កំពង់ចាមៈ ផ្ទះជិត ៥០០ ខ្នង និងឪពុកកូន ២ នាក់ត្រូវបានបំផ្លាញ និងរងរបួសនៅក្នុងឧប្បត្តិហេតុខ្យល់ព្យុះមួយនៅក្នុងស្រុកបាធាយកាលពីថ្ងៃសៅរ៍ ហើយកាលពីថ្ងៃអាទិត្យម្សិលមិញ កម្លាំងអាជ្ញាធរប្រមាណជា ២០០ នាក់បានចុះជួយជនរងគ្រោះ។
លោក ដួង ញ៉ា អធិការរងនគរបាលស្រុកបាធាយបានឲ្យដឹងថា ខ្យល់កន្ទ្រាក់ និងភ្លៀងខ្លាំងនោះបានបណ្តាលឲ្យផ្ទះពលរដ្ឋសរុបចំនួន ៤៩៦ ខ្នងទទួលរងខូចខាតនៅក្នុងឃុំសណ្តែក និងឃុំត្រប់។ ក្នុងនោះផ្ទះចំនួន ២០ ខ្នងបានដួលរលំដល់ដី ហើយក្រៅពីនោះខូចខាតដោយអន្លើៗ ដូចជាប៉ើងដំបូល និងជញ្ជាំងជាដើម។
លោកបានបន្តថាក្រៅពីនោះមនុស្សចំនួន ២ នាក់ជាឪពុក និងកូនបានរងរបួសនៅក្នុងឧប្បត្តិហេតុនោះ តែមិនបណ្តាលឲ្យស្លាប់នោះទេ។
លោកបញ្ជាក់ថា៖ «២០ ខ្នងធ្ងន់ធ្ងរជាងគេគឺរលំដល់ដី។ មនុស្ស ២ នាក់របួសក្បាលធ្ងន់ដែរ។ គ្មានការស្លាប់សត្វ ឬមនុស្សទេ»។
លោកបានឲ្យដឹងថាក្រោយពីមានហេតុការណ៍នោះឡើង កម្លាំងអាជ្ញាធរប្រមាណជា ២០០ នាក់បាននិងកំពុងតែចុះទៅអន្តរាគមន៍ជួយជនរងគ្រោះដូចជាជួយរុះរើផ្ទះដែលបាក់បែក និងចែកអំណោយជាជំហានដំបូងសិន។
លោកបន្តថាពលរដ្ឋដែលរលំផ្ទះកំពុងតែសុំជ្រកផ្ទះអ្នកជិតខាង ឬផ្ទះសាច់ញាតិជាដើម។
លោក សំ ណាល់ អធិការស្រុកបាធាយកំពុងតែជួយអន្តរាគមន៍ដល់ពលរដ្ឋនៅកន្លែងកើតហេតុ ហើយមិនទាន់អាចធ្វើអត្ថាធិប្បាយលម្អិតពីការខូចខាតនោះទេ។
លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថាសម្រាប់ ៥ ខែដើមឆ្នាំ ២០១៨ នេះឧប្បត្តិហេតុខ្យល់កន្ទ្រាក់នៅទូទាំងប្រទេសបានកើតមានឡើងចំនួន ១០៧ លើកដែលរួមទាំងខេត្តកំពង់ចាមនេះផងដែរ។ ក្នុងនោះបានបណ្តាលឲ្យរលំខូចខាតធ្ងន់ធ្ងរដល់ផ្ទះចំនួន ៤៧១ ខ្នង ប៉ើងដំបូល និងខូចខាតមធ្យមចំនួន ១៨០៧ ខ្នងដំបូលសាលារៀន ១៧ និងអគារផ្សេងចំនួន ៩។ លើសពីនោះមនុស្សចំនួន ៣ នាក់ស្លាប់ និងរបួស ២៩ នាក់។ ដោយឡែកចំពោះឧប្បត្តិហេតុរន្ទះបាញ់វិញបានសម្លាប់មនុស្សចំនួន ៦៥ នាក់របួស ៤៦ នាក់ និងងាប់គោ ក្របី ៦៩ ក្បាល និងខូចខាតផ្ទះ ១១ ខ្នងផងដែរ។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីសប្តាហ៍មុនថា ឆ្នាំ ២០១៨ នេះរដ្ឋាភិបាលបានត្រៀមបម្រុងជាស្រេចនូវអង្ករចំនួន ១០ ០០០ តោន ស្រូវពូជ ២០០០ តោន និងគ្រាប់បន្លែចម្រុះប្រភេទ ៥ តោន ដើម្បីផ្គត់ផ្គង់ដល់គ្រួសាររងគ្រោះដោយគ្រោះធម្មជាតិខាងលើនេះ៕