ភ្នំពេញៈ លោកនាយក​រដ្ឋ​ម​ន្ត្រី ហ៊ុន សែន​ បាន​ថ្លែងថា ស្ថាន​ភា​ព​ជំងឺ​គ្រេច​ស្មា​របស់លោក ត្រូវ​បាន​គ្រូពេទ្យសិង្ហ​បុរី «ដោះ​ស្រាយ​ដោយ​ជោគ​ជ័យ»​ ហើ​យ​​លោក​បាន​ឆ្លៀត​ផ្ញើសារ​ចំអក ​ទៅ​កា​ន់​​អ្នក​ប្រមាថ​អាយុជីវិត​របស់​លោ​ក​ថា​ លោកមិន​ងាយ​ស្លាប់​ទេ ព្រោះយមរាជ​មិន​ត្រូវ​ការ​ជីវិត​របស់​លោក​ឡើយ​គឺ​ទុក​ឲ្យ​លោក​នៅ​បម្រើ​ប្រជាជន។

ការ​សរសេរ​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​​របស់លោក​នាយក​​រដ្ឋមន្ត្រី ​កាល​ពី​ម្សិល​មិញ គឺ​ធ្វើ​ឡើង​ខណៈពេលដែល​​លោ​ក​​ កំពុ​ង​សម្រាកព្យាបាល​ជំងឺ​​នៅ​ប្រទេស​សិង្ហ​បុរី​​​បន្ទាប់​ពី​​​លោក​បាន​ប្រកាស​​លុបចោលគម្រោ​ង​​ការងារ​មួយចំនួន​ នៅ​សប្តាហ៍​នេះ​។

លោក​ហ៊ុន សែន បាន​សរសេរ​​បង្ហោះ​​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​ថា៖ «បន្ទាប់ពី​ការព្យាបាល​ដោយ​យកចិត្ត​ដា​ក់ ​ពី​សំណាក់​គ្រូពេទ្យ​ក្នុង​ចន្លោះ​ម៉ោង ២ ទៅ​ម៉ោង ៣ ទៀបភ្លឺ​ ម៉ោង​សិង្ហបុរី គ្រូពេទ្យ​បាន​ដោះ​​ស្រាយ​ដោយ​ជោគជ័យ​នូវ​កន្លែ​ង​គ្រេច​ស្មា​ស្តាំ។ អ្វីដែល​បាត់បង់​ គឺ​គ្រូពេទ្យ​ តម្រូវឱ្យ​ខ្ញុំ​ផ្អាក​វាយ​កូនគោល​មួយរយ: ដែល​ខ្ញុំ​គោរព​តាម​បាន​យ៉ាង​ស្រួល»។

លោក​បាន​បន្តថា ទន្ទឹមនឹង​ប្រជាជន​ច្រើន​លើសលប់​បន់​ស្រ​​ន់​ឱ្យ​រូបលោក​ឆាប់​ជាសះ​ស្បើយ ក៏មាន​ជន​មួយក្តាប់​តូច​ លួច​ចូលមក​បង្ហោះ​តាម​ Facebook បន់​ឲ្យ​លោកឆាប់​ស្លាប់ ឬ​​បង្កើត​ព័ត៌មាន​ក្លែងក្លា​យ​អំពី​ស្ថានភាព​ជំងឺ​របស់​លោក​ទៅវិញ។

លោក​បញ្ជាក់ថា៖ «ខ្ញុំ​សូ​ម​​ជូន​យោបល់​ទៅ​អ្នក​ទាំងនោះ​វិញ​ថា (ឈប់​បាន​ឈប់​ទៅ) ព្រោះ​ការធ្វើ​នយោបាយ ​រង់ចាំ​ឱ្យ​ខ្ញុំ​ស្លាប់ ដើម្បី​ដណ្តើម​អំណា​ច សូម​រង់​ចាំជាតិ​ក្រោយ​ទៅ​ចុះ ព្រោះ​​យមរាជ​មិនត្រូវ​ការ​ជីវិត​ខ្ញុំ​ទេក្នុង​រយ:​ពេល​មិនតិចជាង ៤០ ឆ្នាំ​ពេលខាងមុខ ព្រោះ​យមរាជ​ត្រូវ​ការឱ្យ​ខ្ញុំ​នៅ​បន្ត​បម្រើ​ប្រជា​ជន និង​កម្ចាត់​ពួកក្បត់​ជាតិ​ ដើម្បី​រក្សា​សន្តិភាព​និង​ការ​អភិវឌ្ឍ​បន្ត​ទៅ​ទៀត»។

កាល​ពីថ្ងៃ​ទី ៦ ខែ​កក្ក​ដា លោ​ក ហ៊ុន សែន បាន​បង្ហោះ​​លើ​ហ្វេ​សប៊ុ​ក​របស់លោក​ថា​ លោ​ក​​សុំ​លុបចោល​រាល់​ជំនួប នៅ​សប្តា​ហ៍​​នេះ​ ដោយ​​សារ​តែ​លោ​កត្រូវ​​ទៅពិនិត្យ​សុខភាព នៅ​សិង្ហ​បុរី​ពាក់ព័ន្ធ​បញ្ហា​គ្រេច​ស្មា​ខាង ស្តាំ។

លោកហ៊ុន សែន​​ថា​៖ «ដោ​យ​​សារ​មាន​បញ្ហា​គ្រេច​ស្មា​ខាង​ស្តាំ និង​ដោយ​គ្រូពេទ្យ​តម្រូវឱ្យ​ខ្ញុំ ទៅឱ្យ​គ្រូពេទ្យ​សិង្ហបុ​រី​ពិនិត្យ និង​ព្យាបាល។ ខ្ញុំ​សូម​អធ្យា​ស្រ័យ​ ពី​សំណាក់​មិត្តភក្តិ​ទាំង​បរទេ​ស​ទាំង​ខ្មែរដែលត្រូវ​ជួប​ខ្ញុំ​នៅ​សប្តា​ហ៍​ក្រោយ​នេះ ដែល​ខ្ញុំ​ត្រូវ​លុប​ចោល​នូវ​ជំនួប​នោះ»។

លោក ផៃ ស៊ីផា​ន អ្នកនាំ​ពា​ក្យ​រាជរដ្ឋាភិបាល​ បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​​ម្សិល​មិញ​ថា​ ទាក់ទង​នឹង​បញ្ហា សុខភាព​របស់លោកនាយករដ្ឋមន្ត្រី​ គឺជា​រឿង​ឯកជន​ផ្ទាល់​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហើ​យ​លោក​បានបង្វែរ​សំណួរ​ទៅ​កាន់​​ខុទ្ទកាល័យ លោក ​ហ៊ុន សែន។

លោក ​ថ្លែង​​ថា៖ «ខ្ញុំ​អត់​ដឹង រឿង​នេះ​ពាក់ព័ន្ធ​ជាមួយ​សម្តេច​ និង​លោកវេជ្ជ​បណ្ឌិត​របស់លោក ទេ ហើយ ព័ត៌មាន​នេះ ​គឺជា​ព័ត៌​​មាន​ឯកជន»។

លោក ទិ​ត សុធា អ្នកនាំពាក្យ​ទីស្តីការគណរដ្ឋមន្ត្រី​បាន​បដិសេធ​​ធ្វើ​អត្ថាធិប្បាយ​ពី​​បញ្ហា​នេះ។

ការ​ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​សិង្ហ​បុរី​របស់លោក​នាយក​រដ្ឋ​មន្ត្រី​ធ្វើឡើង​បន្ទាប់​ពី​លោក​​បានដឹកនាំ​គណៈ​ប្រតិ​ភូ​ជាន់ខ្ពស់​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​ទី​ ៦ ខែកក្កដា ឆ្នាំ ២០​១៩​ បន្ទាប់​ពី​បាន​បញ្ចប់​ទស្ស​ន​​កិច្ច និង​ការ​​​ចូលរួម​កិច្ចប្រជុំ​ផ្សេងៗនៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស៕