សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​ ២០២០ មាន​អ្នក​បន្តវេន​​ថែរក្សា​អង្គរ​ជាង​ ៧០០ ​នាក់​ ត្រូវ​បាន​បណ្ដុះបណ្ដាល ដើម្បី​ផ្ទេរ​ចំណេះដឹង​ពី​អ្នកចេះ​ច្រើន​ដល់​អ្នកចេះ​តិច​ក្នុង​ការបន្ត​និរន្តរភាព​នៃ​កិច្ចការ​អភិរក្ស ការអភិវឌ្ឍ ទំនៀមទម្លាប់ ប្រពៃណី និង​របកគំហើញ​ថ្មីៗ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។

ការប្រកាស​យ៉ាង​ដូច្នេះ​បាន​ធ្វើ​ឡើង​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​អាជ្ញាធរ​ជាតិអប្សរា​កាលពី​ថ្ងៃទី​ ៣ មីនា ស្រប​ពេលដែល​កម្ពុជា​កំពុង​អបអរសាទរ​ទិវា​វប្បធម៌ជាតិ ៣ មីនា លើក​ទី​២៣ ក្រោម​ប្រធានបទ​ «​យុវជន​ដើម្បី​វប្បធម៌​ជាតិ​»​។

ទំព័រ​ហ្វេសប៊ុក​ដដែល​បាន​ឲ្យ​ដឹងថា អង្គរ​ជា​ដួងព្រលឹង​ និង​អត្តសញ្ញាណ​ជាតិ​ និង​បាន​ក្លាយជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​កាលពី​ឆ្នាំ​ ១៩៩២ ដែល​តាំងពី​ពេល​នោះមក​រហូត​មក​ទល់​បច្ចុប្បន្ន ក្រៅតែពី​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​តំបន់​អង្គរ ការបណ្តុះបណ្តាល​អ្នក​បន្ត​វេន​ថែរក្សា​អង្គរ​ត្រូវ​បាន​ចាត់ទុកជា​កិច្ចការ​អាទិភាព​យ៉ាងសំខាន់​។

អាជ្ញាធរ​នេះ​បាន​បញ្ជាក់ថា​៖ «​ជាក់ស្តែង​ក្នុង​ឆ្នាំ​ ២០២០ មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​អង្គរ​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ចំនួន​ ១៨ ​វគ្គ​ក្នុង​ន័យ​ចែករំលែក​បទពិសោធ ក៏ដូចជា ផ្ទេរ​ចំណេះដឹង​ពី​អ្នកចេះ​ច្រើន ដល់​អ្នកចេះ​តិច ដើម្បី​និរន្តរភាព​អ្នក​បន្ដវេន​»​។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​បន្តទៀត​ថា​៖ «​វគ្គ​បណ្ដុះបណ្ដាល​ទាំងនោះ រួមមាន​ប្រធានបទ​ទាក់ទង​នឹង​វិស័យ​បេតិកភណ្ឌ ការអភិរក្ស ប្រវត្តិសាស្ដ្រ ទំនៀមទម្លាប់ សាសនា ក៏ដូចជា ការរកឃើញ​របកគំហើញ​ថ្មីៗ​ដែល​មាន​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និង​សាធារណជន​ជា​សិក្ខាកាម​សរុប​ប្រមាណ​ ៧១៥ ​នាក់​»​។

លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ៣ មីនា​ថា ក្នុងនាម​អាជ្ញាធរជាតិ​អប្សរា ការបណ្តុះបណ្តាល​អ្នកបន្តវេន​គឺជា​ភារកិច្ច​ចម្បង​មួយ​របស់ខ្លួន​ទៅ​ថ្ងៃ​អនាគត ព្រោះតែ​កន្លងមក កម្ពុជា​តែងតែ​ពឹងផ្អែក​ទៅលើ​បរទេស ដោយសារ​តែ​ការខ្វះខាត​អ្នកមាន​ចំណេះដឹង​ក្នុង​វិស័យនេះ​ជា​ពលរដ្ឋ​ខ្មែរ​។

ប៉ុន្តែ​លោក​ថា បច្ចុប្បន្ន​ក្នុង​កិច្ចការងារ​ទាក់ទង​នឹង​កិច្ចការ​អភិរក្ស ការអភិវឌ្ឍ ទំនៀមទម្លាប់ ប្រពៃណី សាសនា របកគំហើញ​ថ្មីៗ ដែល​ស្ថិតក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ គឺ​កម្ពុជា​អាច​ធ្វើ​ខ្លួនឯង ដោយ​មិន​ពឹង​លើ​បរទេស​ទៀត​ទេ​។

លោក ឡុង កុសល សង្ឃឹមថា​៖ «​តាម​ការអប់រំ​ដែល​យុវជន​ជំនាន់​ក្រោយ​ទទួលបាន​គឺ​ធ្វើឲ្យ​កិច្ចការងារ​អភិរក្ស និង​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​រមណីយដ្ឋាន​អង្គរ​មាន​អ្នក​បន្តវេន​ទៅ​ថ្ងៃ​អនាគត​។ ​ជាពិសេស​នោះ​គឺ​លើកទឹកចិត្ត​ដល់​យុវជន និស្សិត​ដែល​រៀន​ខាង​ផ្នែក​បុរាណវិទ្យា នរវិទ្យា ផ្នែក​ស្រាវជ្រាវ​ប្រវត្ថិសាស្ត្រ​អាច​ស្វែងយល់​បន្ថែម និង​កាន់តែ​មាន​មោទនភាព​ទៅលើ​កិច្ចការងារ​របស់គាត់​។ ​ពួកគាត់​នឹង​គិតថា នេះ​គឺជា​ការចូលរួម​ចំណែក​ក្នុង​ការធ្វើ​យ៉ាងណា បង្ហាញ​នូវ​វប្បធម៌​ខ្មែរ ដែល​មាន​ភាពរុងរឿង​នៅពេល​អតីត​នោះ​រហូត​ដល់​ពេលបច្ចុប្បន្ន​»​។

សូមជម្រាប​ថា តាម​ការអះអាង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​រយៈពេល​ពេញ​ ១ ​ឆ្នាំ​នៅ​ឆ្នាំ​ ២០២០ ​ដែរ​នោះ មជ្ឈមណ្ឌល​នេះ​បាន​រៀបចំ​បាឋកថា​ដែលមាន​វាគ្មិន​ជាច្រើន​រូប​ចូលរួម​ និង​បាន​ចែករំលែក​ចំណេះដឹង បទពិសោធ​ដល់​មន្ត្រី បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា មគ្គុទ្ទេសក៍ សាធារណជន និង​អ្នកស្រាវជ្រាវ​ដែល​កំពុង​បំពេញ​ភារកិច្ច​ក្នុង​តំបន់​អង្គរ​បាន​ចំនួន ៤ ​បាឋកថា សរុប​មាន​សិក្ខាកាម​ចំនួន ២០០ ​នាក់​ផងដែរ​៕