៅក្នុងខែធ្នូនៃឆ្នាំនីមួយៗ។ ប្រាក់បំណាច់អតីតភាពការងារអតិបរមាដែលត្រូវបើករំឭកមិនអាចលើសពី ៦ ខែនៃប្រាក់ឈ្នួលសុទ្ធសាធគិតជាមធ្យមតាមឆ្នាំនីមួយៗដែលត្រូវរំឭកនោះ។
សេចក្ដីប្រកាសដែលសរសេរដែរថាចំពោះការងារដំបូងដែលជាមូលដ្ឋានត្រូវរំឭកអតីតភាពការងារកម្មករនិយោជិតដែលបានបំពេញការងារជាប់ជានិច្ចចាប់ពី ១ ខែទៅដល់ ៦ ខែ និងនិយោជកត្រូវបើករំឭកឱ្យកម្មករនិយោជិតនោះនូវប្រាក់បំណាច់អតីតភាពការងារប្រាំពីរថ្ងៃកន្លះ។ បើថិរវេលាធ្វើការលើសពី ៦ ខែត្រូវគិតស្មើនឹង ១ ឆ្នាំពេញ ហើយនិយោជកត្រូវបើករំឭកឱ្យកម្មករនិយោជិតនូវប្រាក់បំណាច់អតីតភាពការងារចំនួន ១៥ ថ្ងៃ។
កម្មករនិយោជិតដែលមានអតីតភាពការងារមុនឆ្នាំ ២០១៩ ចាប់ពី ១ ខែឡើងនឹងទទួលបាននូវប្រាក់បំណាច់អតីតភាពការងារ ២ ប្រភេទផ្សេងគ្នាគឺប្រាក់រំឭកអតីតភាពការងារមុនឆ្នាំ ២០១៩ និងប្រាក់បំណាច់អតីតភាពការងារក្នុងឆ្នាំនីមួយៗ។ ចំពោះអ្នកលាឈប់ការងារនឹងមិនត្រូវទទួលបានប្រាក់រំឭកអតីតភាពការងារនៅសល់ទេ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារមិនអាចទាក់ទងដើម្បីសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជាបានថ្លែងថា ការបើប្រាក់ឈ្នួល ១ ខែ ២ ដងជាការល្អសម្រាប់កម្មករ ក៏ប៉ុន្តែនេះគឺជាអ្វីដែលមានចែងក្នុងច្បាប់ការងារ។
លោកស្រីថា៖ «វាមានចំណុចវិជ្ជមាននៅពេលដែលកម្មករមិនចាំបាច់ខ្ចីលុយអ្នកដទៃព្រោះកន្លងមកគាត់ខ្ចីលុយអ្នកដទៃដល់បើកប្រាក់ខែសងគេ.. »។
យ៉ាងណាក្ដីចំពោះការទូទាត់ប្រាក់អតីតភាពលោកស្រី សុភ័ណ្ឌ ថាប្រហែលជាចង់បានការគាំទ្រពីកម្មករច្រើនជាង។
លោកស្រីថា៖ «អ្វីដែលជាការពិត..គួរតែពិនិត្យមើលក្រុមហ៊ុនដែលប្រើកិច្ចសន្យារយៈពេលខ្លីដោយសារការប្រើប្រាស់កិច្ចសន្យាខ្លីវារួមចំណែករំលោភសិទ្ធិបងប្អូនកម្មករច្រើន...» ៕